ខាង​ក្រោម​នេះ​ ជា​ព័ត៌មាន​ដែល​ទាក់​ទង​ទៅ​នឹង​អាហារូបករណ៍​អន្តរជាតិ​​​មួយ​ចំនួន ​​ក្រោម​ជំនួយ​ឧបត្ថម្ភ​ផ្ទាល់​ពី​ខាង​​​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ដែល​បាន​ផ្ដល់។ តើ​អាហារូបករណ៍​ទាំង​នោះ​មាន​ប្រទេស​ណា​ខ្លះ​ទៅ?



អាហារូបករណ៍​ពេញ​ថ្លៃ ​Fulbright Scholarships
កម្មវិធី​​អាហារូបករណ៍​ពេញ​ថ្លៃ​មួយ​នេះ​ ជា​កម្មវិធី​អាហារូបករណ៍​ដែល​​ធ្វើ​ការ​ផ្លាស់​ប្ដូរ​និស្សិត​សហរដ្ឋអាមេរិក​ ជាមួយ​​និស្សិត​មក​ពី​​ពី​១៥៥​ប្រទេស​ផ្សេង​ទៀត​។ ជា​រៀង​រាល់​ឆ្នាំ​ មាន​និស្សិត​ឆ្នើម​​ប្រហែល​១៨០០​នាក់​ ដែល​បាន​ទទួល​អាហារូបករណ៍​ ទៅ​បន្ត​ការ​សិក្សា​​យក​អនុបណ្ឌិត​ និង​បណ្ឌិត។ ថ្លៃ​បង់​​សាលា​ សៀវភៅ​សិក្សា​ ថ្លៃ​ធ្វើ​ដំណើរ​ ប្រាក់​ខែ​ និង​សេវា​ធានា​រ៉ាប់​រង​សុខភាព​ ជា​បន្ទុក​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ទាំង​ស្រុង។

Chevening Scholarships
នេះ​ជា​អាហារូបករណ៍​លំដាប់​អន្តរជាតិ​មួយ​ ដែល​ផ្ដល់​ឲ្យ​តាម​រយៈ​រាជរដ្ឋាភិបាល​អង់គ្លេស។ និស្សិត​ប្រមាណ​ ១០០០​នាក់​ មក​ពី​១៣០​ប្រទេស​ ជុំ​វិញ​​ពិភព​លោក​បាន​ទទួល​អាហារូបករណ៍​នេះ​ជា​រៀង​រាល់​ឆ្នាំ។ ស្រដៀង​គ្នា​នឹង​អាហារូបករណ៍​ខាង​លើ​ដែរ ​ខាង​រាជរដ្ឋាភិបាល​អង់គ្លេស​ចេញ​ថ្លៃ​ទាំង​ស្រុង​​លើ​ការ​ធ្វើ​ដំណើរ​ទៅ​មក​ ថ្លៃ​សាលា​ ថែម​ទាំង​​មាន​ប្រាក់​ខែ​ទៀត​ផង។

Endeavour Awards
សម្រាប់​អាហារូបករណ៍​ Endeavour Awards​នេះ​វិញ​ គឺ​ជា​ការ​ផ្ដល់​ជូន​​​របស់​រដ្ឋាភិបាល​អូស្ត្រាលី ​ឲ្យ​ទៅ​និស្សិត​ដែល​មក​ពី​តំបន់​​មួយ​ចំនួន​រួម​មាន​ Asia Pacific, the Middle East, the Caribbean, Europe និង​ អាម៉េរិកាំង​ ដែល​ចង់​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​ និង​សិក្សា​ពី​ជំនាញ​អភិវឌ្ឍន៍​នៅ​ប្រទេស​អូស្ត្រាលី​​តែ​ម្ដង​។ ថ្លៃ​សិក្សា​ ធានា​រ៉ាប់​រង​សុខភាព​ និង​ការ​ធ្វើ​ដំណើរ​ ខាង​រដ្ឋាភិបាល​ជា​អ្នក​ផ្ដល់​ជូន​ទាំង​អស់។

