ក្រុម​ទើប​ឈ្នះ​ពាន Bundesliga ថ្មីៗ Bayern Munich នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ជើង​ឯក​អឺរ៉ុប​បួន​សម័យ Barcelona នៅ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League។ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ ក្រុម​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​២៤​ដង Real Madrid នឹង​ត្រូវ​ត​ទល់​ជាមួយ​ក្រុម​មិន​ទាន់​ចាញ់​ក្នុង​កម្មវិធី Borussia Dortmund

ការ​ចាប់​ឆ្នោត​ Champions League

Bayern Munich ដែល​ចាញ់​ Chelsea នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​មុន​ កំពុង​ធ្វើ​យ៉ាង​ណា​អាច​ឆ្លង​ផុត​ Barcelona ដើម្បី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី​២​ជាប់​គ្នា​នៅ​ Wembley នា​ថ្ងៃ​ទី​២៥ ខែ​ឧសភា ខណៈ​ក្រុម​នេះ​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ជើង​ទី​១ នា​ថ្ងៃ​ទី​២៣ ខែ​មេសា មុន​ទៅ​ទឹក​ដី Barca នៅ​ជើង​ទី២​នា​ថ្ងៃ​ទី​១ ខែ​ឧសភា។

ក្រុម​ទាំង​៤ នៅ Champions League

ចំណែក​ Real Madrid ​ដែល​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បី​រដូវ​កាល​ជាប់​គ្នា​វិញ​ បាន​គេច​ផុត​ពី​គូ​ប្រជែង Barcelona ដែល​ឡើង​ដល់​វគ្គ​នេះ​ដល់​ទៅ​​៦​រដូវ​កាល​ជាប់​គ្នា។ ក្រុម​​​​នេះ​​ត្រូវ​ទៅ​លេង​ជើង​ទី១​នៅ​ផ្ទះ Dortmund នា​ថ្ងៃ​ទី​២៤ ខែ​មេសា និង​ជើង​ទី​២​នៅ​ផ្ទះ​ខ្លួន​ឯង​ នា​ថ្ងៃ​ទី​៣០ ខែ​ដដែល។

ងាក​ចេញ​ពី​ Champions League ទៅ​មើល Europa League ដែល​ចាប់​ឆ្នោត​ថ្ងៃ​តំណាល​គ្នា​ដែរ​នោះ គឺ​តោ​ខៀវ Chelsea របស់​អង់គ្លេស ត្រូវ​ប៉ះ​ក្រុម​មក​ពី​ស្វីស Basel។ ជើង​ទី​១ នៃ​គូ​នេះ នឹង​ត្រូវ​លេង​នៅ​ទឹក​ដី​របស់ Basel នា​ថ្ងៃ​ទី​២៥ ខែ​មេសា។ ចំណែក​មួយ​គូ​ទៀត​វិញ ក្រុម​ជើង​ខ្លាំង​ទួរគី Fenerbahce ប៉ះ​ Benfica របស់​ព័រទុយហ្គាល់។

ការ​ចាប់​ឆ្នោតនៅ Europa League

គូ​ប៉ះ​គ្នា​នៅ Europa League

យ៉ាង​ណា​ដែរ មាន​ប្រិយមិត្ត​ណា​ខ្លះ​ដែល​ទស្សន៍ទាយ​ការ​ចាប់​គូ​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ទាំង​ពីរ​នេះ​ត្រូវ​ខ្លះ?​

ប្រែ​សម្រួល៖ សុខ សុវត្ថិ
ប្រភព៖ fifa