១០ ចំណុច​ត្រូវ​ដឹង មុន​សម្រេច​ចិត្ត​ទៅ​ទិញ​ GoPro

  • 2018-07-19 02:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GoPro ជា​ប្រភេទ Action Camera មួយ​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ចូលចិត្ត​វិស័យ​ថត​រូប និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត។ ដើម្បី​ផ្តិត​ជាប់​នូវ​ការ​ចងចាំ​ដ៏​មាន​ន័យ​របស់​អ្នក កូន​កាមេរ៉ា​តម្លៃ​ជិត ៤០០ ដុល្លារ​មួយ​នេះ ពិត​ជា​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​ជំនួស​កាមេរ៉ា DSLR។ ១០ ចំណុច​រៀបរាប់​ពី​គន្លឹះ​ខ្លីៗ ដែល​អ្នក​គួរ​ស្វែងយល់​មុន​សម្រេច​ចិត្ត​ទិញ GoPro។

១.ការ​ប្រើប្រាស់​ជើង​ភ្ជាប់ (Mount):

ឧបករណ៍​ភ្ជាប់​មាន​ច្រើន​ជម្រើស​ខុស​ពី​គ្នា ជា​កត្តា​ជំរុញ​ឲ្យ​ការ​ផ្តិត​យក​រូបភាព​លើ GoPro ទទួល​បាន​ភាព​ល្អ​ឥត​ខ្ចោះ ផ្អែក​ទៅ​តាម​ជ្រុង​នីមួយៗ។ ឧទាហរណ៍: ការ​ប្រើ Quadcoper-mounted អនុញ្ញាត​ឲ្យ​អ្នក​ថត​ពី​ខាង​លើ ឬ Bike-mounted ការ​ចាប់​យក​ជ្រុង​អំឡុង​ពេល​ជិះ​កង់​នៅ​លើ​ដង​ផ្លូវ។

២.ស្វែងរក​មុំ​ឲ្យ​បាន​ច្រើន:

កុំ​ផ្តោត​តែ​លើ​ការ​ថត​ត្រង់​មុំ​ណា​មួយ សមត្ថភាព​ GoPro មិន​ត្រឹម​ជា​កាមេរ៉ា​ធម្មតា ខណៈ​តួ​ខ្លួន​តូច​របស់​វា​ជំរុញ​ឲ្យ​អ្នក​អាច​ផ្លាស់ប្ដូរ​មុំ​បាន​ងាយស្រួល បន្សំ​នឹង​ការ​ថត​សកម្មភាព​វីដេអូ ឬ​ទម្លាប់​រុករក Point of View ផ្សេងៗ​ពី​គ្នា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

៣.ការ​ប្រើប្រាស់ Filters ខុសៗ​គ្នា:

ដោយ​ទម្ងន់​ស្រាល ធុន ងាយ​ស្រួល​ទុក​ដាក់ GoPro ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត។ ប៉ុន្តែ​ដើម្បី​ជំរុញ​ឲ្យ​សាច់​រូប​ផ្តិត​ចេញ​មក​បាន​ស្អាត ខុស​ប្លែក​កម្រិត​ពណ៌​ទៅ​តាម​ទីតាំង អ្នក​គួរ​សាកល្បង​ប្រើប្រាស់​ឧបករណ៍ Filter ដែល​ជា​តម្រង​មួយ​ដាក់​ពី​លើ​លែន មាន​ច្រើន​ជម្រើស និង​តម្លៃ​ធូរ​ថ្លៃ​ថែម​ទៀត​ផង។

៤.ទប់​លំនឹង​កាមេរ៉ា:

ដឹង​ពី​តិចនិក​ថត​ត្រួសៗ​ហើយ អ្នក​ត្រូវ​រៀន​ទប់​លំនឹង​នៃ​ការ​ថត​ឲ្យ​បាន​នឹង​ល្អ ពោល​គឺ​ការ​ប្រើប្រាស់​ដៃ​កាន់​ធម្មតា ក៏​អាច​ថត​បាន​ប្រសើរ​ដូច​គ្នា ប៉ុន្តែ​បើ​មាន​លទ្ធភាព​ទិញ​ឧបករណ៍​ភ្ជាប់​ដើម្បី​ទប់​លំនឹង​ដូច​ជា​ប្រភេទ Mount ឬ Grimbal នោះ​ក៏​កាន់​តែ​ប្រសើរ​មួយ​កម្រិត​ទៀត។

៥.ការ​ថត​បែប Manaul:

