ក្រសួងបំភ្លឺច្បាស់ៗ រឿងគេផ្អើលថា វិទ្យាល័យព្រះស៊ីសុវត្ថិដូរជាសាលាឯកជន និងបង់ថ្លៃ

  • 2018-09-19 02:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​បាន​ឆ្លើយ​ប្រាប់​ Sabay នៅ​ព្រឹក​នេះ​ថា នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​មិន​បាន​ដក​ទៅ​ណា​ឡើយ គឺ​គ្រាន់​តែ​ផ្លាស់​ប្ដូរ​មុខ​តំណែង​របស់​លោក ទៅ​កាន់​នាយកដ្ឋាន​មធ្យមសិក្សា​ ដែល​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​ក្រសួង​អប់រំ​ដដែល។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​បញ្ជាក់​ថា មិន​មាន​ការ​តែងតាំង​នាយក​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ថ្មី​ឡើយ គឺ​ក្រសួង​អប់រំ​បាន​បង្កើត​គណៈកម្មការ​មួយ​ដែល​មាន​ឈ្មោះ​ថា៖ «គណៈកម្មការ​គ្រប់​គ្រង​បណ្ដោះ​អាសន្ន​ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ»។ គណៈកម្មការ​នេះ មាន​ប្រធាន​១​រូប អនុប្រធាន​៣​រូប និង​សមាជិក​សមាជិកា​ចំនួន​៥​រូប។ ដូច្នេះ​សរុប​ទាំង​អស់ គឺ​មាន​ចំនួន​៩​រូប ដើម្បី​ទ្រទ្រង់ និង​ដំណើរ​ការ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​បន្ត​ទៀត។

ចំពោះ​មួល​ហេតុ​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​លោក មូល ស៊ុយ​ហេង ជា​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទៅ​កាន់​មុខ​តំណែង​ថ្មី គឺ​ធ្វើ​ឡើង​ទៅ​តាម​គោលការណ៍​ច្បាប់​ទាំង​ស្រុង។ ឯកឧត្ដម រស់ សុវាចា បន្ថែម​ថា ការ​កាន់​មុខ​តំណែង​ថ្មី​របស់​លោក មូល ស៊ុយហេង ដោយ​សារ​តែ​លោក​មាន​សមត្ថភាព ទើប​ក្រសួង​ធ្វើ​ការ​តែងតាំង​លោកឲ្យ​បំពេញ​ភារកិច្ច​កម្រិត​ថ្នាក់​ជាតិ នៃ​នាយក​ដ្ឋាន​មធ្យម​សិក្សា​ របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា។ តាម​គោលការណ៍​ច្បាប់ កាល​ណា​បុគ្គល​ម្នាក់​បំពេញ​ការងារ​បាន​ល្អ គឺ​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​តួនាទី​ឲ្យ​កាន់​តែ​សម​នឹង​សមត្ថភាព​ មិន​មែន​ធ្វើ​ជា​នាយក​សាលា ត្រូវ​តែ​ធ្វើ​រហូត​ដល់​ចូល​និវត្តន៍​នោះ​ឡើយ។ នេះ​បើ​តាម​ការ​បន្ថែម​ទៀត​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ។

ចំណែក​ឯ​ការ​ផ្លាស់​ប្ដូរ​វិទ្យាល័យ​មួយ​នេះ ទៅ​ជា​សាលា​ឯកជន ហើយត្រូវរៀនបង់ថ្លៃ គឺ​មិន​មែន​ជា​ការ​ពិត​ឡើយ។ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ គឺ​នៅ​តែ​ជា​សាលា​របស់​រដ្ឋ តែ​ក្នុង​នោះ​មាន​ការ​ផ្លាស់​ប្ដូរ​កម្ម​សិក្សា​ឲ្យ​កាន់​តែ​ជឿន​លឿន​បន្ថែម​ទៀត។

បន្ថែមលើពីនេះទៀត បើតាមការបកស្រាយពីលោក សម្យ កំសាន្ត នាយករងនៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានពន្យល់ថា សាលារៀន​ជំនាន់​ថ្មី​ គឺជា​កម្មវិធី​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ជា​មាគ៌ា​អភិវឌ្ឍន៍​ថ្មី​មួយ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​នា​ពេល​បច្ចុប្បន្ន​ដែល​ជួយ​បង្កើត​សាលារៀន​សាធារណៈ​ស្វយ័ត​។

