ឆាយ លីអាន សិស្សឆ្នើមគណិតលំដាប់អន្តរជាតិ រៀបរាប់ទាំងទឹកភ្នែក ក្រោយធ្លាក់គណិតវិទ្យា

  • 2018-09-10 03:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាយ លីអាន បាន​រៀបរាប់​តាម​រយៈ​ទូរសព្ទ​មក​កាន់ Sabay នៅ​ព្រឹក​នេះ​ទាំង​អួល​ដើម​ក​និយាយ​មិន​ចង់​ចេញ​ចំពោះ​លទ្ធផល ប្រឡង​បាក់​ឌុប​របស់​ខ្លួន។

ជ័យលាភី​សិស្ស​ឆ្នើម​គណិត​លេខ​១​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០១៨ រៀបរាប់ទាំង​ស្រងូតស្រងាត់​ថា ពិត​ជា​ខក​បំណង​ខ្លាំង មិន​គួរ​ណា​លទ្ធផល​បែរ​ជាបែបន​នេះ​សោះ ព្រោះ​រូប​គេ​បាន​រំពឹង​ថា នឹង​ទទួល​បាន​និទ្ទេស​A ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​នេះ។ គ្រប់​មុខ​វិជ្ជា​ស្ទើរតែ A ទាំង​អស់​មាន​​និទ្ទេស B តែ​២​មុខ​វិជ្ជា​ប៉ុណ្ណោះ។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​តក់​ស្លុត គឺ​គណិត​វិទ្យា​ដែល​ខ្លួន​បាន​ធ្វើ​ល្អ​បំផុត បែរ​ជា​ធ្លាក់​ទៅ​វិញ។

បេក្ខជន​មក​ពី​ខេត្ត​កំពត​រូប​នេះ​បន្ត​ទៀត​ថា នេះ​ជា​លទ្ធផល​ដែល​គេ​មិន​អាច​ទទួល​យក​បាន​ឡើយ។ លីអាន សង្កត់​ធ្ងន់​ថា ករណី​នេះ​គឺ​អាច​មក​ពី​ការ​ស្រង់​ពិន្ទុ​តាម​រយៈ​កុំព្យូទ័រ មិនត្រឹម​ត្រូវ ព្រោះ​តាម​រយៈ​ការ​ធ្វើ​វិញ្ញាសា​គណិត​វិទ្យា​ពេល​ប្រឡង​ លីអាន អាច​ធ្វើ​បាន​យ៉ាង​ល្អ​បំផុត ហើយ​វិញ្ញាសា​មិន​លើស​ពី​កម្រិត​សមត្ថភាព​របស់​គេ​ឡើយ។

និយាយ​ទាំង​ទឹក​ភ្នែក​លីអាន រៀប​រាប់​ថា៖ «បាទ​បង​តែ​កាល​ណា​ធ្លាក់​គណិត​អ៊ីចឹង ខ្ញុំ​មិន​អាច​ប្រឡង​ចូល​សាលា​តិចណូ​បាន​ទេ ហើយ​បើ​ចង់​ដាក់​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស​ក៏​មិន​បាន​ដែរ​បង។»

ខណៈ​នេះ ឆាយ លីអាន កំពុង​​ទៅ​កាន់​មន្ទីរ​អប់រំ​ខេត្ត​កំពត ដើម្បី​រក​ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​នេះ ហើយ​ប្រសិន​បើ​មន្ទីរ​អប់រំ​ខេត្ត មិន​អាច​រក​ដំណោះស្រាយ​បាន​ទៀត រូប​គេ​នឹង​បន្ត​មក​ដល់​រាជធានី​ភ្នំពេញ​ទៀត។

សូម​ជម្រាប​ជូន​ថា យុវជន ​ឆាយ លី​អាន ជា​សិស្ស​ឆ្នើម​មេដាយ​មាស​គណិត ឆ្នាំ​២០១៨ និង​លេខ​២​ឆ្នាំ​២០១៥។ ជា​ពិសេស​រូប​គេ​ធ្លាប់​បាន​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី ក្នុងការ​ប្រកួត​គណិត​វិទ្យា​ប្រចាំ​តំបន់​អាស៊ាន ប្រកួត​ការ​ធ្វើ Research នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រកួត​លំដាប់​ថ្នាក់​អន្តរជាតិ (IMO) នៅ​ប្រទេស​រ៉ូម៉ាន់​នី ដែល​មាន​ការ​ចូលរួម​ពី​១១៦​ប្រទេស​ជុំវិញ​ពិភពលោក​ទៀត​ផង៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម