អតីតកីឡាករ Rapracha FC មកតតាំងនឹងខ្មែររសៀលនេះ Trackback
អតីតកីឡាកររបស់ក្រុម Rapracha FC ចំនួន២១ នាក់កាលទសវត្សរ៍ ៦០ និង ៧០ នឹងទាត់មិត្តភាពជាមួយក្រុមវ័យចាស់ ព្រះខ័នរាជ វេលាម៉ោង ២ រសៀលនេះនៅពហុកីឡដ្ឋានជាតិ។ នេះបើតាមការឲ្យដឹងរបស់លោក ប៉ែន ផាត គ្រូបង្វឹកកូនខ្មែរអឺរ៉ុប។
លោក ប៉ែន ផាត បន្តថា នេះជាការកសាងមិត្តភាពរវាងអ្នកកីឡានៅថៃ និង ខ្មែរ។ កីឡាករជើងចាស់ដែលមកកម្ពុជានេះ គឺសុទ្ធតែកីឡាករដែលធ្លាប់លេងជាមួយលោកនៅថៃ ហើយមួយចំនួនទៀតជាកូនសិស្សរបស់លោកផ្ទាល់តែម្ដង។ ការមកនេះគឺមិនមានធ្វើអ្វីក្រៅពីលេងបាល់រួមគ្នានោះទេ ហើយ អតីតកីឡាករនៅក្លិបថៃទាំងអស់នឹងត្រឡប់ទៅវិញថ្ងៃទី ១២ កញ្ញាស្អែក។

អភិបាលខេត្ត Samut Songkhram (ខោខ្មៅ) ទទួលស្វាគមន៍លោក ប៉ែន ផាត កាលដើមខែនេះ
ឯកឧត្ដម លី គឺមឈុន ប្រធានក្លិប ព្រះខ័នរាជ ជាអ្នកទទួលរាក់ទាក់ និង ជំរុញឲ្យមានការប្រកួតមិត្តភាពដ៏កម្រ នេះកើតឡើង ខណៈវត្តមានរបស់លោក ប៉ែន ផាត អតីតកីឡាករល្បីល្បាញរបស់កម្ពុជានាទសវត្សរ៍ ៦០ និង ៧០ នេះ ក៏ជាចំណែកដ៏ចម្បង ដែលធ្វើឲ្យការប្រកួតនេះ ផុសខ្លួនចេញមកដែរ។
បន្ទាប់ពីគូនេះទៅ ក្រុមព្រះខ័នរាជ នឹងទាត់មិត្តភាពទល់នឹងក្រុម កូនខ្មែរនៅអឺរ៉ុប ចាប់ពីម៉ោង ៤ រសៀលតទៅ។ កុំភ្លេចចូលរួមលើកទឹកចិត្ត កូនខ្មែរអឺរ៉ុប និង ព្រះខ័នរាជ៕
អត្ថបទ៖ ឆន ទិត្យ
រូបថត៖ ផ្ដល់ឲ្យ











