ប៊ុន ផៃលីន ចង់វាយផ្ដាច់តំណែងសិចស៊ី២០១២ Trackback
អ្នកចម្រៀង និងសម្ដែងដែលធ្លាប់តែបង្ហាញភាពសិចស៊ី ប៊ុន ផៃលីន បានប្រកាសថា ខ្លួននឹងធ្វើឲ្យកាន់តែសិចស៊ីថែមមួយកម្រិតទៀត ដើម្បីឈ្នះតំណែងជាតារាសិចស៊ីនាឆ្នាំនេះ បើទោះបីជានាងធ្លាប់បាក់ស្បាត រាងចាល ដោយសារក្រសែភ្នែក និងពាក្យសំដីទិតៀន រិះគន់យ៉ាងចាស់ដៃពីមហាជនទូទៅយ៉ាងណាក៏ដោយ។
កន្លងទៅ ធ្លាប់មានការទស្សន៍ទាយថា តារាចម្រៀង និងសម្ដែងសំញ៉ែងដើមទ្រូង មិនសូវខ្វល់ពីការរិះគន់ នាង ប៊ុន ផៃលីន មានកេរ្តិ៍ឈ្មោះល្បីល្បាញបង្គួរនៅក្នុងសិល្បៈតាមរយៈការសម្ដែងក្នុងកម្មវិធីប្រគំតន្ត្រី នៃបណ្ដាស្ថានីយទូរទស្សន៍នានា ដោយបង្ហាញនូវភាពសិចស៊ីខើចលើខើចក្រោមនេះ។ ដូច្នេះ នាងមិនងាយបោះបង់ចោលងាយៗនោះទេ យូរនិងឆាប់ គឺប្រាកដជាបញ្ចេញឲ្យគេឯងបានឃើញទៀតជាមិនខាន ក្រោយពេលស្ងប់ស្ងាត់ការរិះគន់។
ហោរាទស្សន៍ទាយគ្មានក្បួនខាងលើនេះ ត្រូវបានគេមើលឃើញថាពិតជាត្រឹមត្រូវប្រាកដមែន ព្រោះបន្ទាប់ពីនាងបានផ្លាស់ប្ដូរឥរិយាបថមួយរយប៉ែតសិបដឺក្រេ ប្រែមកជាធម្មតាវិញមិនបានប៉ុន្មានផង ក៏ស្រាប់តែនាងងាកមកស្រវាយកការស្លៀកពាក់បែបសិចស៊ីបង្ហាញសាច់ខ្ចីវិញដោយមិនញញើត ចំពោះក្រសែភ្នែករិះគន់របស់មហាជនទូទៅជាថ្មីម្ដងទៀតនោះឡើយ។ ជាងនេះទៅទៀត ផៃលីន ថែមទាំងបានប្រកាសក្ដែងៗថា នាងមានគម្រោងវាយផ្ដាច់តំណែងតារាសិចស៊ីក្នុងឆ្នាំនេះទៀតផង បើទោះក្នុងនោះតំណែងនេះ គេឃើញតារាចម្រៀង និងសម្ដែងសិចស៊ីស្ទើរតែដល់កំពូលនាង ឆៃ លីដាឡែន រងនូវការរិះគន់ពីទស្សនិកជន ព្រោះភាពសិចស៊ីបញ្ចេញខើចលើខើចក្រោមបែបនេះក៏ដោយ។
គេមិនបានដឹងថាមូលហេតុអ្វីដែលនាំឲ្យ ប៊ុន ផៃលីន ចង់យកបានតំណែងនេះ ក្នុងពេលដែលទស្សនិកជនកំពុងតែងាយសង្គ្រប់នូវការរិះគន់នោះទេ។ ប៉ុន្តែក្នុងនោះ គេបានមើលឃើញថា ការបញ្ចេញនូវសម្រស់ដើមទ្រូងដ៏សិចស៊ីរបស់ ប៊ុន ផៃលីន ក៏បានធ្វើឲ្យប្រជាប្រិយភាពរបស់នាងនាពេលកន្លងមកកើនឡើងយ៉ាងគំហក់ផងដែរ ជាពិសេស នាងថែមទាំងបានឱកាសចេញមុខចេញមាត់ជាញឹកញាប់ក្នុងចំណោមអ្នកសិល្បៈដូចគ្នា ព្រមទាំងមានមុខនៅតាមកញ្ចក់ទូរទស្សន៍ទៀតផង។
កន្លងមក ប៊ុន ផៃលីន ក៏ធ្លាប់បានសម្ដែងការខ្មាសអៀនខ្លួនឯង និងរាលចាលម្ដងរួចមកហើយ បន្ទាប់ពីមានការរិះគន់ជាច្រើន ទាក់ទិននឹងការបង្ហាញភាពសិចស៊ីរបស់នាង ក្នុងនោះ សូម្បីតែខាងផលិតកម្មមួយចំនួនក៏មិនហ៊ានអញ្ជើញនាងឲ្យទៅសម្ដែងដែរ។ ដូច្នេះហើយ ទើបគេឃើញនាងបានផ្លាស់ប្ដូរឥរិយាបថមួយរយប៉ែតសិបដឺក្រេមកជាធម្មតាវិញ។ ប៉ុន្តែជាមួយនឹងការប្រកាសថាចង់ក្តាប់តំណែងសិចស៊ីដាច់គេ ក្នុងឆ្នាំ២០១២នេះ គឺជាការរុញច្រានទម្លាប់ស្លៀកពាក់រមទម្យដែលនាងបានប្រកាន់យកនោះចោលវិញ ទាំងគ្មានលក្ខខណ្ឌ។ ដូច្នេះហើយ ចាំមើលថាតើ ទស្សនិកជនប្រណីដល់នាង ឬក៏បន្តការរិះគន់នាងដូចពេលមុនឬយ៉ាងណា៕





អត្ថបទ៖ សំ ជំនាញ
កែសម្រួល៖ទារិកា











