នៅ​ក្បាល​ថ្នល់​ដែល​ធ្លាប់​តែ​កក​ស្ទះ​ខ្លាំង ​ពេលនេះ​ការ​ធ្វើ​ដំណើរ​ទៅ​មក​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​មុខ​ដោយ​សារ​មាន​ ស្ពាន​អាកាស​ជា​អ្នក​ជួយ​សម្រួល។ ប្រសិន​បើ​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្បាលថ្នល់​ យើង​នឹង​មិន​សូវ​​មាន​ការ​ព្រួយបារម្ភ​ការ​​កក​ស្ទះ​​ចរាចរណ៍​​ដូច​មុន​ទៀត​ ហើយ​​ ដោយ​សារ​តែ​ស្ពាន​អាកាស​ជា​អ្នក​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ទាំង​នេះ​។ ខាង​ក្រោម​នេះ​គឺ​ទស្សនៈ​​លើក​ឡើង​មួយ​ចំនួន​ ​តាម​រយៈ​បទ​សម្ភាសន៍​របស់​លោក ខុត សីហា អ្នក​យក​ព័ត៌មាន​របស់ “សប្បាយ”​​ជាមួយ​អ្នក​រស់​នៅ​ជិត ​ក្បាលថ្នល់​ក៏ដូចជា​អ្នក​រត់​ម៉ូតូឌុប។

លោក​ គីម សូរិយា​ ដែល​ជា​អាជីវករ​​លក់​គ្រឿងក្លែម​នៅ​​ក្បាលថ្នល់​បាន​ប្រាប់”​សប្បាយ “ថា​​ ក្បាលថ្នល់​នៅ​ពេល​នេះ​លែង​មាន​ការ​កកស្ទះ​ដូច​កាល​ពីមុន​ទៀតហើយ​ គឺ​កាល​មិន​​ទាន់​មាន​ស្ពាន​អាកាស​និង​ស្ពាន​ព្រះមុនីវង្ស​ថ្មី ជា​រៀង​រាល​ពេលព្រឹក​ពេល ​ថ្ងៃ​ត្រង់ ​និង​ពេល​ល្ងាច​ គឺ​មាន​ការ​កកស្ទះ​ខ្លាំង​ណាស់។ លោក​បាន​បន្ត​ទៀត​ថា​ការ​កកស្ទះ​ខ្លាំង​បំផុត​គឺ​នៅ​ពេល​មាន​បុណ្យ​ជាតិ​ធំៗ ​ដូច ជា​បុណ្យ​ចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និង បុណ្យអុំទូក ​ការ​កកស្ទះ​ខ្លាំង​បំផុត​ដែល​មាន​រយៈពេល​ចាប់​ពី២ម៉ោង​រហូត​ដល់ទៅ៤ម៉ោង​ ឯណោះ។

ចំណែក​លោក​ ប៊ុត សាន្ត ដែល​ជា​អ្នក​រត់​ម៉ូតូឌុប​​​នៅ​​ទល់មុខ​ហាង​​សាំង សូគីម៉ិច​ក្បាលថ្នល់ បាន​ប្រាប”សប្បាយ”​​ក្នុង ​ទស្សនៈ​ដូច​នឹង​អាជីករ​ខាង​លើ​ផង​ដែរ​ថា ​ក្បាល​ថ្នល់​ពេល​នេះ​លែង​មាន​ការ​កក​ស្ទះ​ដូច​កាល​ពី​មុន​ទៀត​ហើយ បើ​តាម​ការ​ពិនិត្យមើល​ទៅ​គឺ​វា​ឈប់​​ស្ទះ​ចរាចរណ៍​១០០%​តែម្ដង ហើយ​លោក​បាន​បន្ត​ទៀត​ថា​កាល​ពី​លើក​មុន​ ​ពេល​ស្ទះ​ម្ដងៗ​គឺ​ចំណាយ​សាំង​អស់​ច្រើន​ណាស់​។

រាជធានី​ភ្នំពេញ​ទើប​តែ​មាន​ស្ពាន​ អាកាស​​ជា​លើក​ដំបូង​​បង្អស់​ហើយ​ក៏​ជា​​សមិទ្ធផល​​ដំបូង​របស់​ប្រទេស​ កម្ពុជា​ដែល​បាន​កសាង​ចប់​​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ៕

អត្ថបទ៖ ខុត សីហា