ទម្លាយតម្លៃសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យល្បីៗបំផុត ក្នុងប្រទេសកម្ពុជា

  • 2018-09-11 08:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ជា​ច្រើន ​កំពុង​បណ្ដុះ​បណ្ដាល​ជំនាញ ដ៏​សម្បូរ​បែប​ទៅ​កាន់​និស្សិត ដើម្បី​ក្លាយ​ជា​ធនធាន​មនុស្ស​​ពោរពេញ​ដោយ​សមត្ថភាព ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ជាតិ។ ថ្ងៃ​នេះ Sabay សូម​ណែនាំ​សាកលវិទ្យាល័យ​ល្បី​ៗ​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ មាន​ទាំង​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ និង​ឯកជន ព្រម​ទាំង​តម្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ។

១. សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

ចំពោះ​តម្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​សាធារណៈ​ដ៏​ល្បីល្បាញ​មួយ​នេះ គ្រប់​មុខ​ជំនាញ​ទាំង​អស់ ក្នុង​១​ឆ្នាំ​និស្សិត​ត្រូវ​បង់​ចន្លោះ​ពី ៣០០ ទៅ​ ៥០០​ដុល្លារ។ លើក​ឡើង​តែ​មុខ​ជំនាញ​ខ្លះ​ដល់​៦០០​ដុល្លារ​ដូចជា៖ វិស្វកម្ម​ទូរគមនាគមន៍ និង​អេឡិច​ត្រូនិក វិស្វកម្ម​ ជីវសាស្ត្រ វិស្វកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​ជាដើម។​ ក្នុង​នោះ​ជំនាញ​សិក្សា​ល្បីៗ​រួម​មាន៖ អក្សរសាស្ត្រ​ខ្មែរ ទេសចរណ៍ វិស្វកម្ម ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា ចិត្តវិទ្យា ជា​ដើម។

២. សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង

សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ឬ​ហៅ​កាត់​ថា (NUM) ក៏​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ដ៏​ចំណាស់​មួយ​ក្នុង​ប្រទេស​កម្ពុជា។ ចំណែក​ឯ​តម្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិញ ក្នុង​១​ឆ្នាំ​និស្សិត​ត្រូវ​បង់​ចន្លោះ​ពី ៥០០ ទៅ​៥៤០​ដុល្លារ។​ លើក​លែង​តែ​ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស និង​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​ប៉ុណ្ណោះ ដែល​មាន​តម្លៃ​១ ២០០​ដុល្លារ​។

៣. សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

ការ​សិក្សា​នៅ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ​ដ៏​ចំណាស់​មួយ​នេះ​វិញ និស្សិត​ត្រូវ​បង់​ ៤៨០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​លើ​គ្រប់​ជំនាញ លើក​លែង​តែ​ថ្នាក់​សិក្សា​អន្តរជាតិ​ប៉ុណ្ណោះ។ ចំពោះ​មុខ​ជំនាញ​ ផ្ដោត​សំខាន់​​ជាង​គេ​នៅ​ក្នុង​សាកលវិទ្យាល័យ​នេះ មាន​ដូច​ជា ​ជំនាញ​នីតិសាស្ត្រ សេដ្ឋកិច្ច​ និង​ការ​អប់រំ​ពាណិជ្ជកម្ម ជា​ដើម។

៤. សាកលវិទ្យាល័យ​អាមេរិក​កាំង​ភ្នំពេញ​អន្តរជាតិ (AUPP)

សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំ​ពេញ (AUPP) គឺ​ជា​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​អន្តរជាតិ​លំ​ដាប់​ទី​១ នៅ​កម្ពុជា​ចាប់​ផ្ដើម​ទទួល​និស្សិត​ឱ្យ​ចូល​រៀន សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៧-២០១៨ ហើយ។  វគ្គ​សិក្សា​ថ្មី​នឹង​ចាប់​ផ្ដើម​ចូល​រៀន​នៅ​ថ្ងៃ​ទី ១ ខែ តុលា ឆ្នាំ​២០១៨ តែ​ម្ដង។

បើ​តាម​អ្នក​នាំ​ពាក្យ​សាកលវិទ្យា​ល័យ​អាមេរិក​កាំង​ភ្នំពេញ​អន្តរជាតិ (AUPP) ឲ្យ​ដឹង​ថា ​ចំពោះ​ការ​បង់​ថ្លៃ​សិក្សា គឺ​មាន​ចែក​ចេញ​ជា​២​ស្ដង់ដារ​រួមមាន៖

១. កម្ម​វិធី​សិក្សា​បរិញ្ញាបត្រ​១៖ មាន​ន័យ​ថា​ក្រោយ​បញ្ចប់​ការ​សិក្សា​និស្សិត​នឹង​ទទួល​បាន​សញ្ញាបត្រ​១ ដែល​ចេញ​ដោយ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ។ ១ឆ្នាំ​និស្សិត​ត្រូវ​បង់ ៦០០០​ដុល្លារ​ក្នុង​១​ឆ្នាំ។

២. កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ាបត្រ​២៖ មាន​ន័យ​ថា​ក្រោយ​បញ្ចប់​ការ​សិក្សា​និស្សិត​នឹង​ទទួល​បាន​សញ្ញាបត្រ​២ ដែល​សញ្ញាបត្រ​១​ចេញ​ដោយ (AUPP) និង​សញ្ញាបត្រ​មួយ​ទៀត​ចេញ​សាកលវិទ្យាល័យ​អាមេរិក ដែល​មាន​ស្នាក់​ការ​នៅ​សហរដ្ឋអាមេរិក។ និស្សិត​ត្រូវ​បង់​ថ្លៃ​សិក្សា​១ឆ្នាំ ៩០០០​ដុល្លារ។

ជា​មួយ​គ្នា​នោះ AUPP ក៏​បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ឆ្នើម​​និទ្ទេស A និង B ព្រម​ជាមួយ​នឹង​អាហារូបករណ៍រហូតដល់ ១០០% សម្រាប់សិស្សឆ្នេីមដែលប្រឡងជាប់បាក់ឌុប និងមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការបង់ថ្លៃសិក្សានៅ AUPP។

៥. សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា

ចំពោះ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​សិក្សា​ថ្មី​នេះ នៅ​សាកលវិទ្យាល័យ​ឯកជន​ដ៏​ល្បីល្បាញ​នេះ​វិញ និស្សិត​ត្រូវ​បង់​​ជា Term ក្នុង​នោះ​មួយ​ឆ្នាំ​មាន​៣ Term។ Termទី១​ត្រូវ​បង់​៣១៨​ដុល្លារ Term ទី២​ត្រូវ​បង់​៣១៨​ដុល្លារ និង​Term​ទី​៣​ត្រូវ​បង់ ២៣៨​ដុល្លារ។ និស្សិត​ត្រូវ​សិក្សា​រយៈពេល​៤​ឆ្នាំ និង​បង់​ថ្លៃ​បែប​នេះ​រហូត​ដល់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ។

៦. សាកលវិទ្យាល័យ​កម្ពុជា

ចំពោះ​ការ​បង់​ថ្លៃ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដ៏​ធំ​មួយ​នេះ និស្សិត​ត្រូវ​បង់​តាម​មុខ​វិជ្ជា​។ ក្នុង​នោះ​១​មុខ​តម្លៃ ៩០​ដុល្លារ ដែល​មាន​ទាំង​អស់​៤៥​មុខ​វិជ្ជា​ត្រូវ​សិក្សា​រយៈ​ពេល​៤​ឆ្នាំ។ ដូច្នេះ​និស្សិត​ត្រូវ​ចំណាយ ៤០៥០​ដុល្លារ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ។

៧.សាកលវិទ្យាល័យ​ហ្សាម៉ាន់

ចំណែក​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ឯក​ជន​ដ៏​ល្បីល្បាញ​នេះ និស្សិត​ត្រូវ​បង់​ថ្លៃ​សិក្សា​ចន្លោះ​ពី ៣ ០០០ ទៅ​៤ ០០០​ដុល្លារ​ក្នុង​១​ឆ្នាំ អាស្រ័យ​ទៅ​តាម​ជំនាញ​ដែល​ជ្រើស​រើស។

៨. សាកលវិទ្យាល័យ​ន័រតុន

ន័រតុន ជា​សាកលវិទ្យាល័យ​ដ៏​ធំ និង​ល្បី​ល្បាញ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ចំពោះ​តម្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​និស្សិត​ត្រូវ​បង់​ចន្លោះ​ពី ៥០០ ទៅ ៧០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

៩. សាកលវិទ្យាល័យ​បៀលប្រាយ

បៀលប្រាយ​ ឬហៅកាត់ជាភាសាអង់គ្លេស (BBU) ជា​សាកលវិទ្យាល័យ​ឯកជន មួយ​ដ៏​ល្បីល្បាញ​ក្នុង​ចំណោម​សាកលវិទ្យាល័យ​ធំៗ នៅ​ប្រទេស​កម្ពុជា។ ជា​ពិសេស​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ឯក​ជន​ដ៏​ធំ​នេះ មាន​ ៧​សាខា​ផ្សេងទៀត ក្រៅពីរាជធានីភ្នំពេញ ទូទាំង​ប្រទេស​ទៀត​ផង។ ចំណែក​ឯ​តម្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ក្នុង​១​ឆ្នាំ​និស្សិត​ត្រូវ​បង់​ចន្លោះ​ពី ៤០០ ទៅ ៦០០​ដុល្លារ​ប៉ុណ្ណោះ។ ចំពោះកម្មវិធីសិក្សាវិញរួមមាន៖ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រជាន់ខ្ពស់ និងរហូតដល់ថ្នាក់បណ្ឌិត៕

អត្ថបទ៖ វឌ្ឍនៈ