ពិត​ណាស់​ដែល​កំណត់ Automatic Settings អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ថត​បាន​លឿន រហ័ស​និង​ពុំ​ខ្វាយខ្វល់​ច្រើន ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ល្អ​គ្រប់​កាលៈទេសៈ​រូបភាព​នោះ​ទេ។ ក្នុង​នាម​ជា​អ្នក​ថត​រូប​ដ៏​ជំនាញ​មួយ​រូប គួរ​សាកល្បង​រៀន​កំណត់​តាម​រយៈ​មុខងារ Manaul ដែល​មាន​កំណត់ ISO កម្រិត​ពណ៌ ឬ Sharp ជា​ដើម។

៦.រូប​បែប Wide-angle:

ទំហំ​លែន​មក​ពី​នាយ​របស់​ GoPro អាច​ចាប់​នូវ​មុំ ១៧០ ដឺក្រេ គួប​ផ្សំ​ការ​ថត​បែប Fish-eye Effect (ប្រភេទ​រូប​កោង) ជា​សញ្ញា​សម្គាល់​ដ៏​សាមញ្ញ​មួយ​ថា​ជា​រូបភាព​ថត​ចេញ​ពី​ត្រកូល Action Camera មួយ​នេះ។ ប៉ុន្តែ​អ្នក​ក៏​បន្ថែម​ការ​ប្រើប្រាស់​ប្រភេទ​លែន Wide-angle ជំនួយ​ពី​ខាង​ក្រៅ​បាន​ទៀត អនុញ្ញាត​ឲ្យ​ចាប់​យក​សឹង​តែ​លើស​ពី​អ្វី​ដែល​ភ្នែក​របស់​អ្នក​មើល​មិន​ឃើញ​ក៏​មាន។

៧.ប្រើប្រាស់​មុខងារ Protune:

ស្រដៀង​នឹង​មុខងារ Manaul លើ​កាមេរ៉ា DSLR ដោយ Protune លើ GoPro បើក​ឲ្យ​អ្នក​គ្រប់គ្រង​កែប្រែ​លើ​សឹង​គ្រប់​ជ្រុង​នៃ​ការ​ថត​រូប​ដែល​មាន​ដូច​ជា ISO, Saturaion, White balance, Exposure, Color និង​ជា​ច្រើន​ទៀត។

៨.Burst Mode:

អនុញ្ញាត​ឲ្យ​អ្នក​អាច​ចាប់​យក​រូបភាព​ច្រើន​សន្លឹក​ក្នុង​ពេល​តែ​មួយ ជៀសវាង​ការ​ខកខាន​ទិដ្ឋភាព​ដ៏​កម្រ​ណា​មួយ ពោល​ក៏​មាន​ច្រើន​ជម្រើស​នៃ​រូបភាព ក្រោយ​ពេល​ដែល​ថត​រួចរាល់។

៩.ការ​ប្រើប្រាស់​ទឹក​មុខ:

មុន​ដាក់​ចិត្ត​ថា​ថត​វីដេអូ Vlog ឬ​វីដេអូ​រៀបរាប់​ពី​ដំណើរ​អ្វី​មួយ នេះ​ជា​គន្លឹះ​សំខាន់​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ទឹក​មុខ។ មិន​ខុស​គ្នា​ពី​ការ​ប្រើប្រាស់​កាយវិការ សុទ្ធសឹង​ជា​កត្តា​ចាំបាច់​ធ្វើ​ឲ្យ​វីដេអូ​របស់​អ្នក​អាច​បង្កើន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ទស្សនា។

១០.បង្កើត​សាច់​រឿង​ដ៏​អស្ចារ្យ:

មិន​ខុស​ពី​ចំណុច​ខាង​លើ GoPro ជា​ប្រភេទ​កាមេរ៉ា​មួយ​ដែល​ផ្តោត​សំខាន់​លើ​ការ​ថត​វីដេអូ ច្រើន​ជាង​ថត​សន្លឹក។ ចំណុច​នេះ​អ្នក​គួរ​ឧស្សាហ៍​ស្វែងរក​គំនិត​ច្នៃ​ប្រឌិត ឬ​ការ​ស្រមើស្រមៃ​ខ្ពស់ ដើម្បី​បង្កើត​សាច់​រឿង​ដ៏​ល្អ​ប្រសើរ​មួយ មុន​ចាប់ GoPro រួច​ចុច​ប៊ូតុង Record។

ប្រភព: https://www.gearweare.com/the-10-gopro-tips-you-must-know/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gearweare   ប្រែ​សម្រួល៖ កៅ រក្សា