មនុស្ស៩នាក់ក្នុងចំណោម១០នាក់ ទូទាំងពិភពលោក កំពុងស្រូបយកខ្យល់កខ្វក់

  • 2018-09-12 06:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបំពុលបរិយាកាសដោយផ្សែងពុល និងប្លាស្ទិក គឺជាបញ្ហាចម្បង ដែលពិភពលោកទាំងមូលកំពុងប្រឈមមុខ។ តាមការស្រាវជ្រាវរបស់អង្គការសុខភាណពិភពលោក បានឲ្យដឹងថា សព្វថ្ងៃនេះយ៉ាងហោចណាស់មានមនុស្ស៩នាក់ ក្នុងចំណោម១០នាក់ ទូទាំងពិភពលោក កំពុងដកដង្ហើមដោយខ្យល់ដែលមានកម្រិតជាតិពុលខ្ពស់។

ការប៉ាន់ប្រមាណថ្មីមួយនៃអង្គការដដែល បង្ហាញឲ្យឃើញថា មានមនុស្សប្រមាណជាង ៧លាននាក់ស្លាប់ជារៀងរាលឆ្នាំដោយសារការបំពុលខ្យល់។

កាលពីឆ្នាំ ២០១៦ របាយការណ៍បានបង្ហាញថា មនុស្ស ៤លាន២សែន(4.2)នាក់ស្លាប់ដោយសារផ្សែងពុលក្នុងផ្ទះបាយ និង៣លាន ៨សែន(3.8)នាក់ស្លាប់ដោយសារការបំពុលដោយសារការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ គឺបានន័យថា បច្ចេកវិទ្យានាំមកនូវរោងចក្រ ដែលបញ្ចេញផ្សែងពុលទៅក្នុងខ្យល់ ធ្វើឲ្យអួរអាប់។ ខ្យល់ពុលទាំងនេះធ្វើឲ្យមនុស្ស ២៤% ស្លាប់ដោយសារជំងឺគាំងបេះដូង, ២៥% ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល, ៤៣% ដោយសារជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និង ២៩% ស្លាប់ដោយសារជំងឺមហារីកសួត។

ថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន លោកវេជ្ជបណ្ឌិត ថេដ្រូ អាឋាណុម ឃេប្រេអេស៊ូស(Tedros Adhanom Ghebreyesus) អ្នកចាត់ការទូទៅ នៃអង្គការសុខភាពពិភពលោក WHO លើកឡើង ដោយដាក់ក្ដីបារម្ភលើប្រជាជនក្រីក្រ ដែលជាអ្នករងបន្ទុកខ្លាំងជាងគេ។ «ប្រសិនបើមិនចាត់វិធានការទប់ស្កាត់នោះទេ ពួកយើងនឹងមិនអាចឈានទៅរកផែនការអភិវឌ្ឍន៍ដោយចីរភាពបានឡើយ។» នេះជាការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត ថេដ្រូ អាឋាណុម ឃេប្រេអេស៊ូស(Tedros Adhanom Ghebreyesus)

ដំណោះស្រាយ ដែលអង្គការសុខភាពពិភពលោក និងអង្គការបរិស្ថាននានាចង្អុលបង្ហាញគឺ កាត់បន្ថយការប្រើយានជំនិះ ដែលប្រើប្រេងម៉ាស៊ូត និងប្រេងសាំង កាត់បន្ថយការប្រើប្រាស់អុសសម្រាប់ចម្អិនអាហារ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងដាំឡើងវិញជាដើម៕

អត្ថបទដោយ៖ ឈិន ធារ៉ាត់