មុន​ស្លាប់ លោក​វេជ្ជបណ្ឌិត Beat Richner មាន​បណ្តាំ​ធំ​មួយ​

  • 2018-09-10 09:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

មរណៈ​ភាព​របស់​លោក​វេជ្ជបណ្ឌិត Beat Richner​ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​កុះ​ករ​ មាន​ការ​តក់​ស្លុត​ និង​សោកស្ដាយ​ជា​ខ្លាំង។ ទន្ទឹម​គ្នា​នេះ​លោក​វេជ្ជបណ្ឌិត ហេង សុធី អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដែល​បាន​ធ្វើ​ការងារ​ជាមួយ​លោក​វេជ្ជបណ្ឌិត​ជាង ២០​ឆ្នាំ​មក​នោះ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​វេជ្ជបណ្ឌិត​ Beat Richner បាន​ផ្ដាំ​រឿង​មួយ ​ពេល​អស់​ពី​លោក​ទៅ។ បណ្ដាំ​របស់​លោក​វេជ្ជបណ្ឌិត​ គឺ​​គ្មាន​អ្វី​​ក្រៅពី​ចង់​ឱ្យ​មន្ទីរពេទ្យ​នៅ​ដំណើរ​ការ​ជា​និរន្ត​ ដើម្បី​អាច​ព្យាបាល​ និង​ជួយ​សង្គ្រោះ​អាយុ​ជីវិត​កុមារ​កម្ពុជា​បន្ត​ទៀត។ ​

ចុចអាន៖ រំជួលចិត្ត! មកដឹងបំណងប្រាថ្នា៣ធំបំផុត របស់ វីរបុរសសង្គ្រោះជីវិតកុមារកម្ពុជាមុនចាកលោកទៅ

**លោក​វេជ្ជបណ្ឌិត​​​ Beat Richner ​បាន​មាន​ប្រសាសន៍​ថា ទោះ​បី​អត់ពី​លោក​ក៏ដោយ​ លោក​បាន​គិត​ហើយ​ថា លោក​ចាស់​ទៅ​ហើយ លោក​មិន​អាច​កូដ​វីយូឡុង​ទៀត​ទេ។ លោក​មាន​ប្រសាសន៍​ថា​ លោក​ខំ​រក​លុយ​ទុក​ និង​ខំ​រៀបចំ​ប្រព័ន្ធ​ ឱ្យ​មន្ទីរពេទ្យ​ឱ្យ​ដំណើរ​ការ​​បាន​ និង​ស្ថិតស្ថេរ​​ជា​និរន្ត​ ដើម្បី​ប្រយោជន៍​កុមារ​**។ នេះ​បើ​តាម​លោក​វេជ្ជ​បណ្ឌិត ហេង សុធី ដោយ​​បាន​ដកស្រង់​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត​ ​Beat Richner។

​យ៉ាង​ណា​មិញ​​​រាជរដ្ឋាភិបាល​​​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន​​ បាន​ប្រកាស​រួច​ហើយ​ថា នឹង​មិន​ឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដួល​រលំ​នោះ​ទេ​ ទោះជា​អវត្តមាន​លោក​វេជ្ជបណ្ឌិត​​ ​ Beat Richner ក្តី។ ។ លោក​បាន​គិត​រួច​ហើយ​​ថា មន្ទីរពេទ្យ​នឹង​នៅ​តែ​អាច​ដំណើរ​ល្អ​ដូចមុន​ ឬ​អាច​ល្អ​ជាង​មុន​។​​ ទោះ​យ៉ាង​ណា​វា​ទាមទារ​នូវ​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​​​ទាំង​​ប្រជាពលរដ្ឋ​ខ្មែរ រាជរដ្ឋាភិបាល​ និង​មូលនិធិ​ពី​ប្រទេស​ស្វីស​។

កាល​ពី​ថ្ងៃទី​១១ ខែ​មេសា​ ឆ្នាំ​២០១៨ កន្លងមក​​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវ​​ការ​នូវ​មូល​និធិ​គន្ធបុប្ផា​​កម្ពុជា​ ដែល​គិត​ត្រឹមថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ មូល​និធិ​គន្ធបុប្ផា​កម្ពុជា ទទួល​បាន​សមាជិក​ដែល​បាន​ចូលរួម​បរិច្ចាគ​សរុប​ចំនួន ៥១ ២៨១ នាក់ និង​គិត​ជា​ទឹក​ប្រាក់ បាន​ចំនួន​ជិត​៥លានដុល្លារ និង ប្រមាណ​ជា ៤ពាន់ ១១៥លាន រៀល។

លោក​វេជ្ជបណ្ឌិត​ ហេង សុធី បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​នាម​អ្នក​​បន្ត​​មរតក​ពី​លោក​វេជ្ជបណ្ឌិត Beat Richner​ ​​លោក​នឹង​ខិតខំ​ប្រឹង​​ប្រែង​ធ្វើ​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ​បន្ត​ទៅ​មុខ​ទៀត​ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​មន្ទីរពេទ្យ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ៕      


អត្ថបទ៖ សុផល