ភាពយន្ត​ខ្មែរឥឡូវ​ បើ​និយាយ​ពី​បរិមាណ គឺ​សង្កេត​ឃើញ​​មាន​ច្រើនដែរ​ ជា​ពិសេស​​រឿង​ភាគ​ចាក់បញ្ចាំង​​តាម​កញ្ចក់​ទូរទស្សន៍។ ថ្វី​ត្បិត​តែ​បរិមាណ​មាន​គ្រាន់​បើ ប៉ុន្តែ​​គុណភាពនៃ​ខ្សែ​ភាព​យន្តរបស់​​កម្ពុជា​ ត្រូវ​បាន​យុវជន​ខ្មែរ​ចំនួន​ប្រាំ​នាក់ខាង​ក្រោម​ ​មាន​យោបល់​ផ្សេង​ៗ​​គ្នា៖

កញ្ញា ឈួន ពិសី អាយុ១៨ឆ្នាំ ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ទស្សនា​ភាពយន្ត​ខ្មែរ​ណាស់​ ព្រោះ​ថា​ភាពយន្ត​ខ្មែរ​សព្វថ្ងៃ​ពិត​ជា​មាន​ភាព​រីកចម្រើន​ណាស់។ សម្រាប់​តួ​សម្ដែង​វិញ​ពួក​គាត់​នៅ​ក្មេងៗ​ទេ ​តែ​ការ​សម្ដែង​មាន​ភាព​ក្រមិច​ក្រមើម ហើយ​ខ្ញុំ​ចូល​ចិត្ត​នូវ​ការ​បញ្ចូល​សំឡេង​ខ្លួន​ឯង​ពិតៗ​ដូច​​ធម្មជាតិ​គួរ​ឲ្យ​ចង់​មើល​ណាស់។ ម្យ៉ាង​វិញ​ទៀត ​ឲ្យ​តែ​ខ្ញុំ​មាន​ពេល​ទំនេរ​គឺ​​ខ្ញុំ​មើល​តែ​ភាពយន្ត​ខ្មែរ​ច្រើន​ជាង​ភាពយន្ត​បរទេស ​ព្រោះ​មើល​ទៅ​មិន​សូវ​ជា​ធុញ​។ តែ​បើ​មើល​ភាពយន្ត​បរទេស ​ភាគ​ច្រើន​មើល​មិន​សូវ​យល់​អត្ថន័យ​សោះ”។

លោក ប៉ុង កញ្ញា​រិទ្ធ អាយុ២០ឆ្នាំ ជា​និស្សិត​នៅ​សាកលវិទ្យាល័យ ន័រតុន ផ្នែក​ព័ត៌មាន​វិទ្យា ឆ្នាំ​ទី២ និយាយ​ថា៖ “ខ្ញុំ​ចូល​ចិត្ត​មើល​ភាពយន្ត​​ខ្មែរ​យើង​តែ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។ រឿង​ដែល​ខ្ញុំ​ចូល​ចិត្ត​មើល​ភាគ​ច្រើន ​ជា​ភាពយន្ត​បែប​អប់រំ​របស់​អង្គការ​ជា​អ្នក​ផលិត ​ព្រោះ​រឿង​បែប​នោះ​ភាគ​ច្រើន​បង្កប់​អត្ថន័យ​អប់រំ​មនុស្ស​ក្នុង​សង្គម​ឥឡូវ​ឲ្យ​ដើរ​ក្នុង​ផ្លូវ​ល្អ។ សម្រាប់​រឿង​ភាគ​ខ្មែរ​ខ្លះ ក៏​នៅ​មិន​ទាន់​ល្អ​ទាំងអស់​ដែរ ​ព្រោះ​ថា​រឿង​មួយ​ចំនួន​ សម្រាប់​តួ​សម្ដែង​ខ្លះ​ក៏​នៅ​មាន​កន្លែង​ឆ្គង​ដែរ។ មួយ​វិញ​ទៀត ​ខាង​បច្ចេកទេស​ក៏​នៅ​អន់ ​មិន​ទាន់​ជឿន​លឿន​ដូច​ប្រទេស​គេ​ទាំងស្រុង​ដែរ “។

