រកឃើញកំណប់ទ្រព្យធម្មជាតិដ៏អស្ចារ្យ កម្រមានអ្នកទៅដល់ កណ្ដាលព្រៃស្រោង នៅកម្ពុជា
- 2018-09-04 03:32:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញកំណប់ទ្រព្យធម្មជាតិដ៏អស្ចារ្យ កម្រមានអ្នកទៅដល់ កណ្ដាលព្រៃស្រោង នៅកម្ពុជា
ចន្លោះមិនឃើញ
កម្ពុជាជាប្រទេសគ្របដណ្ដប់ដោយតំបន់ធម្មជាតិជាច្រើន លាតសន្ធឹងស្ទើរទូទាំងប្រទេស។ ថ្មីៗនេះអ្នកពនេចរចូលចិត្តផ្សងព្រេងទៅកាន់តំបន់ព្រៃភ្នំនានា បានទៅដល់កំពូលភ្នំត្បែងក្នុងខេត្តព្រះវិហារ ហើយបានឃើញនូវសម្បត្តិធម្មជាតិដ៏អស្ចារ្យនៅលក្ខណៈធម្មជាតិ១០០% ទោះបីក្រសួងបានអភិវឌ្ឍប្រែក្លាយទៅជាតំបន់ទេសចរណ៍រួចហើយក៏ដោយ ប៉ុន្តែកម្រមានមនុស្សទៅដល់ណាស់ មានតែអ្នកស្រុកនៅក្បែរៗនោះប៉ុណ្ណោះ។
តាមការរៀបរាប់របស់លោកវិទូ បានទៅដល់ផ្ទាល់ប្រាប់ដោយអារម្មណ៍រំភើបថា នៅទីនោះគ្របដណ្ដប់ដោយព្រៃស្រោងត្រឈឹងត្រឈៃ មានសត្វស្លាបស្រែកយំអឺងកងរំពងពេញព្រៃ។ នៅកំពូលភ្នំមានទឹកជ្រោះជាច្រើនកន្លែង មានសម្រស់ស្រស់ស្អាតបំផុត។ វិទូរៀបរាប់បន្តទៀតថា នៅលើភ្នំមានទឹកជ្រោះផ្សេងៗពីគ្នារហូតដល់ទៅជាង២០កន្លែងឯណោះសុទ្ធតែអាចងូតលេងកម្សាន្តបាន។ ក្នុងនោះទឹកជ្រោះចក្រវិល ជាកន្លែងដ៏ស្រស់បំព្រង ទឹកថ្លាឆ្វង់មើលឃើញដល់បាតដី ឃើញត្រីភ្នំហែលឆ្វាត់ឆ្វែង ទឹកហូរធ្លាក់ពីស្ទឹងមួយនៅខាងលើ មានជម្រៅត្រឹមចង្កេះ ធ្វើឲ្យងាយស្រួលក្នុងងូតលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ ក្រៅពីនេះនៅមានទឹកជ្រោះជាច្រើនរាប់មិនអស់នៅក្បែរៗគ្នា សុទ្ធតែមានសម្រស់ទាក់ទាញមិនចាញ់គ្នាឡើយ។
អ្វីៗគ្រប់បែបយ៉ាងគឺ ជាធម្មជាតិពិតៗ សូម្បីសំរាមមួយមិនមានផង។ វិទូបន្តថា ទឹកលើកំពូលភ្នំត្រជាក់ស្រឹប មានព្រៃឈើហ៊ុមព័ន្ធជុំវិញ បើមានអ្នកទៅលេងប្រលែងលេងជាមួយគ្នាផង គឺកងរំពងពេញព្រៃតែម្ដង។ នៅលើភ្នំត្បែងក៏មានវត្តអារាមមួយផងដែរ គឺវត្តតាំងយូរ មានព្រះសង្ឃតែមួយអង្គប៉ុណ្ណោះគង់នៅ។ បច្ចុប្បន្នមានតែអ្នកភូមិមួយចំនួនតូចប៉ុណ្ណោះឡើងចុះភ្នំនេះ ដើម្បីរកឱសថបុរាណ និងរកអុសដុត ហើយក៏ឆ្លៀតយកចង្ហាន់ជូនព្រះសង្ឃដែលគង់នៅថែរក្សាសម្បត្តិធម្មជាតិទាំងនោះ។
ដើម្បីទៅដល់ទីតាំងដ៏អស្ចារ្យនេះ អ្នកមកពីខេត្តសៀមរាប រូបនេះប្រាប់ថា ត្រូវធ្វើដំណើរតាមផ្លូវលេខ៦៤ ចេញពីទីរួមខេត្តព្រះវិហារ ប្រមាណជាង១០គីឡូម៉ែត្រ នឹងទៅដល់ភូមិមួយឈ្មោះថា ភូមិឈានមុខ ក្នុងឃុំអភិវឌ្ឍ មានអ្នកស្រុករស់នៅក្បែរជើងភ្នំ ដែលយើងអាចផ្ញើឡាន ផ្ញើម៉ូតូបាន។ អ្នកភូមិឈានមុខ គឺជាអ្នកនាំផ្លូវដ៏ចំណានក្នុងដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ ដោយគ្រាន់តែចំណាយថវិកាតែ១០ដុល្លារប៉ុណ្ណោះ ហើយថែមទាំងជួយយួរឥវ៉ាន់ភ្ញៀវទេសចរទៀតផង។
ដូច្នេះបើចង់ទៅកាន់តំបន់មួយនេះ អាចរកអ្នកនាំផ្លូវបាន តែកុំភ្លេចវេចខ្ចប់អាហារដាក់តាមខ្លួនផង ព្រោះត្រូវធ្វើដំណើររយៈចម្ងាយ៤០០ម៉ែត្រដោយថ្មើរជើង និងត្រូវចំណាយពេលប្រមាណជាង២ម៉ោងទើបទៅដល់គោលដៅ៕