Peter Crouch ត្រូវ​បាន​លោក Roy Hodgson មើល​រំលង នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup របស់​ អង់គ្លេស ទល់​នឹង​ ម៉ុលដូវ៉ា និង​ អ៊ុយក្រែន បើ​ទោះ​បី​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់​ពីរ​រូប គឺ Wayne Rooney និង Andy Carroll រង​របួស​ក៏​ដោយ។ ហេតុផល​ដែល​លោក Hodgson មិន​ជ្រើស​យក​ខ្សែ​ប្រយុទ្ធ​កម្ពស់​ខ្ពស់​របស់ Stoke City នេះ គឺ​ដោយ​សារ​តែ​ Crouch ធ្លាប់​បាន​បដិសេធ​​មិន​ចូល​ជម្រើស​ជាតិ​កាល​ពី​ប្រកួត Euro 2012

គ្រូ​បង្វឹក​វ័យ ៦៥ឆ្នាំ​បាន​និយាយ​ថា “ខ្ញុំ​បាន​ជ្រើសរើស​គាត់ (Crouch) ក្នុង​បញ្ជី​កាល​ត្រៀម​​​ទៅ​លេង​ Euro ​នៅ​​ប៉ូឡូញ-អ៊ុយក្រែន ប៉ុន្តែ​គាត់​​សូម​ដក​ខ្លួន។ ដូច្នេះ​ក្នុង​យុទ្ធនាការ​ជម្រុះ World Cup 2014 នេះ ខ្ញុំ​​នឹង​មិន​ជ្រើសរើស​គេ​ទេ។ យើង​បាន​ជ្រើសរើស​កីឡាករ​ទាំង​២៣នាក់ហើយ ហើយ​យើង​មិន​ត្រូវ​ការ​គាត់​ឡើយ”។

Peter Crouch សង្ឃឹម​ថា​អាច​ធ្វើ​ឱ្យ​លោក Hodgson រើស​ចូល​ជម្រើស​ជាតិ​ជាថ្មី

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី លោក Hodgson បាន​បញ្ជាក់​ផង​ដែរ​ថា Crouch និង​ខ្សែ​ប្រយុទ្ធ Aston Villa កីឡាករ Darren Bent នឹង​នៅ​តែ​អាច​ជាប់​ជម្រើស​ជាតិ​នៅ​ថ្ងៃ​ណា​មួយ​នា​ថ្ងៃ​អនាគត។ កីឡាករ​វ័យ៣១ឆ្នាំ បាន​បង្កើន​ជំនឿ​ចិត្ត​កាន់​តែ​ខ្លាំង​ថា​នឹង​អាច​ជាប់​ជម្រើស​ជាតិ​សារ​ជា​ ថ្មី ក្រោយ​ពី​ចាប់​ដៃ​គូ​ជាមួយ​ខ្សែ​ប្រយុទ្ធ​ថ្មី Michael Owen នៅ Stoke ពោល​គឺ​បន្ថែម​លើ​ការ​ស៊ុត​បញ្ចូល​ទី២២គ្រាប់​ ក្នុង​៤២ប្រកួត។

លោក Hodgson បាន​និយាយ​ថា “ពួក​គេ​សុទ្ធ​តែ​ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​កាល​ពី​អតីតកាល។ Darren Bent បាន​រង​របួស​រយៈ​ពេល​យូរ​កាល​ពី​រដូវ​កាល​មុន ខណៈ​រដូវ​កាល​ថ្មី​ទើប​ចាប់​ផ្ដើម​បាន​បី​ប្រកួត​ប៉ុណ្ណោះ។ យើង​នឹង​តាម​មើល​ខ្សែ​ប្រយុទ្ធ​រូប​នេះ”។

គ្រូ​បង្វឹក​ដដែល​បាន​បន្ថែម​ទៀត​ថា “ខ្ញុំ​បាន​រំពឹង​លើ Andy Carroll និង Wayne Rooney នៅ​ពេល​ដែល​ខ្ញុំ​ជ្រើសរើស​កីឡាករ ប៉ុន្តែ​ខ្ញុំ​បាន​បាត់បង់ Rooney នៅ​មួយ​សប្ដាហ៍​មុន​ការ​ប្រកួត​មក​ដល់ ខណៈ Carroll ក៏​ត្រូវ​បាត់បង់​នៅ​មុន​ការ​ប្រកួត​នោះ​ដែរ។ ខ្ញុំ​នឹង​មិន​បោះបង់​កីឡាករ​ណា​ម្នាក់​នោះ​ទេ បូក​រួម​ទាំង Peter Crouch”។

អង់គ្លេស​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ជម្រុះ World Cup ដោយ​ឈ្នះ​ម៉ុលដូវ៉ា ៥-០ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ Lampard ពីរ​គ្រាប់ Defoe, Milner និង Baines៕ ក្រុម​នេះ​នឹង​ត្រូវ​ជួប​អ៊ុយក្រែន នៅ​វេលា​ម៉ោង​២រំលង​អាធ្រាត្រ​នេះ៕

ប្រែ​សម្រួល៖ សុខ សុវត្ថិ
ប្រភព៖ bbc
រូបភាព៖zimbio