ដួង សុខគា ថាអ្នកប្រដាល់មិនចំប្រដាល់ Trackback
“អ្នកប្រដាល់មិនចំប្រដាល់ឡើយនាពេលបច្ចុប្បន្ននេះ”។ នេះជាការលើកឡើងរបស់លោក ដួង សុខគា អ្នកចម្រៀង អាយ៉ៃ ចាប៉ី និង ពិធីករបែបកំប្លែងកំពុងមមាញឹកនឹងសិល្បៈសព្វថ្ងៃ។
ការបញ្ចេញទស្សនៈនឹង Sabay យ៉ាងដូច្នេះពីព្រោះ លោកបាន សង្កេតឃើញជារឿយៗ ក្នុងនាមជាអ្នកស្នេហាកីឡាប្រដាល់មួយរូបតាំងពីដើមមក និង ក្នុងនាមជាអ្នកយកព័ត៌មានក្នុងរយៈពេល១០ឆ្នាំមកនោះ។ លោកបន្តថា [ប្រដាល់មិនចំប្រដាល់]មានន័យថា ត្រូវការរកស៊ីចិញ្ចឹមជីវិត និង ឆ្លៀតពេលមកប្រដាល់ផងបន្ទាប់ពីជីវភាពខ្វះមុខខ្វះក្រោយដោយមិនផ្ដោតតែប្រដាល់មួយមុខនោះទេ។ ទាំងនេះមកពីចំណូលពីអាជីពប្រដាល់មិនបានធ្វើឲ្យពួកគេរស់ស្រួលនៅឡើយ។

ទន្ទឹមនឹងការឡើងរេញបែបនេះក៏អាចធ្វើឲ្យមានការទិញទឹកចិត្តពីអ្នកទស្សនា និង អាចធ្វើកីឡាករមួយចំនួនលក់មនសិការរបស់ខ្លួន ដោយសារតែជីវភាពខ្វះខាត។ លោកបញ្ជក់ទៀតថា “អ្នកគាំទ្រខ្លះធ្វើឲ្យកីឡាករខូចអីចឹង។ ពីព្រោះថា លើកទឹកចិត្តគ្នាថា នែ៎ បើវ៉ៃឈ្នះ នោះនឹងផ្ដល់ទឹកប្រាក់ ប៉ុណ្ណេះ ប៉ុណ្ណោះជាដើម។ តែបើគ្នាចាញ់វិញ…ទៅខឹងគ្នា។ នេះហាក់បីដូចជាទិញកីឡាករ ហើយ នេះមិនមែនជាកត្តាធ្វើឲ្យកីឡាប្រដាល់រីកចម្រើនពិតប្រាកដឡើយ”។
អ្នកចម្រៀងអាយ៉ៃ និង ចាប៉ីរូបនេះសង្កត់ធ្ងន់ថា ការឡើងវាយមិនអស់សមត្ថភាពដោយសារការទិញទឹកចិត្តនេះគឺមិនគួរឲ្យកើត និង អាចធ្វើឲ្យកីឡាករមិនមែនជាអ្នកប្រដាល់ពិតប្រាកដ។ ចំណែកកត្តារួមផ្សំមួយទៀត គឺក្លិបអត់មានសម្ភារៈហ្វឹកហាត់គ្រប់គ្រាន់ ក៏មូលហេតុនាំឲ្យកីឡាករមិនអាចក្លាយអ្នកជីពដ៏ត្រឹមត្រូវបាន។ មួយទៀតគឺការហ្វឹកហាត់មិនដិតដល់។ នេះសុទ្ធតែជារឿងរួមចំណែក មិនអាចធ្វើឲ្យមានលទ្ធផលល្អនៅលើឆាកអន្តរជាតិនៅឡើយ។

ទោះបីជាបែបណា លោកបន្ថែមថា កីឡាប្រដាល់នឹងប្រសើរឡើងជាងនេះពីព្រោះថា ពួកគេឡើងវាយញឹកញាប់ដោយមានសង្វៀនប្រដល់ជាច្រើននៅគ្រប់ប៉ុស្តិ៍ទូរទស្សន៍។
មិនត្រឹមតែជាអ្នកគាំទ្រកីឡាប្រដាល់ និង ធ្លាប់ទៅទស្សនាផ្ទាល់នៅសង្វៀនជាញឹកញាប់កាលប៉ុន្មានឆ្នាំមុខ លោក ដួង សុខគា ជាអតីតកីឡាករការ៉ាតេដូ ដែលធ្លាប់ហ្វឹកហាត់ ពេលលោករស់នៅខេត្តតាកែវ ពោលអំឡុងឆ្នាំ១៩៩៨-១៩៩៩។ បន្ទាប់មកលោកក៏បានហ្វឹកហាត់ ហាប់គីដូ នៅឆ្នាំ ២០០៤-២០០៥៕
អត្ថបទ៖ ឆន ទិត្យ