គំនិត​សម្រាប់​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ត្រូវ​ផ្តួចផ្តើម​ឡើង​ដំបូង​ដោយ​អង្គការ KAPE ដែល​ជា​អង្គការ​ក្នុង​ស្រុក​ធំ​បំផុត​ដែល​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ហើយ​ក្រោយ​អង្គការ​នេះ​ត្រូវ​បាន​អនុម័ត និង​ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ កម្មវិធី​សាកល្បង​របស់​ពួកគេ​ដែល​ជា​គំនិត​ផ្តួចផ្តើម​សាលា Beacon ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​ ២០១៤ នៅ​ខេត្ត​កំពង់ចាម​ហើយ​នៅពេល​ដែល​កម្មវិធី​មាន​ការ​ពង្រីក​ធំ​ទៅៗ សាលា​នេះ​ក៏​ក្លាយ​ជា​សាលា​ជំនាន់​ថ្មី​នេះ​ឯង​។

គោលបំណង​របស់ NGS គឺ​ការ​បង្កើត​សាលា​រដ្ឋ​ដែល​រក្សា​បាន​នូវ​ស្តង់ដារ​នៃ​ការ​អប់រំ​បាន​ខ្ពង់ខ្ពស់​បំផុត​ តាមរយៈ​ការ​វិនិយោគ​ថវិកា​ច្រើន​។ NGS ផ្តោត​ទៅ​លើ​ការ​ពង្រឹង​តម្លាភាព និង​ទទួល​ខុសត្រូវ​ដោយ​ការ​ផ្លាស់ប្តូរ​វិធី​គ្រប់គ្រង​សាលា​។ នេះ​គឺជា​ការ​ខុស​ប្លែក​ពី​វិធីសាស្ត្រ​ប្រពៃណី​របស់​រដ្ឋាភិបាល​ដែល​រមែង​តែងតែ​បែង​ចែក​មូលនិធិ​ស្មើៗ​គ្នា​ទាំង​អស់​។

លោកគ្រូ អ្នកគ្រូ កំពុងធ្វើបាតុកម្មនៅព្រឹកនេះ

ប្រសិន​បើ​មិន​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​សាលារៀន​ទេ​នោះ សម្ភារ​បរិក្ខារ​ដូចជា​បន្ទប់​ពិសោធ​វិទ្យាសាស្ដ្រ​នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ឲ្យ​អស់​ពី​សមត្ថភាព​ទេ​ពីព្រោះ​គ្រូបង្រៀន​រវល់​តែ​ស្វិតស្វាញ​ក្នុង​ការ​បង្រៀន​គួរ​យក​លុយ​ក្រៅ​ម៉ោង​វិញ និង​មាន​ភាព​លម្អៀង​ទៅ​លើ​សិស្ស​រៀន​គួរ​ជាង​សិស្ស​ដែល​មិន​មាន​លុយ​រៀន​គួរ​។

សាលា​ជំនាន់​ថ្មី​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ការ​លុប​បំបាត់​ការ​អនុវត្ត​បែប​នេះ​ទាំង​ស្រុង​។ គ្រូបង្រៀន​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ល្អិតល្អន់ និង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​ការ​ផ្តល់​អាហារូបករណ៍​ដើម្បី​ពង្រឹង​គុណធម៌​ក្នុង​ការ​បង្រៀន និង​សុចរិតភាព​។ គេ​បាន​សង្កេត​ឃើញ​ថា​នៅ​ក្នុង​បរិយាកាស​ថ្មី​នេះ​គ្រូបង្រៀន​លែង​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​គ្នា​ដើម្បី​ទាក់ទាញ​អតិថិជន​ដែល​ជា​សិស្ស​នោះ​ទេ ហើយ​វា​ធ្វើឲ្យ​ការ​ពង្រឹង​គុណភាព​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

លោកនិយាយដូច្នេះថា៖ «វាមានន័យចឹង មិនមែនគេមានបំណងលុបចោលសាលាព្រះស៊ីសុវត្ថិទេ។ មានន័យថា សាលាព្រះស៊ីសុវត្ថិ នៅតែជាសាលាព្រះស៊ីសុវត្ថិ ប៉ុន្តែគេគ្រាន់តែបញ្ចូលកម្មវិធីសិក្សាគឺមានការកែទម្រង់តាម NGS»៕

អត្ថបទ៖ វឌ្ឍនៈ