កត្តា​០៤យ៉ាង​ ជួយ​ឲ្យ​អ្នក​រៀន​បរិញ្ញាបត្រ​ជំនាញ​ជោគជ័យ

  • 2018-09-22 02:36:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ថ្នាក់​ចំណេះ​ដឹង​ទូទៅ ដើម្បី​សម្រួច​ជំនាញ​របស់​ខ្លួន​ឲ្យ​កាន់តែ​ចំ​គោល​ដៅ សិស្សានុសិស្ស​ត្រូវ​សិក្សា​បន្ថែម​លើ​ជំនាញ ដែល​ខ្លួន​ពេញ​ចិត្ត ២-៤ ឆ្នាំ​បន្ថែមទៀត គឺ​បាន​ន័យ​ថា ត្រូវ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់​បរិញ្ញាបត្រ។

ដើម្បី​សិក្សា​ជំនាញ​ឲ្យ​មាន​ប្រសិទ្ធភាព សិស្ស​និស្សិត​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​កិរិយា៤ យ៉ាង​តាម​ពុទ្ធោវាទ ដែល​ព្រះសមណគោតម​សម្ដែង​ទៅ​កាន់​ពុទ្ធបរិស័ទ និង​ដក​ស្រង់​មក​បរិយាយ​ក្នុង​សៀវភៅ​មង្គល​ជីវិត ដោយ​ភិក្ខុ គូ សុភាព គឺ៖

ទី​១, ឆន្ទៈ៖ ការ​ស្រលាញ់​ពេញ​ចិត្ត​នឹង​ជំនាញ​ណា​មួយ។ ផ្ដើម​ចេញ​ពី​ការ​ស្រលាញ់​ចូលចិត្ត​ជំនាញ​ណា​មួយ វា​នឹង​ធ្វើ​ឲ្យ​អ្នក​សិក្សា​មាន​ក្ដី​ស្រមៃ និង​រីករាយ​ក្នុង​ការ​សិក្សា។​ បើ​តាម​អ្នក​មាន​បទពិសោធន៍ ក្នុង​ការ​សិក្សា និង​មុខ​ជំនួញ លោក​ សំ កុសល បាន​លើក​ឡើង​ថា ការ​ស្រលាញ់​នាំ​មាន​ក្ដី​ស្រមៃ និង​មាន​គោលដៅ​ច្បាស់លាស់​មួយ ដែល​ជា​កម្លាំង​ចិត្ត​ក្នុង​ការសិក្សា។

ទី២, ការ​ព្យាយាម​សិក្សា៖ ដោយ​សារ​ការ​ស្រលាញ់​ពេញចិត្ត​ធ្វើ​ឲ្យ​អ្នក​រៀន​ខិតខំ​សិក្សា​ដើម្បី​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន។

ទី៣, ការ​ត្រិះ​រិះ​ពិចារណា៖ ការ​រៀន​ចេះ​ចាំ​ទាល់តែ​មាន​ការ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​យល់​ច្បាស់​ពី​ទ្រឹស្ដី (យល់​សាច់​ការ) ទៅ​តាម​ដំណើរការ​នីមួយៗ។ គ្រាន់តែ​ចេះ​ចាំ គឺ​នៅ​មិន​ប្រាកដ​ប្រជា​នៅ​ឡើយ តោង​ឲ្យ​យល់​ការ​សិន​ទើប​អនុវត្ត​បាន​ល្អ។

ទី៤, ការ​អនុវត្ត៖ ត្រង់​នេះ​ជា​ជំហាន​ដែល​លំបាក និង​តែង​មាន​ឧបសគ្គ​ច្រើន។ ពេល​ខ្លះ​ដំណើរការ​មិន​ដូច​ទ្រឹស្ដី​ទេ។ ប៉ុន្តែ​តាម​រយៈ​ការ​គិត​ពិចារណា​យល់​ជាក់​ច្បាស់​កន្លង​មក វា​នឹង​ជួយ​សម្រួល​ឲ្យ​អ្នក​សិក្សា​ចេះ​ដោះ​ស្រាយ​បញ្ហា​តាម​ដំណើរ​ដើម​ទង​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ ការ​អនុវត្ត​នេះ​ទៀត​សោត គឺ​ធ្វើ​ឲ្យ​អ្នក​រៀន​កាន់តែ​មាន​ជំនាញ​ច្បាស់លាស់ និង​មាន​ស្មារតី​រឹង​មាំ៕

អត្ថបទ៖ ឈិន ធារ៉ាត់