មាន​គ្រឹះស្ថានហិរញ្ញវត្ថុប៉ុន្មាន​ហើយ​ ប្រកាស​ផ្ដល់​ប្រាក់​កម្ចី​ជូន​និស្សិត​ សម្រាប់​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ?

  • 2018-09-18 02:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​​លទ្ធផល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) បាន​ប្រកាស​ឱ្យ​ដឹង យ៉ាង​ហោច​​មាន​គ្រឹះ​ស្ថាន​មី​ក្រូហិរញ្ញវត្ថុ និង​ធនាគារ​ធំៗ​ចំនួន ៦កន្លែង បាន​និង​កំពុង​ផ្ដល់​ប្រាក់​កម្ចី​ជូន​សិស្សិនិស្សិត​ក្រីក្រ យក​ទៅ​បង់​ថ្លៃ​សាលា ដើម្បី​រៀន​ជំនាញ នៅ​ថ្នាក់​មហាវិទ្យាល័យ និង​សាលា​បណ្តុះបណ្តាល​ជំនាញ។

  លោក មាស វណ្ណដេត ប្រធាន​នាយកដ្ឋាន​បណ្ដុះបណ្ដាល នៃ​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា នៅ​ពេល​បច្ចុប្បន្ន​មាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ចំនួន៦ បាន​ប្រកាស​សហការ​គ្នា​ផ្តល់​ប្រាក់​កម្ចី​ជូន​សិស្ស​និស្សិត​ក្រីក្រ​សម្រាប់​បន្ត​ការ​សិក្សា​ជំនាញ ខណៈ​ធនាគារចំនួន២បន្ថែមទៀត ក៏បាន​ដាក់​ពាក្យ​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ ដើម្បី​ផ្ដល់​កម្ចី​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នេះ​ដែរ។

លោក មាស វណ្ណដេត ប្រធាន​នាយកដ្ឋាន​បណ្ដុះបណ្ដាល​ នៃក្រសួង​ទេសចរណ៍

  លោក​បាន​បន្ថែម​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ចំនួន​៦នោះ​រួមមាន ធនាគារ​កាណាឌីយ៉ា អេស៊ីលីដា ហ្វូតូបាមី​ក្រូហិរញ្ញវត្ថុ ហត្ថាកសិករ មីក្រូហិរញ្ញវត្ថុ​ក្រេឌីត  និង​មីក្រូហិរញ្ញវត្ថុ CMK។

  នៅ​ក្នុង​ពិព័រណ៍​ការ​អប់រំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​កាលពី​ចុង​សប្តាហ៍​មុន​​លោក សយ សេងថៃ ​បុគ្គលិក​ផ្នែក​ឥណទាន​ធនាគារ​កាណាឌីយ៉ា បាន​ឱ្យ​ដឹងថា សម្រាប់​កម្ចី​បន្ត​សិក្សា​ជំនាញ​នេះ មាន​ការ​ផ្ដល់​អត្រា​ការ​ប្រាក់​ទាប​បំផុត​ក្រោម ១ភាគរយ ហើយ​ប្រាក់​កម្ចី​សិស្ស​អាច​សង​ត្រលប់​វិញ​នៅ​ពេល​និស្សិត​មាន​ការ​ធ្វើ ហើយ​បើ​មិន​មាន​ការងារ​ធ្វើ​ទេ គឺ​អាណា​ព្យាបាល​របស់​គាត់​អាច​នឹង​ត្រូវ​សង​ត្រលប់​មក​វិញ​នៅ​ពេល​កូន​គាត់​រៀន​ចប់។

  ចំណែក លោក ឡី សុភាព នាយក​សាលា​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច បាន​ឱ្យ​ដឹង​ដែរ​ថា គ្រប់​សិស្ស​និស្សិត​ ដែល​សិស្ស​ជំនាញ ក្នុង​វិស័យ​ទេសចរណ៍​រៀង​រាល់​ឆ្នាំ​ស្ទើរ​គ្រប់ ១០០ភាគរយ គឺ​មាន​ការងារ​ធ្វើ​ទាំង​អស់​គ្នា​នៅ​ពេល​បញ្ចប់​ការ​សិក្សា​ជំនាញ​នានា​ក្នុង​វិស័យ​ទេសចរណ៍ ដែល​សកម្មភាព​វា​បង្ហាញ​អំពី​ប្រសិទ្ធភាព​មួយ​នៃ​ការ​បណ្ដុះបណ្ដាល​ជំនាញ​នានា​នៅ​ក្នុង​សាលា​ទេសចរណ៍​របស់​លោក និង​បណ្ដា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា។

  រាជរដ្ឋាភិបាល​បើក​ឱកាស​ឲ្យ​សិស្ស និស្សិត​អាច​ទទួល​ប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​នានា គឺ​ធ្វើ​ឲ្យ​​សាលា​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ទទួល​បាន​សិស្ស-និស្សិត​ជាច្រើន​ចូល​មក​សិក្សា​ជំនាញ​នានា​នៅ​ក្នុង​វិស័យ​ទេសចរណ៍។ នេះ​បើ​តាម​លោក លោក ឡី សុភាព​៕

អត្ថបទ៖ សុផល