ក្នុង​ការ​បង្ហាញ​មុខ​ជា​ថ្មី​​ម្ដង​ទៀត​​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​​ស្ថានីយ៍​បាយ័ន​តារាចម្រៀង​លំដាប់​ប្រទេស​ហ៊ឹម ស៊ីវន បាន​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​ព័ត៌មាន​ដែល​ថា​អ្នកស្រី​មាន​ទំនាស់​និង​តារា​ចម្រៀង ​ម៉េង កែវពេជ្ជតា ។

អ្នក​ស្រី​រំលឹក​ប្រាប់​”សប្បាយ”​ថា មុន​នេះ​មាន​ព័ត៌មាន​មួយ​បាន​ចុះ​ផ្សាយ​ថា អ្នក​ស្រី​ និង​តារា​ចម្រៀង​ម៉េង កែវ​ពេជ្ជតា មាន​ទំនាស់​អាក់​អន់​ចិត្ត​គ្នា ដែល​នោះ​គឺ​មិន​មែន​ជា​រឿង​ពិត​ទាល់​តែ​សោះ។
«មិន​ដឹង​ថា​គេ​បាន​​រឿង​​​មក​ពីណា​ទេ​ស្រាប់​តែ​មាន​ព័ត៌មាន​មួយ​និយាយ​ថា ខ្ញុំ​និង​ពេជ្ជតា មិន​ត្រូវ​គ្នា ព្រោះ​តែ​រឿង​ប្រជែង​បទ​គ្នា​ច្រៀង ដោយ​ចោទ​ទាំង​ថា​ខ្ញុំ​​មិន​សូវ​ចូល​ចិត្ត​នឹង​ជីវិត​ឯកជន​របស់​គាត់​ទៀត​ផង​»។

ជា​មួយ​នឹង​ការ​អះ​អាង​នេះ​អ្នក​ស្រី​ប្រាប់​ថា អ្នក​ស្រី​និង​តារា​ចម្រៀង​ពេជ្ជតា ពិត​ជា​មិន​សូវ​និយាយ​គ្នា​លេង​ប្រាកដ​មែន​ព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​មាន​ការ​ងារ​ផ្ទាល់​ខ្លួន​ តែ​អ្នក​ស្រី​បន្ត​ថា «ខ្ញុំ​និង​ពេជ្ជតា មិន​ដែល​មាន​រឿង​ល្អក់​កករ​ទេ ប៉ុន្តែ​ពួក​យើង​ពិត​ជា​មិន​សូវ​បាន​​និយាយ​គ្នា​លេង​មែន បើ​ទោះ​ជា​ច្រៀង​ក្នុង​កម្មវិធី​ជាមួយ​គ្នា​ដ៏​ដោយ »។

រាជនី​សំឡេង​មាស​ពិបាក​រក​​​អ្នក​ស្នង​ក្នុង​យុគសម័យ​ថ្មី​រូប​នេះ​ពន្យល់​ថា ក្នុង​កម្មវិធី​ថត​ច្រៀង ឬ​ឡើង​ឆាក​ម្ដងៗ អ្នក​ស្រី​ និង​ពេជ្ជតា បាន​ត្រឹម​តែ​ញញឹម និង​សួរ​នាំ​គ្នា​ពីរ​បី​ម៉ាត់​ប៉ុណ្ណោះ ព្រោះ​រវល់​ទន្ទេញ​ប៉ារូល និង​ត្រូវ​រៀប​ចំ​សំលៀក​បំពាក់​មុន​ការ​បង្ហាញ​មុខ​លើ​ឆាក ឬ​ចូល​បន្ទប់​ថត​សំឡេង​។ អ្នក​ស្រី​ថ្លែង​ថា «ទម្លាប់​បែប​នេះ មិន​មែន​តែ​ជា​មួយ​ពេជ្ជតា​ទេ គឺ​គ្រប់​តារា​សុទ្ធ​តែ​បែប​ហ្នឹង គឺ​ទាល់​តែ​ទំនេរ​ពី​ការ​ច្រៀង​ឯណោះ​ទើប​និយាយ​លេង​ជា​មួយ​គ្នា។

ជា​មួយ​នឹង​ការ​ចុះ​ផ្សាយ​មិន​ពិត​នោះ ធ្វើ​អោយ​អ្នក​ស្រី​មិន​សូវ​សប្បាយ​ចិត្ត​ទេ ហើយ​ក៏​ចង់​ខ្លាច​នឹង​ការ​​និយាយ​ស្ដី​ជា​មួយ​នឹង​អ្នក​សារ​ព័ត៌មាន​ដែរ​ ដោយ​សារ​តែ​រង​​ការ​បំផ្លើស​បែប​ហ្នឹង។ អ្នក​ស្រី​បញ្ជាក់​ថា ក្នុង​នាម​ជា​តារា​ អ្នក​ស្រី​មិន​ខ្លាច​ទទួល​ស្គាល់​ការ​ពិត​ទេ ប៉ុន្តែ​បើ​ចំពោះ​​រឿង​មិន​ពិត​វិញ ​​គឺ​មិន​អាច​ទទួល​យក​ឡើយ ទោះ​ជា​រឿង​តូច​តាច​​ក៏​ដោយ។
អ្នក​ស្រី​ហ៊ឹម ស៊ីវន បញ្ចប់​​ថា អ្នកស្រី​ និងតារាចម្រៀង ម៉េងកែវ​ពេជ្ជតា​ រាប់​អាន​គ្នា​យូរ​មក​ហើយ​មិន​ដែល​មាន​គំនិត​ច្រណែន​គ្នា​ រឿង​ផលិតកម្ម ឬ​ម្ចាស់​កម្មវិធី​ចែក​បទ​ចម្រៀង​មិន​ស្មើ​នោះ​ទេ ។​ «ឈ្លោះ​គ្នា​យ៉ាង​ម៉េច បើ​កាល​ប្រលង​ចម្រៀង​ជាតិ​ជា​សកល​មុន​នេះ ខ្ញុំ​និង​គាត់​អង្គុយ​ធ្វើ​គណៈ​មេប្រយោគ​ជាប់​គ្នា និង​ថត​រូប​ជា​មួយ​គ្នា​ហ្នឹង!»។

អត្ថបទៈ សុខ​ឧត្តម
កែសម្រួលៈ ម៉ីសន ​សុធារី