នេះហើយជាមជ្ឈមណ្ឌលការពារ សង្គ្រោះ និងអភិរក្សកេសរកូលព្រៃទី១នៅប្រទេសកម្ពុជា

  • 2018-09-23 02:40:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលដំបូងគេបង្អស់ នៅកម្ពុជា នឹងត្រូវបង្កើតឡើង ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅចុងខែតុលា ឆ្នាំ ២០១៨ នេះ។

មជ្ឈមណ្ឌលនេះ មានទីតាំងស្ថិតនៅភូមិស្រះខ្វាវ ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ស្ថិតនៅជើងភ្នំគូលែន) ដោយត្រូវបានរៀបចំឡើង ដោយអគ្គលេខាធិកាដ្ឋានអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse មានឈ្មោះថា «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន»។

ការដាក់ឈ្មោះ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» គឺដើម្បីរំឭកពីគុណបំណាច់ដ៏ថ្លៃថ្លារបស់វិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុកសាងជាតិមាតុភូមិ ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងវិស័យទេសចរណ៍កម្ពុជា។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានឱ្យដឹងថា មជ្ឈមណ្ឌលនេះនឹងក្លាយជាទីតាំង ប្រមូល ការពារ សង្គ្រោះ និងអភិរក្សប្រភេទកេសរកូលព្រៃ ដែលទទួលរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិ និងការសិក្សាស្រាវជ្រាវបន្ត។

លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បាននិងកំពុងដំណើរការសាងសង់ដំណាក់កាលដំបូង និងប្រមូលពូជកេសរកូលព្រៃពីតំបន់ភ្នំពគូលែនមកបណ្តុះ និងថែរក្សាទុកជាបណ្តើរៗ។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ពី គោលបំណងនៃការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវ​ និង​អភិរក្ស​កេសរកូល គឺដើម្បីសិក្សាស្រាវជ្រាវអំពីប្រភេទកេសរកូលព្រៃ ដែលមាននៅក្នុងប្រទេសកម្ពុជា រួម​ទាំង​ប្រភេទ​កម្រ និង​មិន​ទាន់​បាន​កំណត់​អត្តសញ្ញាណ​ អភិរក្សប្រភេទកេសរកូលព្រៃដែលមាន និងកំពុងទទួលរងគ្រោះថ្នាក់ ដើម្បីស្តារ​ឡើង​វិញទៅ​ក្នុង​ដែនជម្រកធម្មជាតិ។

មជ្ឈមណ្ឌលនេះនឹងដើរតួនាទី ក្នុងការអប់រំផ្សព្វផ្សាយដល់សិស្ស និស្សិត និងសាធារណជនឱ្យបានយល់ដឹង ចេះស្រឡាញ់​ និង​បំផុស​គំនិតឱ្យចូលរួ​មថែរក្សាការពារ និងអភិរក្សពូជកេសរកូលព្រៃ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ភ្នំគូលែនផងដែរ។

កម្ពុជាអាចចាត់ទុកជាប្រទេសមួយ ដែលសំបូរបែបនូវធនធានធម្មជាតិ និង​ជីវៈចម្រុះ ដោយក្នុងនោះប្រភេទកេសរកូលព្រៃ (អ័រគីដេ) ​​អាច​មានប្រមាណជាង៥០០ប្រភេទ ហើយ​ពូជ​ខ្លះ​ក៏​ជា​ពូជ​កម្រផងដែរ។ បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថានថា ក្នុងចំណោម​ប្រភេទ​ទាំង​នោះមាន​តែកេសរកូល​ប្រមាណ​​៣៦០​ប្រភេទ​ប៉ុណ្ណោះ ​ដែល​បាន​ធ្វើ​អត្តសញ្ញាណ​រួច។

បច្ចុប្បន្ន កេសរ​កូស​​ព្រៃ កំ​ពុង​ទទួល​រងការ​គំរាម​កំហែងតាមរយៈការជួញដូរ ​ក្នុង​រូបភាព​ផ្សេង​ទៅ​បរទេស ជា​ពិសេស​ប្រទេស​ថៃ និងវៀតណាម ប៉ុន្តែមិនទាន់មានការកត់ត្រា និង​ព័ត៌មាន​សម្អិត​ពី​ការ​ជួញដូរនេះនៅឡើយទេ។ ប្រភេទកេសរកូលសំខាន់ៗ ដែលកំពុងរងគ្រោះតាមរយៈការសិក្សាស្រាវជ្រាវបឋម មានប្រភេទកេសរកូ​សព្រៃប្រមាណ៧ប្រភេទត្រូវ​បាន​ធ្វើកំ​ណត់​ត្រា​ថ្មី សម្រាប់ប្រទេសកម្ពុជារៀងរាល់ឆ្នាំ ដោយក្នុងនោះមានប្រភេទមួយចំនួន ដែលកំពុងទទួលរងគ្រោះថ្នាក់៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទ៖ ស៊ិន សាវ៉េត