រកឃើញមូលហេតុពិសេស១ ក្រសួងប្រកាសលទ្ធផលបាក់ឌុបមុនថ្ងៃកំណត់

  • 2018-09-06 03:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​បញ្ជាក់​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ឲ្យ​ដឹង​ថា ការ​ប្រកាស​លទ្ធផល​នេះ​ ធ្វើឡើង​មុន​កាល​បរិច្ឆេទ​កំណត់​ដោយ​សារ​ដំណើរ​​ការ​កំណែ និង​ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុតាម​ប្រព័ន្ធ​កុំព្យូទ័រ​​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​តម្លាភាព​ប្រកប​ដោយ​ស្មារតី​យក​ទុក​ដាក់​និងទទួលខុសត្រូវខ្ពស់​ពី​សំណាក់​ប្រធាន​ អនុប្រធាន និង​សមាជិក​អនុគណៈកម្មការ​ទាំងអស់​ដែល​ពាក់​ព័ន្ធ។

ក្រសួង​អប់រំ នឹង​ធ្វើការ​​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ នៅ​​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត តាម​រយៈទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ក្រសួង។ ដោយ​មុន​ការ​ផ្លាស់​ប្ដូរ​ថ្ងៃ​ប្រកាស​នេះ ក្រសួង​គ្រោង​ចេញ​លទ្ធផល​នៅ​ថ្ងៃ​ទី១១ កញ្ញា សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ថ្ងៃ​ទី​១២ កញ្ញា សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ បាន​មាន​ប្រសាសន៍​ ​ដោយ​មាន​ជំនឿ​ជឿ​ជាក់​ថា​ចំនួន​សិស្ស​ដែល​បាន​ចូល​រួម​ប្រឡង​មធ្យម​សិក្សា​ឆ្នាំ​នេះ នឹង​ទទួល​បាន​និទ្ទេស A  ច្រើន​ជាង​មុន ដោយ​កាល​ពី​ឆ្នាំ​មុន​មាន​ត្រឹម​តែ ៤២៤នាក់​ប៉ុណ្ណោះ។

សម្រាប់​ពិន្ទុ​និទ្ទេសA ត្រូវ​បាន​ក្រសួង​អប់រំ​កំណត់​៤២៧ពិន្ទុ ដែល​ស្មើ​នឹង​៩០​ភាគរយ និទ្ទេសB ត្រូវបាន​កំណត់​៣៨០ពិន្ទុ ដែលស្មើ៨០ភាគរយ និទ្ទេសC ត្រូវ​បាន​កំណត់​៣៣២​ពិន្ទុ ដែល​ស្មើ​៧០​ភាគរយ និទ្ទេសD ត្រូវបាន​កំណត់​​ ២៨៥ពិន្ទុ ស្មើនឹង៦០ភាគរយ និង​និទ្ទេសE ត្រូវ​បាន​កំណត់​២៣៧ពិន្ទុ ដែល​ស្មើ​៥០​ភាគរយ នៃ​ពិន្ទុ​ប្រឡង​អតិបរមា​៥០០ពិន្ទុ៕

អត្ថបទ៖ វឌ្ឍនៈ