ក្ដៅៗ កាល​បរិច្ឆេទចេញ​លទ្ធផលផល​ប្រលង​បាក់ឌុប​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ហើយ

  • 2018-09-05 13:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​ប្រលង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ(បាក់ឌុប)​ឆ្នាំ​២០១៨ នេះ​ត្រូវ​បាន​ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហើប​ដឹង​ហើយ គឺ​នៅថ្ងៃទី ៩ ខែកញ្ញា ពោល គឺ​មុន​កាល​កំណត់ ដែល​ធ្លាប់​ កំណត់​យក​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០១៨​សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំ​ពេញ និង​ខេត្តកណ្តាល។ ចំណែក​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា សម្រាប់​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត។

ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពី​ចូល​រួម​ពិធី​អបអរ​និស្សិត ២១ នាក់ ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អង់គ្លេស កាលពីថ្ងៃទី៤ កញ្ញា​ម្សិល​មិញ​នេះ​ ឯកឧត្តម ហង់ ជួនណារ៉ុង បាន​ឱ្យ​ដឹង​ថា គណៈកម្មការ​ស្រង់បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ កំពុងតែបំពេញភារកិច្ច ស្រង់-បូក និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់​ឆ្នាំ២០១៨នេះ មិនទាន់បានបញ្ចប់នៅឡើយ។

តែ​អាច​នឹង​អាច​ប្រកាស​លទ្ធផល​ប្រលង​មុនការកំណត់ ពោលគឺនៅថ្ងៃទី៩ និង១០ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ​នេះ។ ឯកឧត្តម ហង់ ជួនណារ៉ុន បន្ថែម​ថា ​ដោយ​មាន​ជំនឿ​ជឿ​ជាក់​ថា​ចំនួន​សិស្ស​ដែល​បាន​ចូល​រួម​ប្រឡង​មធ្យម​សិក្សា​ឆ្នាំ​នេះ នឹង​ទទួល​បាន​និទ្ទេស A  ច្រើន​ជាង​មុន ដោយ​កាល​ពី​ឆ្នាំ​មុន​មាន​ត្រឹម​តែ ៤២៤នាក់​ប៉ុណ្ណោះ។

សម្រាប់​ពិន្ទុ​និទ្ទេសA ត្រូវ​បាន​ក្រសួង​អប់រំ​កំណត់​៤២៧ពិន្ទុ ដែល​ស្មើ​នឹង​៩០​ភាគរយ និទ្ទេសB ត្រូវបាន​កំណត់​៣៨០ពិន្ទុ ដែលស្មើ៨០ភាគរយ និទ្ទេសC ត្រូវ​បាន​កំណត់​៣៣២​ពិន្ទុ ដែល​ស្មើ​៧០​ភាគរយ និទ្ទេសD ត្រូវបាន​កំណត់​​ ២៨៥ពិន្ទុ ស្មើនឹង៦០ភាគរយ និង​និទ្ទេសE ត្រូវ​បាន​កំណត់​២៣៧ពិន្ទុ ដែល​ស្មើ​៥០​ភាគរយ នៃ​ពិន្ទុ​ប្រឡង​អតិបរមា​៥០០ពិន្ទុ។

ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ មាន​សិស្ស​ដែល​ប្រលង​ជាប់ ៦៣ ៦៦៨នាក់ ត្រូវ​ជា៦៣,៨៤ភាគរយ ក្នុង​ចំណោម​បេក្ខជន​វត្តមានប្រឡង៩៩ ៧២៨នាក់ ដោយ​ក្នុង​នោះ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤២៤ នាក់ និទ្ទេស B មាន​ចំនួន ២ ៤៦៤នាក់ និទ្ទេស C មាន​ចំនួន ៥ ០០០​នាក់ និទ្ទេស D មាន​ចំនួន ៩ ១២៣នាក់ និង​និទ្ទេស E មាន​ចំនួន ៤៦ ៦៥៧នាក់ ៕

អត្ថបទ៖ សុផល

អត្ថបទពេញនិយម