រូបសំណាក​ខុងជឺ​ខ្ពស់​បំផុត​ នឹង​បង្ហាញ​ខ្លួន​នៅ​ទឹកដី​កំណើត​របស់​អ្នកប្រាជ្ញ​រូប​នេះ

  • 2018-09-22 02:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបសំណាក​ខុងជឺ​ខ្ពស់​បំផុត​​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ដែល​ជា​កន្លែង​កំណើត​របស់​ទស្សនវិទូ​បុរាណ និង ជា​គ្រូ​បង្រៀន​​រូប​នោះ។ ​

រូបសំណាក​ដ៏​ធំ​សម្បើម​របស់​ខុងជឺ​​ធ្វើ​ពី​ស្ពាន់ និង ដែក​ថែប​កម្ពស់ ៧២ ម៉ែត្រ នៅ​លើ​​ចង្កេះភ្នំ ដែល​អាច​មើល​ឃើញ​ទិដ្ឋភាព​ទីក្រុង គូហ៊្វូ ក្នុង​ខេត្ត​សាន​ដុង ភាគ​ខាង​កើត​ប្រទេស​ចិន។

តួ​រូបសំណាក​ទ្រ​ដោយ​សសរ​ចំនួន​៨​ដើម ហើយ​ជើង​ទម្រ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ៧ ៨០០ ម៉ែត្រ​ការ៉េ។

រូប​សំណាក​នេះ​ត្រូវ​បាន​បើក​ជា​សាធារណៈ​តាំង​ពី​ឆ្នាំ ២០១៦ ម្ល៉េះ ប៉ុន្តែ​ត្រូវ​ការ​ពេល​២​ឆ្នាំ​ដើម្បី​ប៉ូលា និង ដុសខាត់​ដើម្បី​ឲ្យ​ក្លាយ​រូប​សំណាក​ដ៏ល្អ​ឯក។

បើ​ទោះ​ជា​សំណង់​នេះ​មាន​​ទំហំ និង កម្ពស់​ដ៏​មហិមា​យ៉ាង​ណា​ក្តី ប៉ុន្តែ​រូបសំណាក​ខុងជឺ​បាន​ត្រឹម​ស្ថិត​នៅ​លេខ​រៀង​ទី​១៦ ក្នុង​ចំណោម​រូបសំណាក​ខ្ពស់​បំផុត​របស់​ពិភពលោក ខណៈ​ដែល​រូបសំណាក​ព្រះពុទ្ធ​វិហារ​និទាឃៈរដូវ ( Spring Temple Buddha) នៅ​ខេត្ត​ហឺណាន​ប្រទេសចិនខ្ពស់​ជាង​គេ​បំផុត​លើ​លោក មាន​​កម្ពស់​រហូត​ដល់​ទៅ ១២៨ ម៉ែត្រ ដែល​ខ្ពស់​ជាង​អាគារ​​កាណាឌីយ៉ា​នៅ​ក្រុង​ភ្នំពេញ​ទៅ​ទៀត។

ខុងជឺ​ជា​នរណា?

ខុងជឺ​​កើត​ក្នុង​ឆ្នាំ ៥៥១ មុន​គ.ស។ ខុងជឺ​ជា​ទស្សនវិទូ​ដ៏​ល្បី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចិន ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល។ ខុងជឺ ជឿ​ថា​ជីវិត​ជា​កម្មសិទ្ធិ​​សម្រាប់​​ការ​រស់​នៅប្រចាំថ្ងៃ​ជា​ជាង​រស់នៅ​ជាមួយ​ភាព​អរូបី ឬ​ ស្ថានសួគ៌។ អ្នក​ប្រាជ្ញ​រូប​នោះ​ជឿ​ថា​ការ​ប្រព្រឹត្ត​ប្រកប​ដោយ​សីលធម៌​នៃ​ទំនាក់​ទំនង​រវាង​​គ្រួសារ និង រដ្ឋ នឹង​បង្កើត​ភាព​សុខដុមរមនា​ក្នុង​សង្គម ពី​ព្រោះ​វា​ជា​កាតព្វកិច្ច​របស់​អ្នក​ដឹកនាំ​ក្នុង​ការ​​បង្កើត​នូវ​គំរូ​​សីលធម៌​សង្គម ប្រៀប​ដូច​កូន​មាន​តូនាទី​គោរព​ប្រណិប័តន៍​ឪពុក​ម្តាយ ដែល​​សីលធម៌​សង្គម​មួយ​នេះ​មាន​ឥទ្ធិពល​ទូទាំង​ទ្វីប​អាស៊ី។ ​

ទស្សនវិជ្ជា​​ខុងជឺ​បាន​ជះ​ឥទ្ធិពល​​លើ​វប្បធម៌​ចិន​តាំង​ពី​៥០០​ឆ្នាំ​មុន​គ.ស។ គំនិត​ខុងជឺ​និយម​ បាន​ជះ​ឥទ្ធិពល​យ៉ាង​សំខាន់​ទៅ​លើ​អភិបាលកិច្ច​ទូទាំង​ប្រវត្តិសាស្ត្រ​ចិន យ៉ាងហោចណាស់​ អត្ថបទ​របស់​គាត់​បាន​លេចធ្លោ​ជា​ច្រើន​សតវត្ស​នៅ​ក្នុង​ការ​ប្រលង​ បើ​ទោះ​ជា​​ក្នុង​សម័យ​អធិរាជ​ចិន ដែល​បន្ត​អំណាច​ពី​ឪពុក​ទៅ​កូន ក៏​ប្រទេស​មួយ​នេះ​ឲ្យ​តម្លៃ​លើ​ការ​អភិវឌ្ឍ​យុវជន ​តាម​ការ​ប្រលង​សមត្ថភាព​មុន​នឹង​អាច​​ចូល​ធ្វើ​មន្ត្រី​រាជការ​បាន៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ សុខ លាងហ៊ត