អ្នកចាំទីហ្គាណាបង្ហើបរឿងបដិសេធសំណូកកាលWorld Cup 2006 Trackback
អ្នកចាំទីក្រុមជម្រើសជាតិហ្គាណា Richard Kingson បានចេញមកអះអាងថាកាលពីព្រឹត្តិការណ៍ World Cup 2006 នៅប្រទេសអាល្លឺម៉ង់ មានគេយកលុយបីសែនដុល្លារ (៣០០០០០ដុល្លារ) មកសូករូបគេមុនការប្រកួតក្នុងពូលរវាង ហ្គាណា និង សាធារណរដ្ឋឆេក ប៉ុន្តែខ្លួនបានបដិសេធមិនទទួលយកប្រាក់ដ៏កខ្វក់នោះឡើយ។ 
អតីតអ្នកចាំទីក្លិប Wigan ពន្យល់ថា សំណូកនោះ មានចេតនាជួលឱ្យរូបគេធ្វើយ៉ាងណាឱ្យក្រុមជម្រើសជាតិ ហ្គាណា ចាញ់ សាធារណរដ្ឋឆេក ០-២។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបន្តថាខ្លួនបានពិចារណាយ៉ាងម៉ត់ចត់មុននឹងសម្រេចចិត្តបដិសេធមិនទទួលយកសំណូកនោះ ដោយសុខចិត្តទទួលយកប្រាក់រង្វាន់ត្រឹមតែបីពាន់ដុល្លារ(៣០០០ដុល្លារ)ពីជ័យជម្នះរបស់ប្រទេសខ្លួនវិញ។
កីឡាករដែលបច្ចុប្បន្នមិនទាន់មានក្លិបលេង(Free Agent) បញ្ជាក់ដូច្នេះថា “កាលពី World Cup 2006 នៅអាល្លឺម៉ង់ យើងហៀបនឹងដល់ម៉ោងប្រកួតទល់នឹងសាធារណរដ្ឋឆេកទៅហើយ។ ពេលនោះ សាធារណរដ្ឋឆេក មានចំណាត់ថ្នាក់លេខ២ពិភពលោកបន្ទាប់ពីប្រេស៊ីល។ មានជនជាតិហ្គាណាម្នាក់ នាំខ្ញុំទៅជួបមនុស្សមួយចំនួនដើម្បីយកសំណូក។ ពេលនោះខ្ញុំច្របូកច្របល់ណាស់ហើយមិនដឹងថាត្រូវធ្វើម៉េចនោះឡើយ តែខ្ញុំបាន call ទៅប្រពន្ធខ្ញុំហើយប្រាប់នាងពីរឿងនេះ។ ប្រពន្ធខ្ញុំក៏និយាយមកកាន់ខ្ញុំថា «Richard អូនស្រលាញ់បងមិនមែនព្រោះតែលុយរបស់បងនោះទេ ដូច្នេះកុំចង់បានលុយនោះអី នាំតែធ្វើឱ្យបងបាត់បង់សេចក្ដីថ្លៃថ្នូរហើយបាត់បង់ទំនុកចិត្តពីអ្នកដទៃប៉ុណ្ណោះ»។
ក្នុងព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកឆ្នាំ២០០៦ដែលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ ហ្គាណា ស្ថិតក្នុងពូល E រួមជាមួយ អ៊ីតាលី សាធារណរដ្ឋឆេក និង សហរដ្ឋអាមេរិក។ ៣ប្រកួតក្នុងពូល ហ្គាណា ចាញ់តែពេលបើកឆាកម្ដងគត់ ត្បិតប៉ះ អ៊ីតាលី ដែលជាក្រុមជើងឯកឆ្នាំនោះ ២-០ ខណៈពីរប្រកួតបន្ទាប់ឈ្នះ ឆេក ២-០ និងឈ្នះ អាមេរិក ២-១ បានឡើងដល់វគ្គ១៦ក្រុមចុងក្រោយ ជាវគ្គដែលហ្គាណាធ្លាក់ក្រោមថ្វីជើងប្រេស៊ីល ៣-០៕
ប្រែសម្រួល៖យ៉ុង ម៉ុងហាក់
ប្រភព&រូបថត៖dailymail











