ការ​លក់ smartphone របស់ Nokia ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows របស់ Microsoft មាន​ការ​កើន​ឡើង​ស្រឺតៗ ខណៈ​ដែល Samsung ប្រឈម​នឹង​ការ​ជាប់​គាំង​ ក្រោយ  Apple ស្នើ​ទៅ​តុលាការ​អាមេរិក​ហាមប្រាម​មិន​ឲ្យ​លក់ device មួយ​ចំនួន​របស់​ Samsung នៅ​ទឹកដី​អាមេរិក។ នេះ​បើ​យោង​តាម​គេហទំព័រ bloomberg បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។

​ក្រុមប្រឹក្សា​តុលាការ​សហព័ន្ធ​អាមេរិកបាន​ចេញ​សាលក្រម​​ឲ្យ Samsung សង​ជំងឺ​ចិត្ត Apple ជា​ទឹក​ប្រាក់​ចំនួន ១,០៥ពាន់លាន​ដុល្លារ​អាមេរិក ពី​បទ​រំលោភ​ប៉ាតង់​ចំនួន ៦ ដែល​មាន​នៅ​លើ device មួយ​ចំនួន​ធំ​របស់ Samsung កាល​ពី​ថ្ងៃ​ទី២៤​សីហា​កន្លង​មក។ ចៅក្រម Lucy Koh នឹង​វិនិច្ឆ័យ​ការ​ស្នើសុំ​របស់ Apple ហាម​ឃាត់​ការ​លក់ device មួយ​ចំនួន​របស់ Samsung ដែល​ជា​ក្រុមហ៊ុន​ផលិត device ប្រើ Androd OS ដ៏​ធំ នៅ​ខែ​ក្រោយ​នេះ​ហើយ។

លោក​ស្រី Carolina Milanesi មក​ពី​ស្ថាប័ន​ស្រាវជ្រាវ Gartner Inc. (IT) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុនផលិត device ដែល​ដំណើរការ​ដោយ Android អាចនឹង​​​ផ្លាស់​ប្ដូរ​ទៅ​ប្រើ Windows 8 របស់ Microsoft វិញ​ ដើម្បី​ជៀសវាង​បញ្ហា​ប្តឹងផ្តល់​​ដូចក្រុមហ៊ុន Samsung

តើ​វាសនា​របស់ Samsung នា​ពេល​អនាគតនឹង​ទៅ​ជា​យ៉ា​ង​ណា​ តើ​ក្រុមហ៊ុន​អេឡិចត្រូនិកយក្សមួយ​នេះ​នៅ​តែ​អាច​ឈរ​ជើង​នៅ​អាមេរិក​បាន​ឬ​មួយ​យ៉ាង​ណា​នោះ?

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ bloomberg
រូបភាព៖ image