អ្នក​ចាត់​ការ​ក្រុម​មាន់​ខ្នាយ​មាស Andre Villas-Boas បាន​ចេញ​មក​បញ្ជាក់​យ៉ាង​ច្បាស់​ ​ថានឹង​មិន​លក់ Luka Modric ឲ្យ​ Real Madrid នោះ​ទេ ប្រសិន​បើ​ក្លិប​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ មិន​ហ៊ាន​ចំណាយ​លុយ​ ៣៥លាន​ផោន​ទេ​នោះ។

ក្លិប​បាល់ទាត់​ល្បី​ៗ​ជា​ច្រើន​បាន​តម្រង់​ជួរ​គ្នា​ចែចូវ Modric ក្រោយ​ពី​ខ្សែ​បម្រើ​កណ្ដាល​សញ្ជាតិ​ក្រូអាត​បាន​បង្ហាញ​ពី​ចេតនា​ចង់​ចាក​ចេញ​ពី​ White Hart Lane ខណៈ Spur ខក​ខាន​មិន​បាន​ទៅ​លេង​ Champions League។ Real Madrid បាន​ក្លាយ​ជា​ជម្រើស​នាំ​មុខ​គេ​ ស្រប​ពេល​ដែល​បិសាច​ក្រហម Manchester United និង​ក្លិប​អ្នក​មាន​ថ្មី​របស់​បារាំង Paris Saint Germain ក៏​ចង់​បាន​កីឡាករ​នេះ​ដូច​គ្នា។

អតីត​អ្នក​ចាត់​ការ​ក្រុម​តោ​ខៀវ​ Chelsea បាន​បញ្ជាក់​ថា “មាន​ក្លិប​ជា​ច្រើន​ចាប់​អារម្មណ៍​លើ Modric ប៉ុន្ដែ​ Tottenham នឹង​មិន​លក់​រួប​គេ​ក្នុង​តម្លៃ​ថោក​នោះ​ទេ​”។ យ៉ាង​ណា​ក្ដី AVB ក៏​បាន​បង្ហាញ​ពី​ផល​លំបាក​របស់​ក្លិប​ផង​ដែរ​ ដែល​ព្យាយាម​រក្សា​កីឡាករ​ដែល​ចង់​ចាក​ចេញ​នោះ។ បន្ថែម​លើ​នេះ អ្នក​ចាត់​ការ​វ័យ​៣៥ឆ្នាំ​សញ្ជាតិ​ព័រទុយហ្កាល់​ ក៏​បាន​បដិសេធ​នូវ​ព័ត៌មាន​ស្ដី​ពី​ការ​ប្រជែង​ចង់​បាន​ ខ្សែ​ប្រយុទ្ធ Hulk របស់ Porto ជាមួយ​នឹង​តោ​ខៀវ​ Chelsea ផង​ដែរ​។

AVB ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់​ការ​ក្រុម​មាន់​ខ្នាយ​មាស​ជំនួស​លោក Harry Redknapp កាល​ពី​ដើម​ខែ​កក្កដា​កន្លងទៅ ខណៈ​ដែល Luka Modric បាន​ផ្លាស់​មក White Hart Lane តាំង​ពី​ខែ​មេសា ឆ្នាំ២០០៨។

ប្រែ​សម្រួល៖ សុខ សុវត្ថិ
ប្រភព៖ Telegraph
រូបភាព៖ dailymail, zimbio​​