វីរបុរស​បិសាច​ក្រហម ទទូច​ឲ្យ Pogba រៀន​សូត្រ​ពី Ronaldo

  • 2018-09-18 11:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្លឹប Manchester United អតីត​កីឡាករ Rio Ferdinand ក្នុង​ថ្ងៃ​នេះ​ បាន​និយាយ​ថា Paul Pogba គួរ​តែ​រៀន​សូត្រ​ពី Cristiano Ronaldo ទាក់​ទង​នឹង​ការ​ឲ្យ​តម្លៃ​លើ​ "ផលិត​ផល​សម្រេច" (ការ​ស៊ុត​បញ្ចូល​ទី និង​ការ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត) ជា​ជាង​ការ​លេង​របៀប​ឲ្យ​គេ​ឯង​ស្ងើច​សរសើរ។

Ferdinand បាន​ថ្លែង​ប្រាប់​សារព័ត៌មាន ESPN ថា នៅ​ពេល​ដែល Ronaldo បាន​មក​ចូល​រួម​ជាមួយ Manchester United ដំបូង កីឡាករ​ព័រទុយហ្គាល់​លេង​ញាក់​ច្រើន​ណាស់ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ចូល​ចិត្ត​មែន​ទែន។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល Ronaldo ចាក​ចេញ​ពី​ក្លឹប​នៅ​ឆ្នាំ ២០០៩ ហើយ​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត លើ​លោក ខ្សែ​ប្រយុទ្ធ​បាន​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​កីឡាករ​ដែល "ស្លាប់​រស់​ដើម្បី​ផលិត​ផល​សម្រេច" គឺ​ការ​ស៊ុត​បញ្ចូល​ទី និង​ការ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត។

ក្នុង​ន័យ​នេះ Ferdinand ចង់​ឃើញ Pogba រៀន​សូត្រ​ពី​ Ronaldo ទាក់​ទិន​នឹង​ការ​ឲ្យ​តម្លៃ​សំខាន់​ទៅ​លើ​ការ​រក​គ្រាប់​បាល់​ និង Assist។ វីរបុរស​ Manchester United បាន​បន្ត​ទៀត​ថា Pogba មាន​អត្តចរិត និង​កាយ​វិការ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក។ ទោះ​ជា​យ៉ាង​ណា កីឡាករ​បារាំង​ត្រូវ​យក​ចិត្ត​ហ្វឹកហាត់​បន្ថែម​ទៀត។

សូម​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​ត្រលប់​មក​ចូល​រួម​ជាមួយ Manchester United នៅ​ឆ្នាំ ២០១៦ មក ជា​រឿយៗ ខ្សែ​បម្រើ Pogba តែង​ទទួល​រង​ការ​រិះគន់​រាល់​ពេល​ក្រុម​លេង​មិន​បាន​សូវ​បាន​លទ្ធផល​ល្អ។ ក្នុង​ប្រកួតខ្លះ កីឡាករ​ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​​មើល​ឃើញ​ ថា​ហាក់​ចូល​ចិត្ត​លេង​ញាក់​ និង​កាន់​បាល់​រយៈ​ពេល​យូរ ដែល​ធ្វើ​ឲ្យ​គូ​ប្រកួត​ច្រើន​ឆាប​យក​បាល់​បាន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម