រតនៈ វិសិដ្ឋ ទៅជប៉ុន នៅស្ដាយតំណែង Trackback
តួឯកសម្ដែងក្នុងសាច់រឿងបទចម្រៀងបទ “អស់ឱកាស” គឺលោក រតនៈ វិសិដ្ឋ បានចេញទៅសម្ដែងនៅប្រទេសជប៉ុនកាលពីប៉ុន្មានថ្ងៃមុននេះហើយ។ប៉ុន្តែតារារូបនេះបានឲ្យដឹងថា បានទៅប្រទេសជប៉ុន មែនតែនៅស្ដាយតំណែងការងារជាពិធីករដែលទើបតែកាន់បានប៉ុន្មានខែនេះ។
ទោះបីជាការចេញទៅសម្ដែងនៅប្រទេសជប៉ុនលើកនេះសំខាន់ ដោយសារថា ជាលើកទី១ក៏ដោយ ប៉ុន្តែការងារជាពិធីករ ក្នុងកម្មវិធី “សុក្រសប្បាយ” នៅស្ថានីយទូរទស្សន៍លេខ៥ ដែលលោកទើបតែក្ដាប់បានថ្មីថ្មោងនោះ ក៏លោកមិនចង់ទៅចោលដែរ។ ដូច្នេះហើយទើបលោកហាក់មានភាពស្ទាក់ស្ទើរពីដំបូង តែចុងក្រោយក៏សម្រេចចិត្តថាទៅវិញ។
ទាក់ទិននឹងបញ្ហានេះ លោកនិយាយទៀតថា លោកស្ដាយ មិនមែនមានន័យថា លោក នឹងបាត់បង់ការក្រោយត្រឡប់មកពីសម្ដែងនៅប្រទេសជប៉ុននោះវិញទេ។ តែលោក ស្ដាយត្រង់ថា លោកទើបតែបម្រើការងារនេះបានតែប៉ុន្មានខែ រៀនសូត្របានបន្តិច ស្រាប់តែត្រូវឃ្លាតទៅហើយនោះ។ វិសិដ្ឋ ប្រាប់ថា ការងារនេះ ជាការងារដែលលោក ចូលចិត្ត ណាមួយមិនចង់រំខានអ្នកដែលជំនួសយូរផង ព្រោះការចេញទៅសម្ដែងនៅប្រទេសជប៉ុនលើកនេះ មានរយៈដល់ទៅមួយខែឯណោះ។
តារាសម្ដែងល្បីឈ្មោះព្រោះរឿងអាស្រូវស្នេហា រូបនេះ បន្តទៀតថា ទម្រាំតែលោកបានធ្វើជាពិធីករនេះ គឺឆ្លងកាត់ឧបសគ្គច្រើនណាស់ ដូច្នេះហើយទើបលោកចេះតែបារម្ភ។ វិសិដ្ឋ និយាយថា ” ខ្ញុំមិនបារម្ភខ្លាចមកវិញគេមិនឲ្យចូលធ្វើការវិញទេ ព្រោះខ្ញុំទៅបានដាក់ច្បាប់ត្រឹមត្រូវ ប៉ុន្តែបារម្ភថា ទម្រាំមកវិញ អ្វីៗថ្មីទៀតហើយ គឺរៀនសូត្រពីការងារជាថ្មីឡើងវិញ…”។
មុនឡើងយន្តហោះចេញទៅ លោក រតនៈ វិសិដ្ឋ ប្រាប់ថា សំខាន់គឺលោកចង់មានសកម្មភាពក្នុងស្រុកឲ្យច្រើនដើម្បីបានជាគុណភាពល្អនៅក្នុងកម្មវិធីអាណាចក្រតារា២០១២ផងដែរ។
រតនៈ វិសិដ្ឋ បានចូលប្រឡូកសិល្បៈតាំងពីឆ្នាំ២០០៩ លុះដល់ឆ្នាំ២០១០ លោកបានចូលច្រៀងនៅក្នុងក្រុមរ៉ៃមាស តោមាស តែបានតែមួយចម្អិនកំពឹសប៉ុណ្ណោះ ក៏ស្រាប់តែបែកបាក់ក្រុមខ្ចាត់ខ្ចាយវិញ ។ លោកត្រូវបានគេស្គាល់ច្រើននៅពេលលោកសម្ដែងតាមរយៈវ៉ុលចម្រៀងរបស់ផលិតកម្មថោន ក្នុងបទ “I’m Sorry” និងបទ”អស់ឱកាស” រហូតមកដល់ពាក់កណ្ដាលឆ្នាំ២០១១ លោកបានលេចមុខក្នុងរឿង “ភ័ព្វសំណាង” ដែលបានដាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ CTN និងរឿងបែបអប់រំយ៉ាងច្រើនទៀត៕

អត្ថបទ៖ ឡាយ សុខអូន
កែសម្រួល៖ ទារិកា












