ផលិតកម្មអិលឌី ត្រៀមផលិតរឿង អាបពាក់មួកសុវត្ថិភាព វគ្គ២ Trackback
ក្រោយពីទទួលការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ទស្សនិកជននៃរឿងអាបពាក់មួកសុវត្ថិភាព ដែលកំពុងនឹងដាក់បញ្ចាំងនៅរោងភាពយន្តធំៗ ពីរព្រមគ្នា គឺរោងភាពយន្តផ្លាទីនីមស៊ីណេផ្លិច ផ្សារសូរិយា និងរោងភាពយន្ត លេជេន ផ្សារស៊ីធីម៉ល លោក លៀក លីដា ដែលជាចាងហ្វាងផលិតកម្ម អិលឌី និងជាអ្នកដឹកនាំរឿងអាបពាក់មួកសុវត្ថិភាព បានប្រាប់ អ្នកយកព័ត៌មានថា រឿង អាបពាក់មួកសុវត្ថិភាពជាវណ្ណកម្មទីមួយដែលត្រូវបានផលិតឡើងដោយផលិតកម្ម អិលឌី ដែលចូលរួមឧបត្ថម្ភ ដោយផលិតកម្ម RGB។ ពេលនេះលោក និងក្រុមការងារកំពុងតែ មមាញឹកយ៉ាងខ្លាំង សម្រាប់ការត្រៀមចេញថតរឿងអាបពាក់មួកសុវត្ថិភាពវគ្គ២។

រូបថតកាលសម្ពោធរឿងអាបពាក់មួកសុវត្ថិភាពវគ្គមួយកន្លងមក
រឿងអាបពាក់មួកសុវត្ថិភាពវគ្គ២ គឺជាប្រភេទរឿងកំប្លែងសើចជ្រួញមុខ ដោយសាច់រឿងតម្រូវឲ្យ នាងអាបមកលេងបងប្អូននៅទីក្រុង និងមានឈុតឆាករន្ធត់ព្រឺព្រួចជាច្រើន ដែលបង្កើតឡើងដោយសមាជិកក្រុមនាយខេន ម្នាក់គឺនាយពាងដែលត្រូវបានខ្មោចឆៅខាំពីវគ្គ១ ហើយបានមកខាំចម្លងមេរោគពេញទីក្រុង (ឆ្លង Virus ខ្មោចឆៅ)។
ដោយរឿងអាបពាក់មួកសុវត្ថិភាពវគ្គ២នេះ ជាប្រភេទខ្សែភាពយន្តខ្នាតធំ ដូចនេះផលិតកម្ម អិលឌី បានចំណាយថវិការជាច្រើន សម្រាប់ទិញឧបករណ៍និងគ្រឿងតុបតែងខ្មោចពីសហរដ្ឋអាមេរិក។
ភាពជោគជ័យផលិតរឿងអាបពាក់មួយសុវត្តិភាពវគ្គ១ធ្វើឲ្យមានទស្សនៈដូចខាងក្រោម៖
លោក ម៉ាប់ ជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យ ន័រតុន បង្ហាញនូវភាពរំភើបរីករាយជាខ្លាំង ក្រោយពីបានទស្សនារឿងអាបពាក់មួកសុវត្ថិភាពរួច។ ដោយលែក ខេមរាបានប្រាប់ថានេះជាខ្សែភាពយន្តខែ្មរដែលកម្របានទស្សនា ព្រោះសាច់រឿងសើចពីដើមដល់ចប់ ហើយតួសម្ដែងសុទ្ធសឹងជាតួល្បីៗ។ គេសង្ឃឹមថា ខ្សែភាព យន្តខ្មែរនឹងបន្តធ្វើរឿងដែលមានគុណភាពដូចនេះបន្តទៀត។

លោក ម៉ាប់
ចំណែក កញ្ញា ស្រីយ៉ា ដែលរស់នៅខេត្តបន្ទាយមានជ័យ ក្រុងសិរីសោភ័ណ្ឌ បានសរសើរមិនដាច់ពីមាត់ ដោយទស្សនារឿងអាបពាក់មួកសុវត្ថិភាពហើយ មានអារម្មណ៍សប្បាយសើចចុកពោះ។ កញ្ញាបន្តថារឿងនេះ មើលម្ដងហើយចង់មើល ម្ដងទៀត ព្រោះនាងបានទស្សនាជាមួយមិត្តភ័ក្ដិម្ដងរួចមកហើយ។

ស្រីយ៉ា
រីឯលោក ល័ក្ខ រស់នៅទីក្រុងភ្នំពេញ បានកោតសរសើរចំពោះការផលិតនេះ ដែលមានសាច់រឿងកំប្លែងសើចរហូត។ លក្ខណៈពិសេសនោះគឺ អាបពេលហោះរកចំណីនាងតែងតែពាក់មួកសុវត្ថិភាព ព្រោះខ្លាចមានគ្រោះថ្នាក់ ដូចនេះប្រជាពលរដ្ឋទាំងអស់ដែលបើកបរមិនពាក់មួកសុវត្ថិភាព គួរតែពាក់មួកសុវត្ថិភាពទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពអាយុជីវិតរបស់ អស់លោកអ្នក។ សង្ឃឹមថាផលិតកម្មអិលឌី នឹងបន្តផលិតខ្សែភាពយន្តដែលមានសាច់រឿងល្អ និងគុណភាពខ្ពស់បន្តទៀត។

លោក ល័ក្ខ
ទន្ទឹមគ្នានេះ លោក លៀក លីដា បានបន្តថាក្នុងពេលនេះដែរ ផលិតកម្ម អិលឌី របស់លោកកំពុងតែជ្រើសរើសតួសម្ដែងសម្រាប់ថតរឿង អាបពាក់មួកសុវត្ថិភាព វគ្គ២ ដូចនេះគ្រប់តួសម្ដែងដែលមានបទពិសោធន៍និងមិនទាន់មានបទពិសោធន៍ទាំងអស់ ដែលមានចំណាប់អារម្មណ៍ និងគិតថាខ្លួនមានសមត្ថភាព ក្នុងការសម្ដែង អាចទាក់ទងតាមរយៈ ៖
ទូរស័ព្ទលេខ 066 6666 90 / 012 339 739
Email: leaklydald@gmail.com / nytraly@yahoo.com ។












