មក​ដឹង​ចំណុចពិសេសៗ iPhone ក្បាលឆកទាំងបី ប្រកាសចេញយប់ស្អែក

  • 2018-09-11 02:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​ឈាន​ចូល​ថ្ងៃ​ទី​ ១៣ កម្មវិធី​ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី​របស់​ Apple នឹង​ចាប់​ផ្ដើម​ឡើង​នៅ​សាល​មហោស្រព Steve Jobs ដែល​ស្ថិត​នៅ​ក្នុង​ទីស្នាក់ការ​ថ្មី​របស់​ Apple។ ខាង​ក្រោម​នេះ​ជា​ចំណុច​ពិសេសៗ​មួយ​ចំនួន​ ដែល​គេ​រំពឹង​ថា​នឹង​មាន​លើ iPhone ឆ្នាំ ២០១៨ ៖

១. ឈ្មោះ​

គេ​រំពឹង​ថា​ iPhone ជំនាន់​ថ្មី​នឹង​មាន​ដល់​ទៅ​បី​ប្រភេទ មាន​ពីរ​ប្រភេទ​ប្រើ​ប្រាស់​អេក្រង់​​ OLED ទំហំ​ ៥,៨ អ៊ីញ និង ៦,៥ អ៊ីញ ដែល​គេ​ជឿជាក់​ថា​វា​មាន​ឈ្មោះ​ iPhone Xs និង iPhone Xs Max។ ចំណែក​មួយ​ប្រភេទ​ទៀត​ប្រើ​ប្រាស់​អេក្រង់​ LCD ទំហំ​ ៦,១ អ៊ីញ មាន​ឈ្មោះ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ។ កន្លង​មក​គេ​បាន​ហៅ​ iPhone អេក្រង់​ LCD ថា​ជា​ iPhone 9។

តាម​រូបភាព​ផ្លូវ​ការ​នៃ iPhone Xs ដែល​បាន​លេច​ធ្លាយ​កន្លង​មក គេ​អាច​ឃើញ​ពី​ជម្រើស​ពណ៌​​ថ្មី គឺ​ពណ៌​មាស​ ខណៈ​ដែល​ iPhone X មាន​ត្រឹម​ជម្រើស​ពណ៌​ស និង​ខ្មៅ​ប៉ុណ្ណោះ។

២. រចនាបថ​

iPhone ទាំង​បី​ប្រភេទ​នឹង​មាន​រចនាបថ​​អេក្រង់​ឆក​ លាត​ពេញ​ផ្ទៃ​ដូច​ជា​ iPhone X អ៊ីចឹង​ដែរ។ តួ​ខ្លួន​មាន​ស្រោប​ដោយ​សារធាតុ​កញ្ចក់​ដូច​មុន​ ប៉ុន្តែ​សម្រាប់​ iPhone 9 មាន​​តួ​ខ្លួន​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម មិន​មែន​ប្រើ​ដែក​​អ៊ីណុក​ដូច​ iPhone Xs និង Xs Max នោះ​ទេ។

៣. បន្ទះ​ឈីប​

ត្រកូល​ iPhone ទាំង​បី​នឹង​ជា​ស្មាតហ្វូន​ដំបូង​គេ​ក្នុង​លោក​ដែល​មាន​ប្រើ​ប្រាស់​បន្ទះ​ឈីប​តូច​​បំផុត​ទំហំ​ត្រឹម​ ៧ ​ណាណូម៉ែត្រ ជា​បន្ទះ​ឈីប​ A12។ iPhone 9 ក៏​នឹង​អាច​​ទ្រាំទ្រ​ការ​ប្រើ​ប្រាស់​ស៊ីម​បាន​រហូត​ដល់​ពីរ​​ផង​ដែរ ហើយ​នឹង​មាន​លក់​ផ្ដាច់​មុខ​តែ​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ។

៤. កាមេរ៉ា​

លក្ខណៈ​សម្បត្តិ​​នៃ​កាមេរ៉ា​របស់ iPhone ទាំង​បី មិន​មាន​លេច​ធ្លាយ​​​ដំណឹង​ជាក់លាក់​ច្រើន​ប៉ុន្មាន​ឡើយ។ គេ​ជឿជាក់​ថា​ iPhone 9 នឹង​មាន​បំពាក់​កាមេរ៉ា​ត្រឹម​មួយ​គ្រាប់​ ចំណែក​ iPhone Xs និង Xs Max មាន​កាមេរ៉ា​ពីរ​គ្រាប់​ដូច iPhone X ដែរ។ iPhone ទាំង​បី​ក៏​មាន​បំពាក់​​ប្រព័ន្ធ​កាមេរ៉ា​ដែល​អាច​ស្កេន​មុខ​ដើម្បី​ដោះ​សោ​​បាន​​ទៀត​ផង។

រូប Render iPhone 9

៥. តម្លៃ​ និង​កាល​បរិច្ឆេទ​ចេញ​លក់​

iPhone 9 អាច​នឹង​មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ និង​​ពន្យារ​ពេល​ចេញ​លក់​ដល់​ខែ​វិច្ឆិកា​ដោយ​សារ​បញ្ហា​នៃ​ការ​ផលិត។ ចំណែក​ iPhone Xs អាច​មាន​តម្លៃ​ចាប់​ពី ៧៩៩ ដុល្លារ និង iPhone Xs Max អាច​មាន​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ ដែល​ចេញ​លក់​នៅ​ថ្ងៃ​ទី​ ២១ ខែ​កញ្ញា​ដូច​គ្នា។

រូបរាងគំរូ

បញ្ជាក់​ថា​ខាង​លើ​នេះ ជា​ការ​បូក​សរុប​នូវ​​ដំណឹង​លេច​ធ្លាយ​គួរ​ឲ្យ​ទុក​ចិត្ត​ទាក់​ទង​នឹង​ iPhone ទាំង​បី​ ដោយ​មិន​មែន​ជា​​ដំណឹង​ផ្លូវ​ការ​ចេញ​ពី​ Apple ផ្ទាល់​នោះ​ទេ។ មួយ​ថ្ងៃ​ទៀត​ចម្ងល់​ទាំង​ឡាយ​ពី iPhone ឆ្នាំ ២០១៨ នឹង​ត្រូវ​បង្ហាញ​ជា​ផ្លូវ​ការ​ដោយ​ Apple៕​​​​​​​​

ប្រភព៖ Businessinsider | GSMarena | 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម