Tiki-taka របស់ Barcelona ត្រូវ​គេ​ចាប់​ខ្លេ​ជាប់​ កីឡាករ​ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​យុទ្ធសាស្ត្រ

  • 2018-09-23 07:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona កំពុងតែ​ប្តូរ​យុទ្ធសាស្រ្ត​តាម​រយៈ​ការ​ស៊ុត​បាល់​ពី​ចម្ងាយ ដែល​ការ​ស៊ុត​របៀប​នេះ​​គេ​មិន​សូវ​ប្រទះ​ឡើយ​សម្រាប់​ក្រុម​កាតាឡាន់​មួយ​នេះ ពិសេស​របៀប​លេង​ tiki-taka ដែល​ប៉ះ​បាល់​ស្អិត​សឹង​គ្មាន​គូ​ប្រជែង​ណា​អាច​ដណ្តើម​បាល់​បាន។ ប៉ុន្តែ​អ្វីៗ​តែង​ផ្លាស់ប្តូរ។

រដូវ​កាល​នេះ Barcelona រក​បាន​២០​គ្រាប់​ហើយ​គិត​មក​ទល់​ពេល​នេះ ខណៈ​ដែល​៤​គ្រាប់​​ (ស្មើ ២០% នៃ​គ្រាប់​បាល់​សរុប) ស៊ុត​នៅ​ក្រៅ​ប្រអប់។ វា​គឺ​ជា​ភាគរយ​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន។

នៅ​រដូវ​កាល​ ២០១២/១៣ ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola នៅ​ពេល​ដែល​គេ​ទទួល​ស្គាល់​ថា​ក្បាច់ tiki-taka របស់​ក្លឹប​អ្នក​មាន​បុណ្យ​ឈាន​ដល់​កម្រិត​កំពូល ពេញ​មួយ​រដូវ​កាល​ គ្រាប់​បាល់​ស៊ុត​ក្រៅ​ប្រអប់​មាន​ត្រឹម​តែ ១៥,២% ប៉ុណ្ណោះ។ នេះ​បើ​តាម Tribuna ទើប​បាន​ចុះ​ផ្សាយ។

តួលេខ​ការ​ស៊ុត​គ្រាប់​បាល់​ក្រៅ​ប្រអប់​ច្រើន​បំផុត​របស់​ Barcelona គឺ​ក្នុង​រដូវ​កាល​ ២០០៩-២០១០។ ឆ្នាំ​នោះ​ Barcelona ទាត់​បញ្ចូល​ទី​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់​បាន ២២ គ្រាប់​ក្នុង​ចំណោម​គ្រាប់​បាល់​សរុប ១២៨ គ្រាប់ ស្មើ​នឹង​ ១៧,២%។

ហេតុ​អ្វី​បាន​ជា ម្ចាស់​ក្បាច់ tiki-taka មួយ​នេះ​ប្តូរ​ទម្លាប់​មក​ស៊ុត​ក្រៅ​ប្រអប់​​យ៉ាង​ដូច​នេះ?

ប្រហែល​គូ​ប្រជែង​របស់​ Barcelona បាន​រៀន​ពី​របៀប​លេង​ tiki-taka។ បច្ចុប្បន្ន​ក្រុម​មក​ពី​ដែនដី​កាតាឡាន់​​ជួប​ការ​លំបាក​ក្នុង​ការ​លេង​ទល់​នឹង​តំបន់​ការពារ​ក៏​ក្រាស់​ឃ្មឹក​​ស្ទើរ​គ្មាន​ចន្លោះ​ទំនេរ​​។ ដូច្នេះ​កីឡាករ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ព្យាយាម​ទាត់​ពី​ចម្ងាយ។

ក្នុង​ឆ្នាំ​២០១៨​នេះ Barcelona ស៊ុត​ក្រៅ​ប្រអប់​ចំនួន​១០​គ្រាប់​ទៅ​ហើយ។ ក្នុង​នោះ នៅ​ពេល​លេង​ទល់​នឹង PSV គ្រាន់​តែ Messi ម្នាក់​ឯង ស៊ុត​​បាន​៣​គ្រាប់​ក្រៅ​ប្រអប់។

Lionel Messi ស៊ុត​បាល់​ក្រៅ​ប្រអប់​សរុប​១០០​គ្រាប់​គិត​មក​ទល់​ពេល​នេះ​ ទាំង​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ និង ក្លឹប។ ប៉ុន្តែ ៤១ គ្រាប់​នៃ​ការ​ស៊ុត​ក្រៅ​ប្រអប់​នោះ​បាន​មក​ពី​ការ​ទាត់​បាល់​ free-kick ប៉ុណ្ណោះ៕


ប្រភព៖ tribuna   ប្រែ​សម្រួល៖ សុខ លាងហ៊ត