PSG ចាយ​លុយ​ជិត​ ៩០០ លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៨​ឆ្នាំ តែ​នេះ​ជា​អ្វី​ដែល​ក្លឹប​​គួរ​ទទួល​បាន​ឬ?

  • 2018-09-23 03:42:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ប្រាក់ ៧៥០ លាន​អឺរ៉ូ (ប្រហែល ៨៨៣ លាន​ដុល្លារ) ត្រូវ​បាន​ចំណាយ​ក្នុង​រយៈ​ពេល​៨​ឆ្នាំ តើ​នេះ​ជា​អ្វី​ដែល​ PSG គួរ​ទទួល​បាន​ឬ?

Paris Saint-Germain ធ្លាប់​ត្រូវ​បាន Real Madrid ទម្លាក់​នៅ​វគ្គ​១៦​ក្រុម​ក្របខ័ណ្ឌ Champions League កាល​ពី​រដូវ​កាល​មុន។ ជា​ថ្មី​ម្តង​ទៀត ក្លឹប​អ្នក​មាន​របស់​ព្រះចៅ​កាតា​នេះ​ត្រូវ​បាន​ហង្សក្រហម ចាក់​ឲ្យ​របួស​ចាស់​រើ​ឡើង​វិញ​ក្រោយ​ចាញ់ Liverpool ៣-២ ក្រៅ​ដី។

ខាង​ក្រោម​នេះ​ជា​ហេតុផល​​ចម្បងៗ ដែល​​ស្ដេចត្រាញ់​នៅ​លីគ​កំពូល​បារាំង​ពិបាក​​ប្រកួត​ប្រជែង​នៅ​ទ្វីប​​អឺរ៉ុប៖

១ លីគ​ក្នុង​ស្រុក​មិន​សូវ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង

Ligue 1 មានក្លឹបចំនួន ២០ ប៉ុន្តែមានតែក្រុម Lyon និង AS Monaco ប៉ុណ្ណោះ​ដែល​អាច​ប្រកួត​ប្រជែង​យក​ពានរង្វាន់​ក្នុងស្រុក ធ្វើ​ឲ្យ​ PSG លេង​ ៣៤ ប្រកួត​​ជាមួយ​ក្រុម​ខ្សោយ​ ឈ្នះ​ដោយ​មិន​សូវ​ប្រឹង ពោល​គឺ​គ្មាន​កីឡាករ​ណា​អាច​ប្រជែង​ជាមួយ Mbappe ឬ Neymar បាន​ឡើយ។

នៅ Barcelona តារា​ឆ្នើម Neymar មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។ មាន​ជំនួប​យក្ស El Clasico ទល់​នឹង Real Madrid ក្រៅ​ពី​នោះ​​ក៏​មាន​​ការ​ប្រកួត​ដ៏​តានតឹង​ទល់​នឹង Atletico Madrid, Sevilla, Villarreal និង Valencia ជាដើម។ កាល​ពី​រដូវ​កាល​មុន​ក្រុម​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់ Barcelona ក៏​ត្រូវ​បាន​ក្រុម​ពាក់​កណ្តាល​តារាង​លត់​ឲ្យ​ស្គាល់​ពាក្យ​បរាជ័យ​​ក្នុង​លីគ​ផង​ដែរ ហើយ​នេះ​មិន​និយាយ​ដល់ Premier League ដែល​ជា​ក្របខ័ណ្ឌ​បាល់ទាត់​មាន​ការ​ប្រកួត​ប្រជែង​ស្វិតស្វាញ​បំផុត​ស្ទើរ​គ្រប់​ក្លឹប។

២ ចាយ​លុយ​មិន​ប្រាកដ​ថា​តែងតែ​ឈ្នះ​ឡើយ​

គ្មាន​លុយ​​ ជ័យ​ជម្នះ​មិន​អាច​ទៅ​រួច​ឡើយ ប៉ុន្តែ​ ទ្រព្យសម្បត្តិ​ក៏​មិន​អាច​ធានា​​ថា​ឈ្នះ​ដែរ សម្រាប់​បាល់ទាត់​សម័យ​ទំនើប។

មាន​ក្លឹប​ជា​ច្រើន​ដែល​បាន​ព្យាយាម​ទិញ​ខ្សែប្រយុទ្ធ​របស់​ពួកគេ ដើម្បី​ចង់​ឈ្នះ​ពាន​រង្វាន់​ក្របខ័ណ្ឌ Champions League បើ​មិន​ជឿ​ អាច​សួរ Man City ឬ PSG បាន។ មិន​មែន​តែ PSG ឡើយ​ដែល​ចាយ​លុយ​ តែ​មិន​ជោគជ័យ។

ក្រុម​យក្ស​អ៊ីតាលី Napoli កាល​ពី​ឆ្នាំ ១៩៨០ និង ដើម​ទសវត្សរ៍​ទី ៩០ ដែល​ចង់​ឈ្នះ Champions League ក៏​ធ្លាប់​បាន​យក​កំពូល​កីឡាករ Diego Maradona និង តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល Careca និង Alemao។ ដូច​គ្នា​ផង​ដែរ ក្រុម​ខ្លាំង Serie A ក្លឹប AS Roma មាន​បំណង​ចង់​ឈ្នះ​ពាន​នេះ​ដែរ ដែល​កាល​ពី​អតីត​កាល​បាន​នាំ​យក​​កំពូល​កីឡាករ Gabriel Batistuta សញ្ជាតិ​​អាហ្សង់ទីន។ ក្រោយ​មក Arsenal នៅ​ក្នុង​យុគមាស​របស់​ខ្លួន​ជាមួយ​កីឡាករ Thierry Henry។ ប៉ុន្តែ​ក្លឹប​ទាំង​នោះ​មិន​ជោគជ័យ​​បាន​លើក​ពាន Champions League ដូច​បំណង​ឡើយ។

៣ ក្លឹប​ផ្សេង​ក៏​កាន់​តែ​ខ្លាំង​ឡើង​ដែរ

ទោះ​បី​ជា​គ្មាន Neymar ក៏​ដោយ​ក៏​ក្លឹប Barcelona នៅ​តែ​ជា​ក្រុម​ខ្លាំង។ Liverpool ដែល​ទើប​បំបាក់​ PSG ជា​​ឧទាហរណ៍​ជាក់​ស្តែង​បង្ហាញ​ថា ហង្សក្រហម​នា​ពេល​បច្ចុប្បន្ន​ក៏​ស្ថិត​ក្នុង​បញ្ជី​ក្រុម​ដ៏​គ្រោះថ្នាក់​នៅ​ទ្វីប​អឺរ៉ុប។ Alexander-Arnold តែ​ម្នាក់​ឯង​អាច​រារាំង​ Mbappe និង Neymar មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ខ្សែ​ការពារ​វ័យ​ក្មេង​ដែល​កើត​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Liverpool តែង​បង្កើត​ឱកាស​ឲ្យ​ Liverpool រក​គ្រាប់​បាល់​លើ PSG។ នេះ​មិន​រាប់​ដល់ Real Madrid, Juventus, Atletico Madrid, Man City និង ក្លឹប​ខ្លាំងៗ​ផ្សេង​ទៀត​ផង។

៤ PSG គឺ​ជា​អ្វី?

ពី​រដូវ​កាល​មួយ​ទៅ​រដូវ​កាល​មួយ សំណួរ​ទាក់ទង​នឹង​ថា “PSG គឺ​ជា​អ្វី?” ពិត​ជា​មាន​សារសំខាន់​ណាស់។ PSG ជា​គម្រោង​ចៃដន្យ​សម្រាប់ Neymar? ជា​មធ្យោបាយ​ទីផ្សារ​របស់ Nike? ជា​ប្រជាប្រិយ​ការទូត​របស់​កាតា? សរុប​មក តើ​ PSG មិន​មែន​ជា​ក្លឹប​បាល់​ទាត់​ទេ​ឬ?

ប្រភព៖ theguardian | fangnapost   ប្រែ​សម្រួល៖ សុខ លាងហ៊ត