អាន ៦ ហេតុផល​នេះ​សិន មុន​ដាក់​ចិត្ត​ជះ​លុយ​ទាំង​ពាន់​ទៅ​ទិញ iPhone XS

  • 2018-09-17 12:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របស់​ថ្លៃ​មិន​ប្រាកដ​ថា​ជា​របស់​ចាំ​បាច់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​តែ​ចំណាយ​ថវិកា​ទិញ ពោល​មិន​ខុស​ពី​ស្មាតហ្វូន​ថ្លៃ​ពាន់​ដុល្លារ iPhone Xs របស់ Apple ក៏​មាន​អ្នក​ជំនាញ​លើ​គេហទំព័រ iPhoneHacks ចេញ​ទម្លាយ​នូវ​មូលហេតុ​សមស្រប ៦ ចំណុច​ដែល​គួរ​ជៀសវាង​ជះ​លុយ​កៅឆាយ iPhone ស៊េរី​ឆ្នាំ ២០១៨ មួយ​នេះ។​

១.តម្លៃ​ជ្រុល​ហួស​ប្រមាណ:

តម្លៃ​ផ្លូវការ​លើ​ទីផ្សារ​អាមេរិក Xs Max ទំហំ 512GB ថ្លៃ​ដល់ ១ ៤៤៩ ដុល្លារ ខណៈ iPhone Xs ចាប់​ផ្តើម​ពី ៩៩៩ ដុល្លារ និង 256GB ថ្លៃ​ដល់ ១ ១៤៩ ដុល្លារ។ ថ្វី​បើ CPU មាន​ល្បឿន​លឿន​ជាង​មុន តែ​ក៏​មិន​លឿន​ដល់​ថ្នាក់​អ្នក​ត្រូវ​ជះ​លុយ​ជាង ៥០០ ដុល្លារ​បន្ថែម​លើ iPhone X សេរ៊ី​ចាស់​របស់​អ្នក​ទេ កុំ​ថា​ឡើយ​ការ​វិវត្ត​មុខងារ​កាមេរ៉ា ក៏​មិន​ខ្ពស់​ដល់​ចំណុច​ត្រូវ​ពិចារណា​នោះ​ដែរ។

២.ទិញ iPhone X ប្រសើរ​ជាង:

យុទ្ធសាស្រ្ត​ទីផ្សារ​របស់ Apple បាន​ផ្អាក​ការ​លក់ iPhone X ប៉ុន្តែ​ក៏​អ្នក​នៅ​មាន​ផ្លូវ​ទិញ​តាម​គេហទំព័រ Online ឬ​បណ្តា​ហាង​ទូរសព្ទ​ប្រចាំ​តំបន់ ដោយ​តាម​ដំណឹង​លេចលឺ iPhone សេរ៊ី​ឆ្នាំ ២០១៧ មួយ​នោះ កំពុង​ធ្លាក់​ថ្លៃ​មក​ខ្ទង់​ជាង ៦០០ ដុល្លារ​សម្រាប់​ទំនិញ​មួយ​ទឹក​ឬ​អាច​ខ្ពស់​ជាង​នេះ​មួយ​សន្លឹក​សម្រាប់​ទំនិញ​ថ្មី ណា​មួយ​ក៏​អាច​ទទួល​បាន​មុខងារ Face ID និង​ការ​ប្រើប្រាស់​ជា​ច្រើន​ទៀត​សឹង​ដូច​គ្នា ៩៩ ភាគរយ។

៣.គ្មាន​មុខងារ​រសើប​លើ iPhone Xs:

iPhone 6s មាន 3D Touch, iPhone 7 Plus មាន​កាមេរ៉ា​ភ្លោះ, iPhone X មាន Face ID និង TrueDepth Sensor គួប​ផ្សំ​អេក្រង់ OLED ចុះ iPhone Xs មាន​អ្វី​ប្លែក? មុខងារ Smart HDR ការ​កែច្នៃ​កម្រិត Depth លើ​រូបភាព ការ​គាំទ្រ​ស៊ីម ២ ដែល​មិន​ធំ​ទូលាយ សក្ដិសម​នឹង​តម្លៃ​ខ្ពស់​បែប​នោះ​ទេ?

