រំជួលចិត្ត មកដឹងជីវិតតស៊ូមិនធម្មតា ៣ចំណុច ពីជើងខ្លាំងនិទ្ទេស A ម្នាក់គត់ នៅរតនគិរី

  • 2018-09-11 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ យុវជន និង​កីទ្បា បាន​បញ្ជាក់​ថា ខេត្ត​រតនគិរី​មាន​បេក្ខជន និទ្ទេស A តែ​ម្នាក់​គត់ ប្រចាំ​ខេត្ត។ ​

ខេត្ត​នេះ មាន​ចំនួន​សិស្ស​ឆ្នើម​តិច​តួច​ជាង​គេ បើ​ធៀប​នឹង​បណ្ដា​ខេត្ត​ដទៃ។ សិស្សរូបនេះ មានប្រវត្តិ​ជីវិត​ តស៊ូ​មិន​ធម្មតា មុន​ទទួល​លទ្ធផល​សិក្សា​ជោគជ័យ។

​​ទំព័រ​ហ្វេសប៊ុក​​មន្ទីរ​ព័ត៌មាន ​ខេត្ត​រតនគីរី បាន​ឲ្យ​ដឹង​ថា បេក្ខជន​និទ្ទេស Aដែល​ជា​ករណី​ដ៏​កម្រ​សម្រាប់​ខេត្ត​ដាច់​ស្រយាល​១​នេះ ​មាន​ឈ្មោះ ឈ្មោះ ម៉ក់ យិត អាយុ ១៩ឆ្នាំ ដែល​មាន​ស្រុក​កំណើត​ នៅ​ភូមិ​ស្រម៉ ឃុំ​ក្សែត ស្រុកកំពុងរោ ខេត្ត​ស្វាយរៀង។

១. ស្ថានភាព​គ្រួសារ

សិស្ស​ឆ្នើម​រូប​នេះ មាន​ឪពុក ឈ្មោះ តាន់ មាឃ អាយុ ៤២ ឆ្នាំ និង​អ្នក​ម្ដាយ​ឈ្មោះ កាន យ៉ាន់ អាយុ ៤០ ឆ្នាំ ។ បច្ចុប្បន្ន ឪពុកម្ដាយ​របស់​យុវជន ម៉ក់ យិត កំពុង​ធ្វើការ​ជា​កម្មករ នៅ​ប្រទេស​ថៃ។ សិស្ស​ពូកែ​នេះ មាន​បងប្អូន​ចំនួន ៤នាក់ស្រី ១ ប្រុស ៣ និង​ជា​កូន​ទី២ ក្នុង​គ្រួសារ។

២. ប្រវត្តិ​តស៊ូ​ពេល​សិក្សា​ ពេល​នៅ​ឆ្ងាយ​ពី​គ្រួសារ

ម៉ក់ យិត បាន​មក​សិក្សា​រៀន​សូត្រ​ នៅ​ក្នុង​ខេត្ត​រតនគិរី​ តែ​ម្នាក់ឯង រយៈពេល​៣ឆ្នាំ ដោយ​សុំ​លាក់​មូលហេតុ​ហើយ​រៀននៅ​វិទ្យាល័យ​សម្ដេចឪ សម្ដេចម៉ែ តាំង​ពី​ថ្នាក់​ទី​១០ មក​ម្ល៉េះ​។ យុវសិស្ស ម៉ក់ យិត បាន​ស្នាក់​នៅ​ផ្ទះ​ជួល​មួយ​កន្លែង​ ក្នុង​ភូមិ អូរកន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បានលុង ហើយ​ឆ្លៀត​ពេល​ទំនេរ ​ពី​ការ​សិក្សា​ តែងតែ​ស៊ី​ឈ្នួល​រៀបចំ​ឥវ៉ាន់​លក់ដូរ​ឲ្យ​គេ ​ដើម្បី​បាន​ថវិកា​មក​ជួល​បន្ទប់​ស្នាក់​នៅ​ និង​ឧបត្ថម្ភ​ខ្លួនឯង​ ក្នុង​ការ​សិក្សា។

៣. លទ្ធផល​បាក់ឌុប ដ៏​រំភើប

មាន​ការ​ប្រឈម ​និង​ការ​លំបាក​ជាច្រើន មុន​យុវជន​រូប​នេះ ជាប់​និទ្ទេស A។ យុវសិស្ស ម៉ក់ យិត បាន​រំលឹក​ថា​គ្រប់​បែប​យ៉ាង​ ដែល​ខ្លួន​បាន​បែក​ឆ្ងាយ​ ពី​ឪពុក​ម្ដាយ​បងប្អូន​មក​រស់​នៅ​ម្នាក់​ឯង​ក្នុង​ទឹកដី​ នៃ​ខេត្ត​រតនគិរី​។ ​ការ​លំបាក​ទាំង​អស់​នោះ​ បាន​ជំរុញ​ឲ្យ​ប្អូន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​រក​ប្រាក់​ និង​​រៀន​សូត្រ​ដោយ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ជីវិត​របស់​ខ្លួន​ និង​បាន​ល្អ​ប្រសើរ​។

ទី​បំផុត​​ក្ដី​ស្រម៉ៃ​របស់​ប្អូន​ប្រុស​បាន​ក្លាយ​ជា​ការ​ពិត​ ដោយ​ប្អូន​ប្រុស​ បាន​ប្រឡង​ជាប់​បាក់​ឌុប និង​ទទួល​បាន​និទ្ទេសAថ្នាក់​វិទ្យាសាស្ត្រ​ ដោយ​ទទួល​បាន​ពិន្ទុ ៩៩.៨៨៥។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​យុវសិស្ស ម៉ក់ យិត។

ម៉ក់ យិត និទ្ទេស A លេខរៀងទី ៧៧

សូម​បញ្ជាក់​ថា ខេត្ត​រតនគិរី​មាន​បេក្ខជន​ បាន​ប្រឡង​ជាប់​បាក់ឌុប​ ចំនួន ៧២១ នាក់​ក្នុង​ចំណោម​បេក្ខជន ៩០៧​នាក់​ ដែល​បាន​ចូលរួម​ប្រឡង​កាល​ពី​ សម័យ​ប្រលង​២០ ខែ​សីហា ឆ្នាំ​២០១៨ កន្លង​មក​នេះ។ ក្នុង​នោះ​មាន​និទ្ទេស A មាន​ចំនួន​តែ​ម្នាក់​គត់ គឺ​យុវសិស្ស ម៉ក់ យិត។

ក្រៅ​ពី​នេះ​មាន​សិស្ស និទ្ទេស B ចំនួន​៣​នាក់, និទ្ទេស ​C ចំនួន​៤៩នាក់, និទ្ទេស Dចំនួន១៩៦ នាក់ និងនិទ្ទេស E ចំនួន ៤៧២ នាក់។

រូបភាពពី មន្ទីរព័ត៌មានខេត្តរតនគីរី

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី