ទិញ iPhone XS ពី​សិង្ហបុរី​បាន​ភ្លាម ប្រញាប់​ហោះ​ទៅ​វៀតណាម​ភ្លែត ព្រោះហេតុផលមួយ

  • 2018-09-21 02:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មិន​ខុស​ពី​នៅ​អូស្ត្រាលី​ ​ហាង​ Apple Store ក្នុង​ប្រទេស​សិង្ហបុរី​ក៏​ចាប់​ផ្ដើម​ដាក់​លក់ iPhone XS/XS Max នៅ​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃ​សុក្រ​ទី ២១ កញ្ញា​នេះ​ដែរ។

Le Van Thang

Le Van Thang គឺ​ជា​បុគ្គល​ដំបូង​គេ​បាន​ឈរ​តម្រង់​ជួរ​ចាំ​ទិញ iPhone ជំនាន់​ថ្មី ដោយ​បាន​មក​រង់​ចាំ​តាំង​ពី​វេលា​ម៉ោង ៧ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ (ម៉ោង​នៅ​សិង្ហបុរី) ​មក​ម្ល៉េះ ហើយ​ក៏​បាន​ទិញ iPhone XS មុន​គេ​ផង​ដែរ។

Le Van Thang ដែល​មាន​វ័យ​ ២០ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា ៖ "ខ្ញុំ​គ្មាន​អារម្មណ៍​ថា​ហត់​នោះ​ទេ, ពេល​នេះ​ខ្ញុំ​ត្រូវ​ប្រញាប់​ទៅ​ព្រលានយន្តហោះ​ដើម្បី​ហោះ​ទៅ​​​វៀតណាម​ជា​បន្ទាន់”។ គេ​ដឹង​ថា​គោល​បំណង​ដែល ​Thang ប្រញាប់ប្រញាល់​ហោះ​ទៅ​ប្រទេស​កំណើត​ខ្លួន​នេះ គឺ​ដើម្បី​យក​ iPhone ស៊េរី​ថ្មី​ទៅ​លក់​ឲ្យ​អតិថិជន​នៅ​វៀតណាម​ជា​បន្ត។

គួរ​ដឹង​ថា​ iPhone XS/XS Max ដែល​​ឈ្មួញ​នាំ​យក​ទៅ​លក់​នៅ​វៀតណាម​ដំបូង អាច​លក់​បាន​តម្លៃ​ថ្លៃ​បំផុត​ ដោយ​ iPhone XS Max ទំហំ ៥១២ GB មួយ​ដើម​អាច​លក់​បាន​តម្លៃ​ ៧៩ លាន​ដុង (ប្រមាណ​ ៣ ៤០៥ ដុល្លារ) ឯណោះ។ ខណៈ​ដែល iPhone XS Max ទំហំ ៥១២ GB លក់​នៅ​សិង្ហបុរី​ក្នុង​តម្លៃ​ ២ ៣៤៩ ដុល្លារ​សិង្ហបុរី ដែល​ស្មើ​ប្រមាណ​ ១ ៧២១ ដុល្លារ។

​​​​​នៅ​ហាង​ Apple សិង្ហបុរី​នេះ​ដែរ​សង្កេត​ឃើញ​មនុស្ស​ម្នា​ជា​ច្រើន​មក​តម្រង់​ជួរ​រង់​ចាំ​ទិញ iPhone XS/XS Max ដោយ​​សម្បូរ​ទៅ​ដោយ​ជនជាតិ​វៀតណាម រហូត​ដល់​មាន​សារព័ត៌មាន​វៀតណាម​មក​យក​ព័ត៌មាន​ដល់​ហាង​លក់​នេះ​ទៀត​ផង៕

ប្រភព៖ Channelnewsasia | Zing   ប្រែ​សម្រួល៖ សុខហេង