ដើម្បីចិន Apple នឹងធ្វើរឿងមួយដាក់ iPhone ជំនាន់ថ្មី

  • 2018-09-05 03:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​ ១ សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ Apple នឹង​ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី​ជា​ផ្លូវ​ការ​ ដែល​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​កំពុង​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា។ គេ​ជឿ​ជាក់​ថា​ iPhone ជំនាន់​ថ្មី​នឹង​មាន​ដល់​ទៅ​ ៣ ប្រភេទ​ឯណោះ ដោយ​ពីរ​ប្រភេទ​ប្រើ​អេក្រង់​ OLED និង​មួយ​ទៀត​ប្រើ​អេក្រង់​ LCD។

សម្រាប់​ iPhone អេក្រង់​​ LCD គេ​ជឿជាក់​ថា​មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​ទៀត​ ដោយ​​មាន​មួយ​ប្រភេទ​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​លក់​នៅ​ប្រទេស​ចិន​ ដែល​អាច​ដាក់​ស៊ីម​កាត​បាន​ពីរ។ គេ​រឹត​តែ​ជឿជាក់​ពី​វត្តមាន​ iPhone ប្រើ​ស៊ីម​កាត​ពីរ​នៅ​ពេល​ប្រទះ​ឃើញ​កូដ​ដែល​​បង្កប់​ក្នុង​​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 12 Beta។

​ស្មាតហ្វូន​ដែល​អាច​ដាក់​ស៊ីម​បាន​ពីរ ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​បំផុត​ក្នុង​ប្រទេស​ចិន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ធំៗ​ដូច​ជា​ Samsung, Huawei ជា​ដើម​នោះ​​បន្ត​ផលិត​ស្មាតហ្វូន​ស៊ីម​ពីរ។​

ការ​បញ្ចេញ​ iPhone ស៊ីម​ពីរ​នឹង​ជួយ​បង្កើន​កំណើន​លក់​របស់​ Apple នៅ​ក្នុង​​ទីផ្សារ​ប្រទេស​ចិន​ដែល​ជា​ទីផ្សារ​ស្មាតហ្វូន​ធំ​​មួយ​ក្នុង​លោក ខណៈ​ដែល​ Apple រង​ការ​ប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ជា​ច្រើន។

ត្រីមាស​ទី​ ៣ ឆ្នាំ ២០១៨ ចំណូល​ដែល​ Apple រក​បាន​ពី​ប្រទេស​ចិន​មាន​ចំនួន​ ៩,៥៥ ពាន់​លាន​ដុល្លារ ធៀប​នឹង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៧ រក​ចំណូល​បាន​ ៨ ពាន់​លាន​ដុល្លារ​ មាន​ការ​កើន​ឡើង​ ១៩%៕​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម