មួយ​ថ្ងៃ​ៗ​ មិន​ដឹង​ជា​មាន​បុរស​ប៉ុន្មាននាក់​​ទេ​ទៅ​ក្លឹប​ហាត់​ប្រាណ ​លើក​អាល់តែរ រត់ និង​វ៉ៃ​បាវ​ខ្សាច់​ ដើម្បី​សុខភាព​ល្អ​។ ​បុរស​ខ្លះ​ ហាត់​ទាល់​តែ​ឡើង​សាច់​ដុំ​ធំៗ​ ​​ដែល​មើល​ទៅ​មាឌ ​និង​សាច់ដុំ​សម​គ្នា​ តែ​បុរស​ខ្លះ​វិញ​​ហាត់​រហូត​ដល់​មើល​ទៅ​សាច់​ដុំ​ និង​រាងរៅ​មិន​សម​គ្នា​សោះ​។ ​​តើ​​មិត្ត​នារី ​៤រូប​ខាង​ក្រោម​​​​ យល់​យ៉ាង​ម៉េច​ទៅ​ណ៎ ចំពោះ​បុរស​​មាន​សាច់ដុំ?

កញ្ញា ​កែវ​ មិនា​ និស្សិត ​​​សាកល​វិទ្យាល័យ​ជា​តិ​គ្រប់​គ្រង​​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​បុរស​មាន​សាច់​ដុំ មើល​ទៅ​អាក្រក់​​​មើល​ណាស់​ ហើយ​មិន​សង្ហាទេ។ “ខ្ញុំ​អត់​ចូល​ចិត្ត​ទេ​បុរស​មាន​សាច់​ដុំ​ មើល​ទៅ​ម៉េច​មិន​ដឹង​ទេ​! រាង​កំពត​កំពើង​ដុំៗ។ បុរស​សង្ហា​សម្រាប់​ខ្ញុំ​គឺ​រាង​ខ្ពស់​ មាឌ​ល្មម ​និង​សម្បុរ​ស”។ កែវ មិនា​ ​និយាយ​រៀង​អៀន​មុខ​ឡើង​ក្រហម។

ទោះ​​ជា​យ៉ាង​ណា​ចំពោះ​ កញ្ញា សោភា និស្សិត​​ សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ដែរ​​និយាយ​ថា​ ៖​ “អ្នក​ខ្លះ​ទាប​ កន្តឿ​ហើយ​មាន​សាច់​ដុំ​ទៀត​ អាក្រក់​មើល​តិច​អី! រាង​ដូច​គីង្គក់​។ ខ្ញុំ​អត់​ចាប់​អារម្មណ៍​បុរស​មាន​សាច់​ដុំ​ទេ ចូល​ចិត្ត​តែ​បុរស​ណា​មាន​រាង​ស្គម ​ប៉ុន្តែ​មាន​រាង​កាយ​ និង​សុខភាព​មាំ​មួន”។

ដោយ​ឡែក ​កញ្ញា​ ថាវី​ ជាង​ធ្វើ​ក្រចក​នៅ​ផ្សារ​ទំនើប​សូរិយា​ បាន​ឲ្យ​ដឹង​ថា​​ បើ​បុរសៗ​មាន​សាច់​ដុំ​ដូច​កីឡា​កាស​​ គឺ​កញ្ញា​មិន​ចង់​ជួប​ទេ​ព្រោះ​អត់​ចូល​ចិត្ត។​ ប៉ុន្តែ​កញ្ញា​ ​ថា​បើ​បុរស​​ខ្ពស់ៗ​ ​ហើយ​មាន​សាច់​ដុំ​ល្មម​ៗ ​មើល​ទៅ​បាន​សង្ហា​ និង​​មាន​សុខភាព​ល្អ​។

សម្រាប់​ កញ្ញា​ ស៊ី នឿន​ វ័យ​ ២២​ឆ្នាំ​ឯ​នោះ​វិញ​ បាន​និយាយ ​ទាំង​ទឹក​មុខ​ញញឹម​ថា បុរស​មាន​សាច់​ដុំ​​គឺ​សង្ហា និង​បង្ហាញ​ពី​លក្ខណៈ​ជា​បុរស។ “បុរស​ស្គមៗ​មើល​ទៅ​ញ័រៗ ចេកៗ អត់​រឹង​មាំ​សោះ។ ​សម្រាប់​ខ្ញុំ​បុរស​សង្ហា​​ ​គឺ​មិន​ទាប​ពេក​ហើយ​មាន​មាឌ​មាំ​ សាច់​ដុំ​ធំ​បន្តិច​ មើល​ទៅ​មាន​កម្លាំង​ខ្លាំង​ និង​អាច​ការពារ​ខ្ញុំ​បាន”។

តើ​មិត្ត​យុវតី​ដទៃ​ទៀត​ យល់​យ៉ាង​ណា​ដែរ​ ចំពោះ​បុរស​ដែល​មាន​សាច់​ដុំ?

អត្ថបទ៖ ផល្លា​ ​សុម៉ាលីណា