តារា​ចម្រៀង​ល្បីៗ​ប្រចាំ​ផលិតកម្ម​សាន់ដេ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​​បាន​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហុងកុង​ដើម្បី​ថត​រឿង”វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម“។

តារា​ចម្រៀង​ដែល​មាន​វត្តមាន​ទៅ​ថត​រឿង​នៅ​ហុងកុង​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​មាន​ដូចជា​ លោក ខេមរៈ សិរីមន្ត អ្នក​នាង សុខ ស្រីនាង លោក ឆាយ វិរៈយុទ្ធ កញ្ញា ខេមរៈ ស្រី​ពៅ លោក អាន គុណកូឡា ព្រម​ទាំង​បុគ្គលិក​មួយ​ចំនួន​ទៀត។

ក្រុម​តារា​ចម្រៀង​ល្បីៗ​របស់​សាន់ដេ​ថត​រួម​គ្នា​មុន​ចេញ​ទៅ​ហុងកុង

អ្នក​ចាត់​ការ​ទូទៅ​ប្រចាំ​ផលិតកម្ម​សាន់​ដេ​លោក ឡាយ សុកចំរើន បាន​​ឱ្យ​ដឹង​ថា​ ការ​ចេញ​ដំណើរ​របស់​តារា​ចម្រៀង​សាន់​ដេ​នៅ​ពេល​នេះ ​គឺ​ទៅ​ក្នុង​គោល​បំណង​ដើម្បី​ថត​រឿង”វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម” តាម​ការ​គ្រោង​ទុក​របស់​ផលិតកម្ម។ “ការ​ថត​រឿង​នេះ​យើង​ទៅ​រយៈ​ពេល​មួយ​សប្ដាហ៍ ដើម្បី​ថត​ឈុត​ឆាក​មួយ​ចំនួន​នៅ​ទី​នោះ ហើយ​យើង​នឹង​ត្រឡប់​មក​ថត​នៅ​ស្រុក​ខ្មែរ​វិញ”។

ទោះ​ជា​យ៉ាង​ណា​ អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​ មិន​អត្ថាធិប្បាយ​ចំពោះ​តារា​ចម្រៀង​សាន់ដេ​ ថា​តើ​នឹង​ថត​ឈុត​ឆាក​ជា​មួយ​នឹង​តារា​លំដាប់​ខ្ពស់​របស់​តារា​ហុងកុង ​ឬ​យ៉ាង​ណា​នោះ​ទេ។ លោក​បញ្ជាក់​ថា បញ្ហា​នេះ​ខាង​ផលិតកម្ម​កំពុង​ពិភាក្សា​​ជាមួយ​តារា​ល្បី​របស់​ហុងកុង​នោះ ​ថា​តើ​ត្រូវ​ថត​ស្រុក​ខ្មែរ ​ឬ​ក៏​ថត​នៅ​ហុងកុង​នោះ​តែ​ម្ដង។ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ​ភាគរយ​​ខ្ពស់​​ គឺ​​ថត​នៅ​ហុងកុង​សម្រាប់​ការ​ថត​រួម​គ្នា​រវាង​តារា​សាន់ដេ និង​តារា​ហុងកុង។

លោក​បាន​បន្ត​ថា​ ក្រោយ​បញ្ចប់​ការ​ថត​រយៈពេល​មួយ​សប្ដាហ៍​នៅ​ហុងកុង​ ក្រុមការងារ​ និង​តារា​ទាំង​អស់ ​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ថត​បញ្ចប់។ យ៉ាង​ណា​ក៏​ដោយ ​លោក​បញ្ជាក់​ថា​រហូត​មក​ទល់​នឹង​ពេលនេះ​ខ្សែ​ភាពយន្ត​រឿង”វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម​” សម្រេច​បាន​ 70% ហើយ​នៅ​សល់​តែ ​30% ទៀត​​នឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ។

លោក ឡាយ សុក​ចំរើន​ បាន​សង្កត់ធ្ងន់​ថា​ក្រុម​ការងារ​កំពុង​ញាប់ដៃញាប់ជើង​ដើម្បី​បញ្ចប់​រឿង​នេះ​ឱ្យ​បាន​ឆាប់​ ដើម្បី​ដាក់​បញ្ចាំង​ឱ្យ​ទាន់​នៅ​ក្នុង​​ឱកាស​ព្រះ​រាជពិធី​បុណ្យ​អុំទូក​ខាង​មុខ។ លោក​បន្ត​ថា ​នៅ​ពេល​​រឿង ​”វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម” ថត​ចប់​ផលិតកម្ម​គ្រោង​នឹង​យក​ទៅ​ដាក់​បញ្ចាំង​​ក្នុង​រោង​កុន​ពីរ​ព្រម​គ្នា​គឺ​រោងកុន​លុច្ស និង​រោងកុន​ ចេនឡា នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក​នេះ។

លោក ឡាយ សុកចំរើន ផ្ដល់​បទ​សម្ភាសន៍​មុន​ចេញ​ទៅ​ហុងកុង

នេះ​ជា​ខ្សែ​ភាពយន្ត​ទី​បី​ហើយ​​របស់​ផលិតកម្ម​សាន់ដេ បន្ទាប់​ពី​រឿង​ “អង្គុលីមារ” និង​​រឿង​ “ព្រាយ​ដែក​គោល”។ ខ្សែ​ភាពយន្ត​រឿង​ “វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម” ចូលរួម​សម្ដែង​ដោយ​តារា​ល្បីៗ​របស់​ផលិតកម្ម​សាន់ដេ មាន​លោក ខេមរៈ សិរីមន្ត អ្នក​នាង សុខ ស្រីនាង លោក ឆាយ វិរៈយុទ្ធ លោក អាន គុណ​កូឡា កញ្ញា ខេមរៈ ស្រី​ពៅ លោក ហេង​ ពិទូ កញ្ញា អ៊ីវ៉ា លោក ជុំ លីណូ លោក ប៊ុន សក្កិ លោក សុខ រក្សា កញ្ញា ផាន់ ម៉ូនីកា រួម​ទាំង​​តារា​ល្បីៗ​របស់​ហុងកុង។

គេ​នៅ​មិនទាន់​ដឹង​ថា​រឿង ​”វិញ្ញាណ​បិសាច​ជញ្ជក់​ឈម” ​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ដូច​រឿង​”ព្រាយ​ដែក​គោល” ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​តាម​ការ​ឱ្យ​ដឹង ​ពី​អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​សាន់​ដេ លោក ឡាយ​ សុក​ចំរើន បញ្ជាក់​ថា​ រឿង​នេះ​នឹង​ល្បី​ជាង​រឿង​មុន​ ដោយ​លោក​សម្អាង​ទៅ​លើ​ការ​ចូលរួម​សម្ដែង​របស់​តារា​ល្បីៗ​នានា​ទាំង​របស់​សាន់​ដេ និង​តារា​ហុង​កុង៕

អត្ថបទ៖ អ៊ីង សុឡា