តារា​សម្ដែង​ថ្មី​​ដែល​ទើប​តែ​ចូល​ខ្លួន​ជ្រក​កោន​នៅ TVB នាង Jenny Lau កំពុង​តែ​ថត​រឿង​ថ្មី​មាន​ចំណង​ជើង​ថា Hear Road GPS ហើយ​ពីរ​បី​ថ្ងៃ​មុន នាង​ត្រូវ​​ថត​​ឈុត​មួយ​ដែល​ត្រូវ​ម្ចាស់​បំណុល​តាម​មក​ទារ​បំណុល និង​​ធ្វើ​ការ​វាយ​ប្រហារ​​លើ​រូប​នាង​ដោយ​ប្រើ​ថង់​ប្លាស្ទិក​គ្រប​ក្បាល​​​រួច​រុញ​នាង​ខ្ទប់​ជញ្ជាំង។

នាង Jenny Lau

ដោយ​សារ  Jenny Lau មិន​អាច​ធ្វើ​ដូច​អ្វី​ដែល​អ្នក​ដឹក​នាំ​រឿង Cheung Wing Ho តម្រូវ ​ដូច្នេះ នាង​ថត​ខុស​ម្ដង​ហើយ​ម្ដង​ទៀត។ នៅ​ពេល​នាង​ថត​ខុស​ច្រើន​ដង​ពេក អ្នក​ដឹក​នាំ​រឿង​ប្រចាំ TVB រូប​នោះ​ក៏​បាន​បង្រៀន​នាង​ឲ្យ​ធ្វើ​តាម​លោក​ទាំង​កម្រោល។ ក្រោយ​ពេល​ត្រូវ​អ្នក​ដឹក​នាំ​រឿង​វាយ​ប្រហារ​លើ​រូប​នាង Jenny Lau ភិតភ័យ​ជា​ខ្លាំង និង​ចាប់​ផ្ដើម​ទ្រហោ​យំ។ ដោយ​សារ​​ទង្វើ​ឆេវឆាវ​របស់  Cheung Wing Ho អ្នក​នៅ​ក្នុង​ហេតុការណ៍​នោះ​បាន​ចោទ​អ្នក​ដឹក​នាំ​រឿង​​នោះ​ថា​ជា​មនុស្ស​​ប្រើ​ប្រាស់​អំពើ​ហិង្សា​។ បន្ទាប់​ពី​ហេតុ​ការណ៍​នោះ​កើត​ឡើង តារា​សម្ដែង Jenny មិន​បាន​បក​ស្រាយ​អ្វី​ចំពោះ​អ្នក​កាសែត​ឡើយ ប៉ុន្តែ​កាល​ពី​ម្សិល​មិញ​នេះ​គេ​បាន​ឃើញ Jenny និង​អ្នក​ដឹក​នាំ​រឿង Cheung ត្រូវ​នាយក​ប្រតិបត្តិ TVB Au Wai Lam និង Catherine Tsang ហៅ​​មក​ជួប​ដើម្បី​ឲ្យ​ពួក​គេ​ទាំង​ពីរ​ធ្វើ​ការ​ពន្យល់​បក​ស្រាយ​ពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង។

អ្នក​ដឹក​នាំ​រឿង  Cheung Wing Ho បាន​បក​ស្រាយ​ថា “ពួក​យើង​បាន​ថត​តែ ៣ ឈុត​ប៉ុណ្ណោះ តែ​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ​ជាង ២ ម៉ោង។ ​នៅ​ពេល​នោះ​​ខ្ញុំ​មួម៉ៅ​ពេក មិន​អាច​អត់​ធ្មត់​បាន ដូច្នេះ​ខ្ញុំ​ក៏​បង្ហាញ​កាយ​វិការ​អសីលធម៌​​ឡើង​ទៅ!”។

ចំណែក​ឯ នាង Jenny វិញ​បាន​បក​ស្រាយ​ថា “ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​វីដេអូ​ហិង្សា​នោះ។ តែ​ខ្ញុំ​ចង់​ឲ្យ​ហេតុការណ៍​នោះ​រលាយ​បាត់​តាម​ខ្យល់ លើស​ពី​នេះ​ទៀត​ខ្ញុំ​ត្រូវ​តែ​អរគុណ​ចំពោះ​អ្នក​ដឹក​នាំ​រឿង​ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ។ ខ្ញុំ​គ្រាន់​តែ​ចង់​ធ្វើ​អ្វី​មួយ​ដោយ​ខ្លួន​​ឯង ហើយ​ខ្ញុំ​ចង់​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ល្អ​បំផុត​សម្រាប់ TVB។ កាល​ពី​យប់​មិញ ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​អ្នក​ដឹក​នាំ​រឿង​ម្តង​ទៀត គាត់​បាន​សុំទោស​ខ្ញុំ ហើយ​បច្ចុប្បន្ន​ពួក​យើង​ទាំង​ពីរ​គ្មាន​បញ្ហា​នឹង​គ្នា​ឡើយ”។ នៅ​ពេល​អ្នក​កាសែត​សួរ​បន្ត​ទៀត​ថា តើ​នាង​យល់​ថា​​ស្ទីល​ដឹក​នាំ​រឿង​របស់​អ្នក​ដឹក​នាំ​រឿង​មាន​បញ្ហា​ដែរ​ឬ​អត់? នាង Jenny បាន​ឆ្លើយ​តប​ថា “ខ្ញុំ​មិន​​ដឹង​ថា​ស្ទីល​នៃ​ការ​ដឹក​នាំ​​​របស់​គាត់​​គឺ​អ្វី​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​ធ្វើ​អ្វី​តាម​តែ​គាត់​ប្រាប់​ប៉ុណ្ណោះ​”។

នេះ​មិន​មែន​ជា​អំពើ​ហិង្សា​មួយ​ដែល​កើត​ឡើង​តែ​ទៅ​លើ​នាង  Jenny នោះ​ទេ​ ព្រោះ​អ្នក​ដឹក​នាំ​រឿង  Cheung Wing Ho ដែល​មាន​ចរិត​ឆេវ​ឆាវ​រូប​នេះ​​ក៏​ធ្លាប់​បង្ក​ហិង្សា​ចំពោះ​តារា​សម្ដែង​​​ល្បី​ឈ្មោះ​នៅ TVB នាង Charmaine Sheh ផង​ដែរ៕

ប្រែ​សម្រួល៖ ថារី
ប្រភព & រូបភាព៖ asiancrunch