ខ្សែ​ប្រយុទ្ធ​ Mirko Vučinić ​របស់​ក្លិប Juventus ​បាន​ស្រាត​ខោ​គ្រវី​នៅ​ពី​មុខ​ទស្សនិកជន​ជិត​បួន​ម៉ឺន​នាក់​ក្នុង​កីឡដ្ឋាន​ Juventus Stadium ដើម្បី​ជា​ការ​អបអរ​គ្រាប់​បាល់​របស់​ខ្លួន​បំបែក​ពងមាន់​ក្រុម Pescara ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Serie A កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដែល​ Juventus ឈ្នះ​២-១​ នៅ​ទី​បញ្ចប់​។​

​ក្រុម​ Pescara ​ជា​ក្រុម​បាត​តារាង​គេ​បង្អស់​ក្នុង​ចំណោម​ក្រុម​ទាំង​២០​ក្នុង​លីក​កំពូល​អ៊ីតាលី ប៉ុន្តែ​ក្រុម​សេះបង្កង់ Juventus ​ដែល​ជា​ក្រុម​កំពូល​តារាង​និង​ជា​ម្ចាស់​ជើងឯក​ចាស់​ផង​នោះ​ ត្រូវ​ព្យាយាម​រហូត​ដល់​នាទី​ទី​៧២​ទម្រាំ​អាច​ស៊ុត​បញ្ចូល​ទី​ក្រុម​ Pescara ​បាន។​ ហើយ​គ្រាប់​បាល់​នេះ​ទៀត​សោត គឺ​បាន​មក​ពី​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​ខ្សែ​ប្រយុទ្ធ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ម៉ុងតេណេក្រូ​ Vucinic​​ ក្រោយ​ពេល​ខ្សែ​បម្រើ Giuseppe Rizzo បង្ក​កំហុស​ធ្ងន់​​ក្នុង​ប្រអប់​គ្រោះថ្នាក់​​រហូត​ទទួល​កាត​ក្រហម។

គ្រាន់​តែ​ទាត់​ចូល​ភ្លាម​ អតីត​សមាជិក​ក្លិប​ Lecce​ និង ​Roma ​វ័យ​២៩​ឆ្នាំ​រូប​នេះ​យក​ដៃ​ស្រាត​ខោ​គ្រវី​លើ​ក្បាល​ដើម្បី​បង្ហាញ​ភាព​សប្បាយ​រីករាយ​របស់​ខ្លួន។ មិន​ថា​តែ​ដោះអាវ​ទេ​ដែល​ត្រូវ​ពិន័យ​កាត​លឿង ការ​អបអរ​របស់ Vucinic ​របៀប​នេះ​ក៏​ទទួល​កាត​លឿង​១​ដែរ។

​យ៉ាង​ណា​ក្ដី ​អតីត​យុវជន​ក្លិប ​Sutjeska Nikšić ​នេះ​រក​បាន​គ្រាប់​បាល់​ទី​២​នៅ​នាទី​ទី​៧៨ មុន​​ខ្សែ​បម្រើ​ Emmanuel Cascione ​វាយ​បក​គ្រាប់​លួង​ចិត្ត​ឱ្យ​ក្រុម​ភ្ញៀវ​១​គ្រាប់​វិញ​នៅ​៥​នាទី​បន្ទាប់​។

ឆ្លងកាត់​៣១​ប្រកួត​មក​នេះ ​ក្រុម​ដែល​បង្វឹក​ដោយ​លោក Antonio Conte កំពុង​ធ្វើ​ដំណើរ​លើ​វិថី​ឆ្ពោះ​ទៅ​លើក​ពាន​ជើងឯក​លីក​កំពូល​អ៊ីតាលី​ជា​លើក​ទី​២៩ ដោយ​រក​បាន​៧១​ពិន្ទុ​​ នាំ​មុខ​ក្រុម​លេខ​២​ Napoli ​៩​ពិន្ទុ។

​ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់
​រូបថត​៖ dailymail