​​​DAAD Scholarships

ការិយាល័យ​កិច្ចការ​បរទេស​សហព័ន្ធ​នៃ​ប្រទេស​អាល្លឺម៉ង់​ តាម​រយៈ​ German Academic Exchange Service (DAAD) ​បាន​ផ្ដល់​ជូន​​​អាហារូបករណ៍​ដល់​និស្សិត​ឆ្នើម​បរទេស​ កម្រិត​អនុបណ្ឌិត​ និង​បណ្ឌិត។ ​ជា​ពិសេស​និស្សិត​ដែល​​សិក្សា​ស្រាវជ្រាវ​​ទូទៅ​មក​ពី​គ្រប់​សាលា​ រួម​ទាំង​អ្នក​ដែល​ត្រូវ​ការ​សិក្សា​លើ​ជំនាញ​ ភ្លេង​ សិល្បៈ​ និង​​ជំនាញ​នៃ​ការ​សំដែង​ត្រូវ​បាន​ស្វាគមន៍។​ ចំពោះ​ការ​​ឧបត្ថម្ភ​វិញ​​ ​អាហារូបករណ៍​មួយ​នេះ​​​បាន​ផ្ដល់​ជូន​នូវ​ប្រាក់​ខែ​ប្រចាំ​ខែ​ ដល់​និស្សិត​ដែល​កំពុង​តែ​សិក្សា​កម្រិត​ឧត្ដម​សិក្សា​ រួម​ទាំង​សោហ៊ុយ​ធ្វើ​ដំណើរ​ ធានារ៉ាប់រង​​លើ​​សុខភាព​ គ្រោះ​ថ្នាក់​​ជា​យថាហេតុ​ជាដើម​។ ជា​រៀង​រាល់​ឆ្នាំ​​និស្សិត​​ជាង​ ៧ម៉ឺន​នាក់​បាន​ទទួល​អាហារូបករណ៍​នេះ។

​​​​អាហារូបករណ៍​រដ្ឋាភិបាល​ស្វីស (Swiss Government Scholarships)
រដ្ឋាភិបាល​ប្រទេស​ស្វីស​ផ្ដល់​អាហារូបករណ៍​នេះ​សម្រាប់​និស្សិត​បរទេស​មក​ពី​​គ្រប់​បណ្ដា​​ប្រទេស​ទាំង​អស់។ ​អាហារូបករណ៍​នេះ​​ផ្ដល់​​ជូន​សិស្ស​​និស្សិត​​សិក្សា​លើ​​គ្រប់​ជំនាញ​ ឬ​ក៏​អ្នក​ចង់​ស្រាវជ្រាវ​​នៅ​វិទ្យាស្ថាន​ក្នុង​ប្រទេស​ស្វីស​នោះ​ក៏​បាន​ដែរ។ ប្រាក់​ខែ​ដែល​ទទួល​បាន​ពី​អាហារូបករណ៍​នេះ​ គឺ​ពី​១៧៦៦​ទៅ​ដល់​២១១៩​ដុល្លារ​សហរដ្ឋ​អាមេរិក។ បេក្ខជន​​ប្រហែល​១០០០​នាក់​បាន​​​ចូល​រួម​​ដាក់​អាហារូបករណ៍​នេះ​ ប៉ុន្តែ​បេក្ខជន​ត្រឹម​តែ​ ២០%​ តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ទទួល។

Eiffel Scholarships
គ្រាន់​តែ​អាន​ត្រឹម​ឈ្មោះ​ក៏​អាច​ដឹង​បាន​ដែរ​ថា​ នេះ​ជា​អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​បារាំង​ ហើយ​អាហារូបករណ៍​មួយ​នេះ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​​ខ្លាំង​ពី​និស្សិត​បរទេស​ដែល​មាន​សមត្ថភាព​ ហើយ​ចាប់​អារម្មណ៍​ចង់​សិក្សា​អនុបណ្ឌិត​ និង​បណ្ឌិត​ផ្នែក​វិស្វករ​​នៅ​ប្រទេស​បារាំង។ អាហារូបករណ៍​មួយ​នេះ​ផ្ដល់​ជូន​តែ​ការ​បញ្ចុះ​តម្លៃ​ចំពោះ​ថ្លៃ​ធ្វើ​ដំណើរ​ សុខភាព​ ហើយ​ និង​ថ្លៃ​ស្នាក់​នៅ​ តែ​មិន​បាន​ធានា​​រ៉ាប់​រង់​ចំពោះ​ថ្លៃ​សាលា​​​ទាំង​អស់នោះ​ទេ។ អាហារូបករណ៍​ប្រមាណ​៤០០​កន្លែង​ត្រូវ​បាន​ផ្ដល់​ជូន​រៀង​រាល់​ឆ្នាំ។

ចុច​ត្រង់​នេះ​ដើម្បី​​ចូល​​ទៅ​​តាម​​ដាន​​ព័ត៌មាន​​អំពី​​អាហារូបករណ៍​​ទាំង​​នេះ។

អត្ថបទ៖ យិន សំបូរ

រូបភាព៖ Rferl