លោកវេជ្ជបណ្ឌិត Beat Richner លាចាកលោកទៅ ចុះគន្ធបុប្ផាព្យាបាលមិនយកលុយទៀតទេ?

  • 2018-09-11 02:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សំណួរ​ជា​ច្រើន​ពី​ប្រជាពលរដ្ឋ​សួរ​ថា តើ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​តែ​ព្យាបាល​កុមារ​កម្ពុជា ដោយ​មិន​គិត​ថ្លៃ​ដដែល​ឬ​យ៉ាង​ណា?

សូម​បញ្ជាក់​ថា​នៅ​ដើម​ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា ការ​ព្យាបាល​កុមារ​កម្ពុជា​នៅ​តែ​មិន​យក​ថវិកា​ដូច​ដើម។ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា នឹង​បង្កើត​នូវ​មូលនិធិ​មួយទៀត សម្រាប់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​មាន​ឈ្មោះ​ថា (មូលនិធិ​គន្ធបុប្ផា​កម្ពុជា) ដោយ​សម្ដេច​នឹង​ធ្វើ ជា​ប្រធាន​កិត្តិយស​តែម្ដង។

«មូលនិធិគន្ធបុប្ផាកម្ពុជា» បានចាប់ផ្ដើមបង្កើតឡើងជាផ្លូវការកាលពីខែ មេសា ឆ្នាំ ២០១៨ កន្លងទៅ។ គិត​ត្រឹមថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ មូល​និធិ​គន្ធបុប្ផា​កម្ពុជា ទទួល​បាន​សមាជិក​ដែល​បាន​ចូលរួម​បរិច្ចាគ​សរុប​ចំនួន ៥១ ២៨១ នាក់ និង​គិត​ជា​ទឹក​ប្រាក់ បាន​ចំនួន​ជិត​៥លានដុល្លារ និង ប្រមាណ​ជា ៤ពាន់ ១១៥លាន រៀល។

សម្ដេច​តេជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មូលនិធិ​គន្ធបុប្ផា​គឺ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ប្រមូល​មូលនិធិ ផ្ដល់​ជូន​ពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយ​ព្យាបាល​កុមារ​កម្ពុជា​រាប់​លាន​នាក់​នៅ​កម្ពុជា។ ដូច្នេះ​ទោះ​បី​ជា​អវត្តមាន​លោក​វេជ្ជបណ្ឌិត Beat Richner ក៏​មន្ទីរពេទ្យ​មួយ​នេះ​នៅ​តែ​បើក​បម្រើ​ជូន​កុមារ​កម្ពុជា​ដោយ​មិន​គិត​ថ្លៃ។

មន្ទីរពេទ្យ​ គន្ធបុប្ផា ដែល​មាន​វត្តមាន​នៅ​អំឡុង​ទសវត្ស​ឆ្នាំ ១៩៧០ ហើយ​ត្រូវ​បាន​បិទទ្វារ​ទៅ​វិញ​នៅ ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច និង​ បាន​ចាប់​ដំណើរ​ការ​ឡើង​វិញ​នៅ​ឆ្នាំ​ ១៩៩២ ក្រោម​ព្រះ រាជ្យ​តម្រិះ​របស់​ព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហនុ អតីត​ព្រះមហាក្សត្រ​ខ្មែរ​ និង​លោក​វេជ្ជបណ្ឌិត Beat Richner ជនជាតិ​ស្វីស​ជា​ស្ថាបនិក។

លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែល​ជា​ប្រទេស​កំណើត​របស់​លោក បន្ទាប់​ពី​លោក​វេជ្ជបណ្ឌិត​បាន​ធ្លាក់​ខ្លួន​ឈឺ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។ ការ​បាត់បង់​បិតា​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​សោក​សង្រេង និង​ស្រណោះ​ជា​ពន់​ពេក​ នូវ​ការ​លះ​បង់​ដ៏​ធំធេង​របស់​លោក​វេជ្ជ​បណ្ឌិត​មក​លើ​កូន​ខ្មែរ។

ទោះបី​ជា​លោក​វេជ្ជបណ្ឌិត បាន​ឃ្លាត​ឆ្ងាយ​លែង​វិល​ត្រឡប់ តែ​កូន​ខ្មែរ​គ្រប់រូប​នៅ​តែ​ចងចាំ​មិន​ភ្លេច ចំពោះ​ការ​លះ​បង់​ទាំង​កម្លាំង​កាយ ទាំង​ថវិកា និង​តែង​រិះរក​គ្រប់​វិធី ដើម្បី​ប្រមូល​មូលនិធិ​មន្ទីរ​ពេទ្យ​មួយ​នេះ​ឲ្យ​ដំណើរ​ការ​រហូត​មក​ដល់​សព្វ​ថ្ងៃ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម