អាមេរិក បង្ហាញកាលបរិច្ឆេទច្បាស់ៗ នៃការលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង
- 2018-09-20 01:41:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក បង្ហាញកាលបរិច្ឆេទច្បាស់ៗ នៃការលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា លោកត្រៀមខ្លួនចាប់ផ្ដើមការចរចាឡើងវិញជាមួយក្រុងព្យុងយ៉ាង ក្នុងគោលបំណងលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅត្រឹមឆ្នាំ២០២១។
កិច្ចពិភាក្សារវាងភាគីទាំងពីរបានជាប់គាំង បន្ទាប់ពីកិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះហាក់មិនបានផល។ ប៉ុន្តែកិច្ចប្រជុំរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៊ូន ជេអ៊ីន ទំនងជាបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនសប្បាយចិត្ត។
បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងប្រទេសកូរ៉េទាំងពីររួចមក លោក គីម បានយល់ព្រមបិទកន្លែងសាកល្បង និងបាញ់បង្ហោះមីស៊ីលសំខាន់មួយរបស់ប្រទេស។ ជាមួយគ្នានេះ លោក គីម ក៏បានយល់ព្រមលើមធ្យោបាយមួយ ដើម្បីសម្រេចឲ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េផងដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Mike Pompeo បានអញ្ជើញរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho ឲ្យមកជួបលោក នៅទីក្រុង New York នាសប្ដាហ៍ក្រោយ ខណៈដែលការអញ្ជើញត្រូវបានពង្រីក សម្រាប់កិច្ចប្រជុំលើកទីពីររវាងតំណាងកូរ៉េខាងជើង និងអាមេរិក នៅទីក្រុង Vienna ប្រទេសអូទ្រីស។
«វានឹងក្លាយជាការចាប់ផ្ដើមនៃការចរចាដើម្បីផ្លាស់ប្ដូរទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើង តាមរយៈដំណើរការនៃការលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើងយ៉ាងឆាប់រហ័ស ដែលត្រូវបានបញ្ចប់នៅខែមករា ឆ្នាំ២០២១ តាមការប្ដេជ្ញាចិត្តរបស់លោក គីម និងដើម្បីកសាងរបបសន្តិភាពយូរអង្វែង និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ»។ នេះបើតាមសម្ដីរដ្ឋមន្ត្រីការបរទេសអាមេរិកខាងលើ៕
ចុចអាន៖