គ្រូ​ Juventus ថា​ Ronaldo នឹង​ស៊ុត​ចូល​​គ្រាប់​ដំបូង​យប់​នេះ​

  • 2018-09-16 02:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Massimiliano Allegri អ្នក​ចាត់​ការ​ទូទៅ​ Juventus បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​តារា​ឆ្នើម​របស់​លោក​គឺ Cristiano Ronaldo នឹង​អាច​រក​គ្រាប់​ដំបូង​ឲ្យ​ក្រុម​នៅ​យប់​នេះ។​​

ក្របខ័ណ្ឌ​លីគ​កំពូល​អ៊ីតាលី​ ឬ​ Serie A បាន​កន្លង​ផុត​ទៅ​៣​ សប្ដាហ៍​ហើយ​ក្នុង​នោះ​ Juventus លេង​ឈ្នះ​ទាំង​៣​ប្រកួត​ តែ​​ Ronaldo ដែល​ផ្ទេរ​ពី​ Real Madrid ក្នុង​តម្លៃ​ជាង​១០០​លាន​អឺរ៉ូ​នៅ​មិន​ទាន់​រក​គ្រាប់​បាល់​បាន​១​គ្រាប់​នៅ​ឡើយ​ទេ។​

Juventus ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ Sassuolo នៅ​ម៉ោង​៨​យប់​នេះ​ហើយ​វា​គឺ​ជា​ប្រកួត​ដែល​ Allegri ជឿជាក់​ថា​ Ronaldo នឹង​រក​គ្រាប់​ដំបូង​បាន​នៅ​លើ​ទឹកដី​អ៊ីតាលី។

“Cristiano ​ប្រឹង​ប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ ហើយ​ខ្ញុំ​គិត​ថា​​ថ្ងៃ​អាទិត្យ​នេះ​ នឹង​ក្លាយ​ជា​ថ្ងៃ​របស់​គេ​ហើយ"។​ បុរស​វ័យ​៥១​ឆ្នាំ​និយាយ​ដូច្នេះ។ សួរ​ពាក់ព័ន្ធ​នឹង​ពាន​ FIFA World Player លោក​ Allegri បន្ត​ដូច្នេះ៖"ចំពោះ​ពាន​កីឡាករ​ឆ្នើម​របស់​ពិភពលោក​គឺ​ Ronaldo សក្ដិសម​នឹង​ឈ្នះ​ បើ​ទោះ​ជា​ Modric មាន​គុណសម្បត្តិ​ច្រើន​ក៏ដោយ៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ័ត្ន