ក្រោយ​ពេល ឈ្នះ​ក្តី​នៅ​តុលាការ សហរដ្ឋ​អាមេរិក​លើ​ជម្លោះ​ប៉ាតង់​ជាមួយ​ក្រុមហ៊ុន Samsung និង​ទារ​សំណង​ទឹកប្រាក់​បាន​ប្រមាណ ១,០៥ ពាន់​លាន​ដុល្លារ​អាមេរិក​នោះ Apple គ្រោង​ប្រកាស​បញ្ចេញ​ស៊េរី​ទូរស័ព្ទ​ស្មាតហ្វូន​ដ៏​ទំនើប​របស់​ខ្លួន​នៅ​ថ្ងៃ ១២ កញ្ញា ស្អែក​នេះ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​តាម​ដាន​ចង់​ដឹង​នោះ តើ iPhone 5 របស់ Apple នឹង​មាន​បំពាក់​បច្ចេកវិទ្យា LTE ដ៏​ចម្រូងចម្រាស នៅលើ​ឧបករណ៍​ថ្មី​របស់​ខ្លួន​ដែរ​ឬ​ទេ ខណៈ​ដែល Samsung បាន​ប្រកាស​គំរាម​ថា​នឹង​វាយបក​វិញ​ប្រសិន​បើ Apple ហ៊ាន​ប្រើប្រាស់​បច្ចេកវិទ្យា 4G LTE ដូច​ពាក្យ​ចចាមអារ៉ាម​ដែល​បណ្តាញ​សារព័ត៌មាន​ធ្លាប់​បាន​ចុះ​ផ្សាយ​កន្លង​ ទៅ។

តាម​ប្រភព​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា iPhone 5 ដំណើរការណ៍​ដោយ iOS 6 ជាមួយ​រូបរាង​ថ្មី ប្រើ​ស៊ីម Nano អេក្រង់​ទំហំ ៤ អ៊ីញ កម្រាស់​ស្ដើង​ជាង​មុន បន្ថែម​បច្ចេកវិទ្យា NFC និង​បំពាក់​ប្រព័ន្ធ 4G LTE រួម​ជាមួយ​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ជា​ច្រើន​ទៀត។

Samsung បាន​អះអាង​ថា ខ្លួន​នឹង​ប្ដឹង Apple ភ្លាម​ប្រសិន​ក្រុមហ៊ុន​នៅ​អាមេរិក​មួយ​នេះ​ចេញ​លក់ device ដែល​ប្រើ​ប្រព័ន្ធ4G LTE ដូច​ជា iPhone 5 នោះ។

LTE ជា​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ទូរស័ព្ទ​ទូទាំង​ពិភពលោក​យក​ទៅ​ប្រើ សម្រាប់​ផ្ទេរ​ទិន្នន័យ​រវាង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​បាន​លឿន ដូច​ជា ផ្ទេរ​រវាង laptop ជា​មួយ USB wireless modem, ​ជា​មួយ smartphone ជា​ដើម (mobile ultra-broadband Internet access)។

តើ iPhone 5 នឹង​មាន​រូបរាង​បែប​ណា ហើយ​បច្ចេកវិទ្យា​អ្វី​ខ្លះ​ដែល​ត្រូវ​គេ​បំពាក់​ទៅ​លើ​ឧបករណ៍​ដ៏​ទំនើប​នេះ? តាម​ដានព័ត៌មានជុំវិញ iPhone 5 សូមចុចត្រង់នេះ

អត្ថបទ៖ ប៊ុណ្ណារ៉ា