ចំណែក​ឯ​កញ្ញា ឆឺន កែវ​មល្លិកា អាយុ២៨ឆ្នាំ ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ផ្នែក​គណនេយ្យ និយាយ​ថា៖ “ខ្ញុំ​រាល់​ថ្ងៃ​មិន​សូវ​ចូលចិត្ត​មើល​រឿង​ខ្មែរ​ទេ។ ខ្ញុំ​ជា​ខ្មែរ ​មិនមែន​មិន​ចូល​ចិត្ត​របស់​ខ្មែរ​ទេ ​គ្រាន់​តែ​ភាពយន្ត​បច្ចុប្បន្ន​គឺ​ការ​សម្ដែង​របស់​តួសម្ដែង​នីមួយៗ​នៅ​មាន​កម្រិត​ថែម​ទាំង​នៅ​ឆ្គង​ច្រើន។ ណា​មួយ​ កាយ​វិការ​របស់​តួអង្គ​សម្ដែង​នីមួយៗ​មាន​ភាព​យឺត​ពេក មិន​ដូច​ជា​ភាពយន្ត​បរទេស​ គឺ​កាយវិការ​របស់​គេ​​​មាន​ភាព​រស់​រវើក​ដូច​ធម្មជាតិ​ពិតៗ។ តាម​ទស្សនៈ​ខ្ញុំ ភាពយន្ត​ខ្មែរ​យើង​នៅ​មាន​ភាព​ទន់​ខ្សោយ​ច្រើន ទាំង​ការ​សម្ដែង និង​បច្ចេកទេស​ថត គឺ​នៅ​មាន​កម្រិត​ច្រើន​។ តែ​មួយ​វិញ​ទៀត ​សម្រាប់​តួ​សម្ដែង​ក្នុងខ្សែ​ភាព​យន្ត​ខ្លះ​​ដូច​ជា​មិន​សូវ​ល្អ តែ​បើគាត់​​សម្ដែង​ក្នុង​ចម្រៀង​ខារ៉ាអូខេ​វិញ ​បែរ​ជា​ល្អ​គួរ​ឲ្យ​ចង់​មើល​ទៅ​វិញ។ ខ្ញុំ​មិន​ដឹង​ជា​​ហេតុ​អី ​បាន​ជា​អញ្ចឹង​​ទេ”។

លោក ញ៉ែម ចាន់​វាសនា ជា​និស្សិត​ឆ្នាំទី១ នៅ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ផ្នែក​ព័ត៌មាន​វិទ្យា អាយុ២០ឆ្នាំ និយាយ​ថា៖ “ចំណែក​ខ្ញុំ​វិញ​ ធម្មតា​រឿង​ភាគ​ខ្មែរ​យើង​យ៉ាង​ណា​ក៏​មិន​អាច​ទៅ​ប្រកួតប្រជែង​ជា​មួយ​ភាពយន្ត​បរទេស​បាន​ដែរ។ តែ​ខ្ញុំ​ជា​និច្ចកាល​តែងតែ​គាំទ្រ​រហូត​នូវ​រឿង​ភាគ​ខ្មែរ​យើង ទោះ​បី​ជា​យើង​នៅ​ក្មេង​ខ្ចី​គ្រប់​យ៉ាង​ សូម្បី​តែ​ធនធាន​មនុស្ស ទាំង​បច្ចេកទេស​ថត​នៅ​មិន​ទាន់​ជឿន​លឿន​ដូច​ប្រទេស​គេ​ក៏​ដោយ។ ប៉ុន្តែ​ខ្មែរ​យើង​អាច​មាន​លទ្ធភាព​ផលិត​រឿង​ចេញ​បាន​ដោយ​ខ្លួន​ឯង ថែម​ទាំង​រឿង​ខ្លះ​ក៏​ល្អ​មើល​មិន​ចាញ់​រឿង​បរទេស​ប៉ុន្មាន​ទេ។ ពិសេស​ជាង​នេះ​ទៀត​ រឿង​របស់​ខ្មែរ​គឺ​ភាគ​ច្រើន​សុទ្ធ​តែ​បង្កប់​នូវ​គំនិត​អប់រំ​យ៉ាង​សំខាន់​សម្រាប់​យុវវ័យ​ឲ្យ​ដឹង​ពី​សង្គម​​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ”។

រីឯ​កញ្ញា ឡេង ស្រី​ពេជ្រ អាយុ១៩ឆ្នាំ ជា​បុគ្គលិក​នៅ​ក្នុង​មជ្ឈមណ្ឌល Dream Land និយាយ​ថា៖ “ចំពោះ​ខ្ញុំ​ មើល​ទាំងអស់​មិន​ថា​រឿង​ខ្មែរ ឫ​រឿង​បរទេស​ទេ តែ​ភាគច្រើន​ខ្ញុំ​ចូល​ចិត្ត​មើល​រឿង​ខ្មែរ​ជាង ព្រោះ​រឿង​ខ្មែរ​មើល​ទៅ​ឆាប់​យល់​ពី​អត្ថន័យ និង​ថែម​ទាំង​មាន​​គ្រប់​រស​ជាតិ​​ទាំង​អស់។ ចំណែក​​តួសម្ដែង​ឥឡូវ​ ក៏​ចេះ​ដាក់​មនោសញ្ចេតនា​បាន​ល្អ​ដែរ ព្រោះ​មាន​ឈុត​ខ្លះ​កំប្លែង ឈុត​ខ្លះ​កម្សត់ ឈុត​ខ្លះ​កាច​គឺ​ពួក​គាត់​អាច​បត់​បែន​បាន​យ៉ាង​ឆាប់​ គឺ​ល្អ​មើល ហើយ​កាន់​តែ​ចង់​មើល​ទៀត”៕

យុវជន​​ប៉ុន្មាន​នាក់​​ខាង​លើ​នេះ បាន​បញ្ចេញ​ទស្សនៈ​ហើយ ពាក់​ព័ន្ធ​នឹង​ភាពយន្ត​ខ្មែរ​បច្ចុប្បន្ន។ ចុះ​អ្នក​វិញយល់​យ៉ាង​ណា​ដែរ​ចំពោះ​ភាព​​យន្ត​​យើង?

អត្ថបទ៖ សុខ​អូន
កែសម្រួល៖ ទារិកា