កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​១៦​ ខែ​មិថុនា​កន្លង​ទៅ​នេះ ​កំពូល​តារា​ភាពយន្ត​ខ្នាត​ធំ​បី​ដួង​គឺ​ Chow Yun Fat, Donnie Yen និងAaron Kwok បាន​បើក​សន្និសីទ​កាសែត​មួយ​នៅ​ទីក្រុង​សៀងហៃ ​ប្រកាស​ប្រាប់​អ្នក​កាសែត​ថា ​ពួក​គាត់​នឹង​សហការ​គ្នា​ផលិត​​ភាពយន្ត​រឿង​ “The Monkey King” ឬ “​ស្តេច​ស្វា​អ៊ូ​ខុង​”។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នោះ​ Donnie Yen ឬ​ កុំកុំ​ ក្នុង​ឋានៈ​ជា​អ្នកដឹកនាំ​រឿង​ផង​ និង​សម្ដែង​ជា​តួ​អង្គ​ស្តេច​ស្វាអ៊ូ​ខុង​ខ្លួន​ឯង​ផង​បាន​ត្អូញត្អែរ​ថា​៖ “ខ្ញុំ​ចំណាយ​ពេល​៥​ម៉ោង​ដើម្បី​តុបតែង​មុខ​ជា​ស្វា ​ហើយ​ចំណាយ​ពេល​មួយ​ម៉ោង​ទៀត​​ដើម្បី​លុប​លាង​មុខ​ចេញ​ មិនតែ​ប៉ុណ្ណោះ​ខ្ញុំ​ត្រូវ​មើល​ថែ​តារា​ក្មេងៗ​ជំនាន់​ក្រោយ​ទៀត​ ព្រោះ​ល្បង​Chow Yun Fat ​មាន​ការ​រវល់​ច្រើន​”។

ពេល​នោះ​Chow Yun Fat​បាន​ឆ្លើយតប​ចំពោះ​ការ​ត្អូញត្អែរ​របស់​ កុំកុំ​ ក្នុង​ខណៈ​នោះ​ភ្លាម​ៗ​ដែរ​ថា​៖ “តើ​ឯង​ចង់​និយាយ​ពីអី​? តួអង្គ​ឯង​ជា​ស្វា​ចំណែក​តួអង្គ​ខ្ញុំ​ជា​មនុស្ស។ ក្រោយ​សម្តែង​រួច​ពី​២​ម៉ោង​ ពេល​ខ្ញុំ​រៀប​ចំ​ទៅ​ផ្ទះ​ ឯង​នៅ​មិន​ទាន់​លុប​លាង​មុខ​រួច​ផង​ ម្យ៉ាង​ទៀត​រយៈពេល​២​ម៉ោង​ដែល​ខ្ញុំ​នៅ​​រង​ចាំ​ឯង​ គួរ​តែ​គ្រប់គ្រាន់​ហើយ​”។

នៅ​ក្នុង​ភាពយន្ត​រឿង​ “ស្តេចស្វាអ៊ូខុង”​នេះ ​Chow Yun Fat ​សម្តែង​តួ​ជា​ព្រះ​ឥន្ទ្រាធិរាជ​ ចំណែក​ កុំកុំ និង Aaron Kwok សម្តែង​ជា​តួអង្គ​ស្វា​ និង​គោ​ ដូច្នេះ​ Chow Yun Fat ​និយាយ​ថា​ លោក​សម្តែង​តួអង្គ​​ជា​មនុស្ស​មាន​ការ​ងាយស្រួល​ជាង​មិត្ត​រួម​អាជីព​ទាំងពីរ​នាក់​ទៀត។ ចំណែក​តារាស​ម្តែង Aaron Kwok ហាក់​មិន​និយាយ​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ទេ​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ពេលនោះ។

រឿង “ស្តេចស្វាអ៊ូខុង” ​នេះ​ដក​ស្រង់​ចេញ​ពី​ប្រលោម​លោក​រឿង​ “Journey to the West” ពិ​ពណ៌នា​អំពី​បិសាច​គោ​បញ្ចុះ​បញ្ចូល​ស្តេច​ស្វា​អ៊ូខុង​ឱ្យ​ប្រឆាំង​នឹង​ព្រះឥន្ទ។ គេរំពឹងថា​ភាពយន្ត​ខ្នាតធំ​នេះអាច​នឹង​​ចាក់​បញ្ចាំង​នៅ​ចុង​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ហើយ៕

ប្រែសម្រួល ៖ សុខា នីកា
ប្រភព ៖
asianpopnews