មុខជំនាញពីរ​សំខាន់​បំផុត ចង់​ចាប់​​ជំនាញ​ "​អភិវឌ្ឍន៍​កម្មវិធី" ជោគជ័យ ត្រូវ​សួរ​ខ្លួន​ឯង​សិន

  • 2018-09-18 07:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ផ្នែក​កុំព្យូទ័រ​វិទ្យា ហៅកាត់ថា IT គឺ​មាន​ច្រើន​ជំនាញ​ ដូចជា ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Science)​ ជំនាញ​ត​បណ្ដាញ​កុំព្យូទ័រ និង​សុវត្ថិភាព​ទិន្នន័យ (Networking and Security) ជំនាញ​រចនា​ប្រព័ន្ធ​ផ្សព្វផ្សាយ (Creative Multimedia) ជំនាញ​ឌីហ្សាញ (Design) ជំនាញ​អាជីវកម្ម និង​ទីផ្សារ​អនឡាញ (E-Commerce) ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា (Mgt. Information System ឬ MIS) និង​ ជំនាញ​អភិវឌ្ឍន៍​កម្មវិធី (Software Development)។

លោក​សាស្ត្រាចារ្យ ឈឿង រចនា ប្រធាន​ផ្នែក​កុំព្យូទ័រ​វិទ្យា នៃ​សាកលវិទ្យាល័យ​ន័រតុន

បើ​តាម​លោក​សាស្ត្រាចារ្យ ឈឿង រចនា ប្រធាន​ផ្នែក​កុំព្យូទ័រ​វិទ្យា នៃ​សាកលវិទ្យាល័យ​ន័រតុន ក្នុង​ចំណោ​មជំនាញ​​ទាំង​អស់​នេះ "​អភិវឌ្ឍន៍​កម្មវិធី" (Software Development) ជា​ជំនាញ​​ត្រូវ​ការ​គណិតវិទ្យា​ និង​ពិបាក​ជាង​គេ​បំផុត។ ហេតុផល​​ដោយសារ​​ជំនាញ​នេះ ផ្ដោត​លើ​​ការ​បង្កើត​កម្មវិធី ការ​បង្កើត​ App និង​ការ​បង្កើត​ឧបករណ៍​វ័យ​ឆ្លាត​ ដែល​​​ត្រូវ​ឱ្យ​សរសេរ Code​ ស្មុគស្មាញ ធ្វើយ៉ាងណា​អាច​ដំណើរការ​លើ Device ផ្សេងៗ​បាន​។

លោក​សាស្ត្រាចារ្យ ឈឿង រចនា បន្ត​ថា ជំនាញ​អភិវឌ្ឍន៍​កម្មវិធី ជាជំនាញ​​មួយ ត្រូវ​ការ​ភាសា​អង់គ្លេស​ខ្លាំង ព្រោះ​ត្រូវការ​សិក្សា​ស្រាវជ្រាវ​ច្រើន​ដែលប្រភព​ឯកសារ​ភាគច្រើន​ជា​ភាសា​អង់គ្លេស និង​ភាសា​​បច្ចេកទេស ឬ​ Language for IT ខុស​ពី​ការ​​រៀន​​​​ទំនាក់ទំនងធម្មតា។ ​ចំណែកគណិតវិទ្យា (រួមមាន​តក្ក​ផង​នោះ) ត្រូវ​បាន​គេ​ប្រើប្រាស់ ដើម្បី​គិត​គណនា​ផ្ទៃដី ប្រូបាប និង​ដោះស្រាយ​បញ្ហា​ផ្សេងៗជាដើម ដូច្នេះ​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​ ដែល​សិស្ស​​មិន​អាច​ខ្វះ​បាន។

បើ​ចង់​ចេះ​តែ​ជំនាញ​អភិវឌ្ឍន៍​កម្មវិធី ឬ Software Development សិស្សានុសិស្ស ត្រូវ​រៀន​រយៈពេល​ ៤​ ឆ្នាំ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​សាស្ត្រាចារ្យ ឈឿង រចនា។

បុគ្គលិក​ក្រុមហ៊ុន​ឯកជន ជំនាញ Software Development ម្នាក់ប្រាប់ថា ជំនាញ​អភិវឌ្ឍ​កម្មវិធី​ ក៏​ត្រូវ​ការ​ភាព​ឆ្លាតវៃ ចំណង់ចំណូលចិត្ត រួមទាំង​មុខជំនាញ​គ្រឹះមាន​គណិត ​រូបវិទ្យា ដែល​មិនអាច​​​មើល​រំលង​។

លោក​បាន​លើក​ឡើងថា គេ​ប្រើ​ "រូប​វិទ្យា​" ដើម្បីសិក្សា​ពី​ទំនាញផែនដី ទម្ងន់ ក្រាហ្វិក និង​ល្បឿន​​​ជាដើម។ លោក​បញ្ជាក់​​​យ៉ាងដូច្នេះ​ថា៖ “ពេល​គេ​គប់​អី​មួយ គេ​សិក្សា​លើ​ចម្ងាយ ល្បឿន ទម្ងន់​សមាមាត្រ​។ អ៊ីចឹង​រូប​វិទ្យា​ ក៏​សំខាន់​ដែរ"៕

អត្ថបទ៖ អ៊ុំ សុភក្តិ