គិត​មក​ទល់​ពេល​នេះ Asva the Monkey ​ហ្គេម​ទូរសព្ទ​ដែល​បង្កើត​​ដោយ​កូន​ខ្មែរ​ពិតៗ បាន​ឈរ​លើ​ឆាកពិព័រណ៍​​​អន្តរជាតិ​អស់​រយៈ​ពេល ៣ ថ្ងៃ​ហើយ។

ក្នុង​ចំណោម​ហ្គេម​រាប់​រយ​ប្រភេទ Asva the Monkey ​បាន​លោត​ហក់​ទៅ​ហក់​មក​បង្អួត​រាង​យ៉ាង​ក្រឡេមក្រឡឺម​​ក្បែរ​ទង់​ជាតិ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ នា​ព្រឹត្តិការណ៍​ពិព័រណ៍​​ហ្គេម E3 នៅ​អាមេរិក។

លោក អៀ អ៊ុយ ស្ថាប​និក​មួយ​រូប​ក្នុង​ចំណោម​ក្រុម​ការងារ​ផលិត​ហ្គេម​មួយ​នេះ បាន​ឲ្យ​ដឹង​ថា Asva the Monkey មាន​គេ​ចាប់​អារម្មណ៍​ច្រើន​គួរសម​ពេល​ទៅ​ដល់​អាមេរិក។ បើ​និយាយ​ពី​ចំនួន​អ្នក​ទាញ​យក​វិញ​ក៏​មិន​ណយ​ដែរ។ យ៉ាង​ណា​ លទ្ធផល​ជាក់​ស្ដែង​នឹង​បង្ហាញ​នៅ​ពេល​ព្រឹត្តិការណ៍​ E3 បាន​បញ្ចប់។

ជាមួយ​គ្នានេះ លោក​បន្ត​ថា ក្រុម​ការងារ 100% Indie កំពុង​តែ​រៀប​ចំ​ថត​រូប និង​ថតវីដេអូ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​វត្តមាន​ហ្គេម​ទូរសព្ទ​របស់​ប្រទេស​​ខ្មែរ​ជា​លើក​ដំបូង​នៅ​ព្រឹត្តិការណ៍ E3 2013 នេះ។

“ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ពេល​ដែល​ហ្គេម​បង្កើត​ដោយ​កូន​ខ្មែរ មាន​ការ​ទទួល​​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​បែប​នេះ ខ្ញុំ​នឹង​ខិត​ខំ​បន្ត​ទៀត​ ដើម្បី​ស្នាដៃ​កូន​ខ្មែរ​កាន់​តែ​ល្បី​​ល្បាញ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត”។ លោក​បន្ថែម។

Electronic Entertainment Expo គឺ​ជា​ពិព័រណ៍​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ ដែល​មាន​តាំង​បង្ហាញ​ហ្គេម​កុំព្យូទ័រ​ និង​ឧបករណ៍​សម្រាប់​លេង​ហ្គេម​ចេញ​ថ្មី។ ​ពិព័រណ៍នេះ​រៀបចំ​ឡើង​ដោយ​សមាគម Software សម្រាប់​កម្សាន្ត (ESA) ដែល​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​សន្និបាត Los Angeles សហរដ្ឋអាមេរិក។ E3 ធ្វើ​ឡើង​រយៈ​ពេល ៣ ថ្ងៃ​គឺ​ចាប់​ទី​ថ្ងៃ​ទី ១១ ដល់ ១៣ ខែ​មិថុនា​នេះ។

ចង់​សាក​ហ្គេម​ខ្មែរ ដែល​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​នេះ​អត់? ចុច​ទី​នេះ សម្រាប់ iOS ហើយ​ Click កន្លែង​នេះ សម្រាប់ Android។

ព័ត៌មាន​ផ្សេងៗ​ទៀត Sabay នឹង​ចុះផ្សាយ​ជា​បន្ត​បន្ទាប់៕

អត្ថបទ៖តុង