ទីបំផុត! ឡូរ៉ា ម៉ម ដណ្តើមបានពានរង្វាន់អន្តរជាតិ «ស្រ្តីនៃពេលអនាគត»

  • 2018-03-22 02:46:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​​ពី​ម្សិល​មិញ​​នេះ កញ្ញា ឡូរ៉ា ម៉ម ត្រូវបានកម្មវិធី “ស្ត្រីនៃពេលអនាគត” ប្រកាសជាបេក្ខជនទទួលបានពាន រង្វាន់អន្តរជាតិ ផ្នែក «សិល្បៈវប្បធម៌»​។

កាលពីដើមខែ វិច្ឆិកា ឆ្នាំ ២០១៧ កញ្ញា ឡូរ៉ា ធ្លាប់បានប្រកាសថាជាប់ជាជម្រើសចុងក្រោយ ក្នុងកម្មវិធី “ស្ត្រី​នៃពេលអនាគត” ដើម្បីប្រកួតជាមួយតំណាងស្រ្តីគំរូជាច្រើននាក់ជុំវិញពិភពលោក។ “ស្ត្រី​នៃ​ពេល​អនា​គត” គឺជាកម្មវិធីពានរង្វាន់អន្ដរជាតិ ដែលបានទទួលស្គាល់ដោយលោកស្រី Cherie Blair ជាភរិយារបស់អតីតនាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស គឺលោក Tony Blair។

កម្មវិធីពានរង្វាន់នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្កើត​នូវ​បណ្តាញ​មួយ​ក្នុង​ចំណោម​ស្ត្រី​ដែល​មាន​ឥទ្ធិពល និង មានអំណាចក្នុងពិភពលោក ដោយសង្ឃឹមថាការភ្ជាប់ទំនាក់ទំនងជាមួយគ្នា នឹង​ជួយ​រុញ​ច្រាន​ស្ត្រី​លើ​លោកឲ្យក្លាយជាអ្នកនាំមុខគ្រប់វិស័យ។

កញ្ញា ឡូរ៉ា ម៉ម ដែលបានជាប់ជាបេក្ខនារីឈរឈ្មោះក្នុង ផ្នែក​ ”សិល្បៈ និងវប្បធម៌” រួម​ជា​មួយ​បេក្ខនារី​ដទៃ​ទៀត​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​បាន​ទៅ​ចូល​រួម​កម្មវិធីនៅឯប្រទេស សិង្ហបុរី កាលពីថ្ងៃទី ២០ ខែមីនា កន្លងទៅនេះ។ ជា​មោទន​ភាព​ដ៏ធំធេង​មួយ​សម្រាប់​ស្រ្តីកម្ពុជា ដែល​មាន​បេក្ខនារី​ដល់ទៅ១១រូបតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។

មានតែ កញ្ញា ឡូរ៉ា តែម្នាក់ប៉ុណ្ណោះដែលបាន​ទទួលពានរង្វាន់ “ស្ត្រីនៃពេលអនាគត” ក្នុង​ផ្នែក ​”សិល្បៈ និងវប្បធម៌” ក្នុង​ចំណោមបេក្ខនារីឈរឈ្មោះមកពីប្រទេសដទៃទៀតជាច្រើនរូប។ កញ្ញា ​បាន​បញ្ជាក់​​​ទៀ​ត​​ថា​៖ “ខ្ញុំ​ផ្ទាល់​ក៏​សឹង​តែមិនជឿថាខ្លួននឹង​ទទួល​បាន​ពាន​រង្វាន់​មួយ​នេះ​នៅពេល​ដែល​គេ​ប្រកាស​ហៅឈ្មោះ​របស់ខ្ញុំនៅលើឆាក​ ហើយវាពិត​ជាកិត្តិយសដ៏​មាន​តម្លៃ​សម្រាប់​ខ្ញុំ និង​សម្រាប់​ស្ត្រី​កម្ពុជា​ទាំង​អស់”។

ជាសាររំលែកនូវសេចក្តីនឹករលឹកដឹងគុណ កញ្ញា ឡូរ៉ា ក៏សូមឧទ្ទិសភាពជោគជ័យនេះជូនដល់មិត្តក្នុងវិស័យសិល្បៈ អ្នកនាង កាក់ ចន្ធី ដែលទទួលមរណៈភាពក្នុងឧប្បទេវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ សូមទៅកាន់ទីស្ងប់សុខ។ កញ្ញា ឡូរា ប្រាប់ថា៖ «បង កាក់ ចន្ធី ដែលគាត់គឺជាស្រ្តីកម្ពុជាមួយរូបដែលតែងជំរុញទឹកចិត្ត និងនាំយកតែភាពរីករាយដល់អ្នកជុំវិញខ្លួន ហើយខ្ញុំក៏សូមចែករំលែកភាពជោគជ័យមួយនេះជាមួយគាត់ផងដែរ យើងទាំងអស់គ្នាគួរតែឲ្យតម្លៃនិងទទួលស្គាល់ទៅលើបុគ្គលគ្រប់រូបដែលតែងតែធ្វើរឿងដ៏អស្ចារ្យ។»

ជាចុងក្រោយកញ្ញា ឡូរ៉ា ក៏ ក៏សូមផ្ញើជូនពានរង្វាន់នេះទៅដល់ប្រជាជនខ្មែរគ្រប់រូបដែលមានក្ដីស្រមៃចង់ឲ្យប្រទេសកម្ពុជាកាន់តែប្រសើរឡើង។ កញ្ញាក៏លើកទឹកចិត្តថា សូមកុំបោះបង់ក្ដីស្រមៃ ព្រោះយើងមើលមិនឃើញទេថាអ្នកណាខ្លះដែលទទួលស្គាល់ស្នាដៃយើង ហើយចង់ជួយយើងឲ្យជោគជ័យនោះទេ៕

អត្ថបទបន្ថែម៖

អប​អរ​! ឡូ​រ៉ា​ម៉ម​ ជាប់​ជា​បេក្ខ​នារី​ជម្រើសចុង​ក្រោយ​ ដើម្បី​ដណ្តើមពានស្ត្រីនៃអនាគត តំបន់អាស៊ាន

អត្ថបទ៖ Sunny

អត្ថបទពេញនិយម