អង្រឹងតាកែវ ធន់ហើយមាំតែគ្មានទីផ្សារ Trackback
អង្រឹងខេត្តតាកែវ មានច្រើនពណ៌ ជាប់ធុន គុណភាពល្អ ប៉ុន្តែ មិនមានទីផ្សារនៅក្រៅខេត្តនោះទេ ព្រោះអ្នកទិញសុទ្ធតែជាអ្នកយកប្រើប្រាស់ផ្ទាល់តែម្ដង ពោលគឺគ្មានឈ្មួញកណ្ដាលទិញយកទៅលក់បន្តនោះទេ។ នេះបើតាមការអះអាងរបស់អ្នកលក់អង្រឹង នៅឃុំរវៀង ស្រុកសំរោងទង ប្រាប់ sabay កាលពីពេលកន្លងទៅ។
បើសិនអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ២ ជិតដល់ទីរួម ខេត្តកែវ នៅភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានតូបជាច្រើនបានដាក់លក់អង្រឹង ដែលធ្វើដោយដៃ ចេញពីកម្ទេចក្រណាត់ មានចម្រុះពណ៌គួរឲ្យចាប់អារម្មណ៍ មានច្រើនធុន និងមានថ្លៃថោកទៀតផង។
មានតូបនៅខាងស្ដាំដៃ ស្ថិតនៅលើផ្លូវ ឆ្ពោះទៅកាន់ខេត្តតាកែវ បងស្រី វី អាយុ ៣០ឆ្នាំ ដែលបានប្រកបមុខរបរលក់អង្រឹង រយៈពេលជាង ៣ឆ្នាំមកហើយ បាននិយាយថា “នៅទីនេះ មានលក់អង្រឹង ៥ប្រភេទ ដែលធ្វើចេញពីប្រភេទ កម្ទេចក្រណាត់ និងបានក្រងខុសៗគ្នា ហើយតម្លៃក៏ខុសគ្នាដែរ មានចាប់ពី ៦០០០ រៀល រហូតដល់ ៣០០០០រៀល។




ដៃកំពុងត្បាញអង្រឹងបណ្ដើរ ភ្នែករំពៃ ចាំមើលអ្នកទិញបណ្ដើរ បងស្រីវី បាននិយាយថា អង្រឹងទាំងនេះ អ្នកភូមិរបស់បងស្រី ស្ទើតែគ្រប់ផ្ទះសុទ្ធតែជាអ្នកក្រងលក់ ហើយបងស្រីក៏ចេះក្រងដែរ តែភាគច្រើន បងស្រីទិញពីក្នុងភូមិ ព្រោះក្រង ៣ថ្ងៃទើបបានអង្រឹងមួយ ដូច្នេះក្រងមិនទាន់លក់នោះទេ។ ភាគច្រើនអ្នកទិញអង្រឹងទាំងនោះ សុទ្ធតែមកទិញទៀតនៅថ្ងៃក្រោយ ដោយសារគុណភាពជាប់ធុនល្អ ហើយអង្រឹងធំអាចគេងបានពីរនាក់ទៀតផង។
គុណភាពល្អក៏ដោយអង្រឹងទាំងនេះ គ្មានទីផ្សារក្រៅពីខេត្តតាកែវដែរ ពោលគឺមិនមានម៉ូយទិញដុំ យកទៅលក់បន្តឡើយ។ បងស្រី វី បានបញ្ជាក់ថា ភាគច្រើនអ្នកទិញអង្រឹងរបស់បងស្រី គឺជាអ្នកដំណើរ ពេលជិះកាត់ឃើញចាប់អារម្មណ៍ ក៏នាំគ្នាចូលទិញ យកទៅប្រើប្រាស់មួយៗ ដែលក្នុង១ថ្ងៃ បងស្រីអាចលក់បានពី១០ ទៅ២០ អង្រឹងប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយអ្នកលក់ម្នាក់នេះ បានត្អូញត្អែរចំពោះមុខរបរនេះថា បានទទួលចំណេញប្រាក់តិចតួច។ បងស្រី វី បានបន្ថែមថា ក្នុងអង្រឹងមួយគាត់លក់ចំណេញបាន ១០០០ ទៅ២០០០រៀលប៉ុណ្ណោះ ដូច្នេះគ្រប់រដូវមានផ្លែឈើទុំ បងស្រីតែងតែយកមកលក់ផ្សំៗគ្នាគ្រាន់បានកម្រៃបន្ថែមទៀតដើម្បីចិញ្ចឹមជីវិត៕
អត្ថបទ៖កង ចាន់បញ្ញា