៤.ល្បឿន​ក៏​មិន​ខុស​គ្នា​ច្រើន:

ការ​វាយ​តម្លៃ​ល្បឿន​ក៏​បង្ហោះ​ចេញ​ផ្សាយ ដោយ Xs Max ទទួល​បាន ៤ ៨១៣ ពិន្ទុ​លើ Single-core និង ១០ ២៦៦ ពិន្ទុ​លើ Multi-core ទៅ​មើល iPhone X ទទួល​បាន ៤ ០៦១ ពិន្ទុ​លើ Single-core និង ៩ ៩៥៩ ពិន្ទុ​លើ Mutli-core។ បើ​មិន​យក​ម៉ាស៊ីន ២ មក​តេស្ត​ជាប់​នឹង​ដៃ អ្នក​នឹង​មិន​អាច​រក​ឃើញ​ចំណុច​ខុស​គ្នា​នៃ​ល្បឿន​នោះ​ទេ ណា​មួយ​ការ​វិវត្ត​ទៅ​កាន់ iOS 12 នា​ពេល​ខាង​មុខ​នេះ ក៏​កាន់​តែ​ជួយ​ពង្រឹង​ល្បឿន iPhone សេរ៊ី​ចាស់​បាន​មួយ​ចំណែក​ទៀត​ផង​ដែរ។

៥.គួរ​រង់ចាំ​ដល់ iPhone 2019:

លុយ​ទាំង​ពាន់​មិន​ជា​ងាយ​រក​ទេ សម្រាប់​អ្នក​មាន​ថវិកា​ល្មម ប៉ុន្តែ​ក៏​មិន​ជា​បញ្ហា​សម្រាប់​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន ប៉ុន្តែ​ការ​ចំណាយ​លុយ​លើ​ត្រកូល S មិន​ជា​ឆ្នាំ​នៃ​ការ​ Upgrade ដ៏​ធំ​មួយ​ពី Apple ពោល​គឺ​គ្មាន​ការ​ផ្លាស់ប្តូរ​រូបរាង គ្មាន​ការ​បញ្ចេញ​នូវ​មុខងារ​ពិសេស​ថ្មី បែប​នេះ​អាច​ថា​ត្រូវ​រង់ចាំ​ដល់ iPhone 11 ឬ​ iPhone សេរ៊ី​ឆ្នាំ ២០១៩ រំពឹង​មាន​កាមេរ៉ា​ថ្មី ស្នាម​ឆក​តូច​ជាង​មុន និង​មុខងារ​ជា​ច្រើន​ទៀត នោះ​ទើប​ប្រសើរ​ជាង។

៦.គ្មាន​ដុំ​សាក​ថ្ម​រហ័ស គ្មាន​គ្រឿង​បរិក្ខារ​ពិសេស:

ទូរសព្ទ​តម្លៃ​ពាន់​ដុល្លារ ប៉ុន្តែ​នៅ​តែ​គ្មាន​បន្ថែម​ដុំ​សាក​ថ្ម​រហ័ស​មក​ពី​នាយ ផ្ទុយ​ទៅ​វិញ​បើ​អតិថិជន​មិន​ចំណាយ​លុយ​ទិញ នោះ​ក៏​មាន​ន័យ​ថា​ត្រូវ​ប្រើ​ដុំ​សាក​ធម្មតា​អង្គុយ​សាក​ថ្ម​ iPhone Xs Max ច្រើន​ម៉ោង​អ៊ីចឹង​ទៅ។ មួយ​ទៀត​សូម្បី​តែ​ខ្សែ​ដោត​កាស Lightning ពី​មុន​ធ្លាប់​មាន​ក្នុង​ប្រអប់ iPhone X ក៏​ក្រុមហ៊ុន​យក្ស​អាមេរិក​ដក​ចោល​ដូច​គ្នា ហើយ​របស់​ទាំង​នោះ​បែរ​ជា​មាន​លក់​លើ​គេហទំព័រ Apple។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iPhoneHacks   ប្រែ​សម្រួល៖ កៅ រក្សា