ក្នុង​ឆ្នាំ២០១២​នេះ មាន​សិល្ប​ការិនី​ខ្មែរ​​ចំនួន​បី​រូប​​បាន​រង​គ្រោះ ​ដោយសារ​​វីដេអូ​ ឬ​​រូបភាព​អាសអាភាស ដែល​គេ​គិត​ថា​ជារូប​របស់​​​ពួក​គេ​​​ត្រូវ​បាន​​បង្ហោះ​​នៅ​លើ​បណ្ដាញ Facebook ដោយ​​បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល លេច​ជា​ការ​ចោទ​សួរ​ដេញ​ដោល​គ្នា​ទៅ​វិញ​ទៅ​មក​ខ្ទរខ្ទារ​ក្នុង​គ្រា​កន្លង​មក។ តារា​ស្រី​ទាំង​បី​រូប​នោះ​មាន៖

១. តារា​ស្រី​ដែល​រង​គ្រោះ​ដោយ​វីដេអូ​អាសអាភាស​មុន​គេ​នោះ គឺ​កញ្ញា មាស សម្ផស្ស ដែល​ជា​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​មួយរូប។ ​វីដេអូ​សិចនោះ​ ​មាន​រយៈ​ពេល​៣នាទី និង​៣៦វិនាទី និង​ទំហំ​១៣ MB បាន​ធ្លាយ​ចេញ ដោយ​គេ​មើល​ឃើញ​​តួ​ស្រី​ក្នុង​ឃ្លីប​វីដែអូ​នេះ​មាន​ភិនភាគ​ដូច​កញ្ញា មាស សម្ផស្ស។ ទោះ​យ៉ាង​ណា កញ្ញា​ សម្ផស្ស បាន​ច្រាន​ចោល​ភ្លាម​ៗ ចំពោះ​ព័ត៌មាន​នេះ ហើយ​ថែម​ទាំង​​ហ៊ាន​ស្បថ​ទៀត​ផង ដើម្បី​បញ្ជាក់​​ថា​ខ្លួន មិន​បាន​ពាក់​ព័ន្ធ​នឹង​ឃ្លីប​​វីដេអូ​នេះ​​ទេ។

បើ​ទោះ​​ការ​បដិសេធ​ល្មមធ្វើ​​ឲ្យ​ទស្សនិកជន​ជឿ​ជាក់​តាម​នាង​​ក៏​ដោយ ក៏​រឿង​នេះ​​បាន​ធ្វើ​ឲ្យ​នាង​​មាន​ការ​​ឈឺ​ក្បាល​ជាខ្លាំង។ សំខាន់​បំផុត​នោះ គឺ​សង្សារ​កូរ៉េ​របស់​នាង មាន​អារម្មណ៍​មិន​ល្អ​នឹង​រឿង​បែក​ធ្លាយ​នេះ​ឡើយ។

២. អ្នក​នាង​ ស្រី​ម៉ុច ដែ​លជា​​តារា​សម្ដែង​សិចស៊ី​មួយ​រូប​ ក៏​បាន​រង​​ព្យុះ​ភ្លៀង​រឿង​ឃ្លិប​វីដេអូ​សិច​នេះ​ដែរ ​​កាល​ពី​ដើម​ឆ្នាំ។ ​វីដេអូ​​សិចនោះ​ មាន​​រយៈ​ពេល​៤នាទី និង​​មាន​ទំហំ​១៤​MB ត្រូវ​បាន​គេ​បង្ហោះ​លើ​អ៊ីនធឺណិត។ ស្រប​ពេល​នោះ​​ដែរ ​សារព័ត៌មាន​​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា រូប​នារី​ក្នុង​វីដេអូ​សិច​នោះ គឺ​​មាន​​​ភាព​ស្រដៀង​នឹង​តារា​សម្ដែង​សិចស៊ី​រូប​នេះ។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាង​ ស្រី​ម៉ុច​ មិន​បាន​ឈឺ​ក្បាល​នឹង​រឿង​នេះ​ឡើយ ពោល​គឺ​នាង​មិន​រវល់​ចេញ​មុខ​មក​បក​ស្រាយ​អី​នោះ​ទេ។ ចំណុច​នេះ ទស្សនិកជន​យល់​ថា ព្រោះ​តែ​នាង​ដឹង​ខ្លួន​ច្បាស់​ ថា​នាង​ជា​មាស​ទឹក​ដប់​ ដូច្នេះ​ហើយ​រឿង​នោះ​បាន​ចប់​ទៅ​វិញ​ដោយ​ពុំ​មាន​សល់​ដាន​សង្ស័យ​ឡើយ។​

៣. តារា​សម្ដែង​សិចស៊ី​ម្នាក់​ទៀត  គឺ​កញ្ញា សាន សុ​ម៉ាលី ជា​បុគ្គល​ទី​៣ ដែល​បាន​រង​គ្រោះ​ដោយ​រូប​ភាព​សិច។ នាង​​ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង រូប​ភាព​អាក្រាត​មួយ ដែល​ថត​នៅ​ក្នុង​បន្ទប់​គេង​មួយ​កន្លែង។ រូបភាព​នោះ បាន​បង្ហាញ​ថា នារី​ដែល​មាន​រូបរាង​ស្រដៀង​គ្នា​នឹង ​សាន សុម៉ាលី ឈរ​ដោះ​អាវ​ បញ្ចេញ​​សុដន់​ស្ទើរ​តែ​ទាំង​ស្រុង ព្រោះ​មាន​កន្សែង​​ពោះ​គោ​ពណ៌ស​​រុំ​បិទ​​​តែ​បន្តិច​បន្តួច​​ប៉ុណ្ណោះ។ រូប​នេះ ត្រូវ​បាន​គេ​បង្ហោះ​ពាស​ពេញ​បណ្ដាញ​ព័ត៌មាន​សង្គម Facebook ។

យ៉ាង​ណា​ក៏​ដោយ បញ្ហា​នេះ​ត្រូវ​បាន​ សាន សុម៉ាលី ​ច្រាន​ចោល ដោយ​អះ​អាង​ថា​ មិន​មែន​ជា​រូបភាព​របស់​នាង​ទេ។ បន្ថែម​ពី​លើ​នេះ នាង​បាន​បញ្ជាក់​ថា រូប​ភាព​​នោះ​ទំនង​ចេញ​មក​ពី​ប្រទេស​វៀតណាម ព្រោះ​ស្រី​ក្នុង​រូប​នោះ​មាន​មុខមាត់​ស្រដៀង​នឹង​នារី​វៀតណាម តែ​​មិន​​មែន​​ជា​នាង​ទេ។

ពាក់​ព័ន្ធ​នឹង​រូប​ភាព ឬ​វីដេអូ​អាស​អាភាសទាក់​ទង​នឹង​តារា​ខាង​លើ​​ ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក សុះ ម៉ាច បាន​អះអាង​ថា ទាំង​​នោះ​គ្រាន់​តែ​ជា​រូបភាព​កាត់ត​ដោយ​បច្ចេកវិទ្យា​កុំព្យូទ័រ​ប៉ុណ្ណោះ។ ចំណែក​​​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា ក៏បាន​​អះអាង​ថា រូប​ភាព​វីដេអូ​ឃ្លិប​សិច​​ និង​​​រូប​ថត​របស់​តារា​ខាង​លើ​ គឺ​ជា​រូប​កាត់​​ត​ដែរ៕

អត្ថបទ៖ សុខ​អូន
កែសម្រួល៖ ទារិកា