យប់​នេះ​ ក្រៅ​ពី​ iPhone អាចមាន​ផលិត​ថ្មី​ច្រើន​ទៀត​បង្ហាញ​ខ្លួន

  • 2018-09-12 03:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកាស​ចេញ​ផលិតផល​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​ Apple នឹង​ចាប់​ផ្ដើម​នៅ​វេលា​យប់​ម៉ោង​ ១២ ថ្ងៃ​ទី​ ១២ ​ឈាន​ចូល​ថ្ងៃ​ទី​ ១៣ ខែ​កញ្ញា​នេះ។ ​គេ​រំពឹង​ថា​ក្រៅ​ iPhone នៅ​មាន​ផលិតផល​ច្រើន​ទៀត​ដែល​ Apple នឹង​ប្រកាស​ចេញ។

១. iPhone

iPhone យប់​នេះ​នឹង​ចេញ​ថ្មី​ចំនួន​ ៣ ម៉ូដែល​ ដោយ​មាន​​ប្រភេទ​អេក្រង់​ទំហំ​ ៥,៨ អ៊ីញ និង ៦,៥ អ៊ីញ​ ប្រើ​ប្រាស់​អេក្រង់​ OLED និង​មួយ​ទៀត​ប្រើ​អេក្រង់​ LCD ទំហំ​ ៦,១ អ៊ីញ។ រូបរាង​ផ្លូវ​ការ​របស់​ iPhone អេក្រង់​ OLED បាន​ចេញ​ផ្សាយ​ដោយ​វិបសាយ​ 9to5Mac ដែល​មាន​តួ​ខ្លួន​​​ពណ៌​មាស ហើយ​គេ​ជឿ​ថា​វា​មាន​ឈ្មោះ​ iPhone Xs។

២​. Apple Watch

Apple Watch ជំនាន់​ទី​បួន​នឹង​លេច​រូបរាង​ឡើង​នៅ​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​នេះ។ តាម​ការ​ចេញ​ផ្សាយ​របស់​ 9to5Mac គេ​អាច​ដឹង​បាន​ថា​នាឡិកា​វៃ​ឆ្លាត​ជំនាន់​ថ្មី​នេះ​មាន​អេក្រង់​ទំហំ​ធំ​ជាង​មុន និង​មាន​តួ​ខ្លួន​ពណ៌​មាស​ស៊ី​គ្នា​ជា​មួយ​ iPhone Xs។

៣. ប្រព័ន្ធ​ប្រតិបត្តិការ​

ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 12, Watch OS 5 និង tvOS 12 នឹង​ត្រូវ​​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ​ ស្រប​ពេល​គ្នា​នឹង​ការ​ប្រកាស​ចេញ​ផលិតផល​ថ្មី​នា​យប់​នេះ។

៤. AirPower

AirPower បាន​ប្រកាស​ចេញ​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៧ ប៉ុន្តែ​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ចេញ​លក់​លើ​ទីផ្សារ​នៅ​ឡើយ​ទេ។ នៅ​យប់​នេះ​គេ​រំពឹង​ថា​ Apple នឹង​ប្រកាស​ចេញ​ពី​កាល​បរិច្ឆេទ​ចេញ​លក់​ផ្លូវ​ការ​នៃ​ឆ្នាំង​សាក​ឥត​ខ្សែ​មួយ​នេះ។

៥. កាស​ AirPod ជំនាន់​ថ្មី

AirPod ជា​ផលិត​​ថ្មី​ដ៏​ពេញ​និយម​មួយ​របស់​ Apple ដែល​បាន​ចាប់​កំណើត​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ។ ដូច​នេះ​គេ​​យល់​​ថា​នេះ​ជា​ពេល​វេលា​សម​ស្រប​មួយ​ក្នុង​ការ​ប្រកាស​ចេញ​ AirPod ជំនាន់​ថ្មី ដែល​មាន​មុខងារ​​ថ្មីៗ​បន្ថែម​ទៀត​ជា​ច្រើន។

៦. iPad

សារព័ត៌មាន​ Bloomberg បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧ ថា​ Apple កំពុង​សម្ងំ​ផលិត​ iPad ដែល​មាន​បំពាក់​មុខងារ​មួយ​ចំនួន​របស់​ iPhone X ដូច​ជា​ Face ID, គ្មាន​ប៊ូតុង​ Home និង​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ។ Bloomberg បាន​លើក​ឡើង​ថា​ iPad នេះ​អាច​នឹង​ប្រកាស​ចេញ​នៅ​ឆ្នាំ ២០១៨ ហើយ​វា​ទំនង​ជា​បង្ហាញ​មុខ​យប់​នេះ។

រំឭក​ថា​កម្មវិធី​ប្រកាស​ចេញ​ផលិតផល​ថ្មី​របស់​ Apple នឹង​ចាប់​ផ្ដើម​ឡើង​នៅ​វេលា​ម៉ោង​ ១២ រំលង​អាធ្រាត្រ​​ ដែល​នឹង​មាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​លើ​វិបសាយ​របស់​ក្រុមហ៊ុន​ Apple ផ្ទាល់៕​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម